នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានរំលាយគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់លោកកាលពីថ្ងៃចន្ទ។ នេះបើតាមមន្ត្រីអ៊ីស្រាអែលម្នាក់។ ការសម្រេចនេះត្រូវបានគេរំពឹងធ្វើឡើងបន្ទាប់ពីអតីតឧត្តមសេនីយ៍លោក Benny Gantz អ្នកនយោបាយកណ្តាលនិយមបានចាកចេញពីក្រុមនេះកាលពីសប្តាហ៍មុន។
លោក Gantz បានចូលរួមក្នុងរដ្ឋាភិបាលឯកភាពជាតិរបស់លោក Netanyahu កាលពីខែតុលានៅពេលចាប់ផ្តើមសង្គ្រាមហើយបានទាមទារឱ្យបង្កើតគណៈរដ្ឋមន្ត្រីសង្គ្រាម។ ដោយគ្មានលោក Gantz លោក Netanyahu បានរំលាយក្រុមនោះចោល។
កាលពីថ្ងៃអាទិត្យកន្លងទៅ យោធាអ៊ីស្រាអែលបានប្រកាសថា ខ្លួននឹងចាប់ផ្តើម«ការផ្អាកយុទ្ធវិធី» រយៈពេល ១១ ម៉ោង នៅក្នុងការទម្លាក់គ្រាប់បែករបស់ខ្លួនលើពួកសកម្មប្រយុទ្ធហាម៉ាស់នៅក្នុងតំបន់ហ្កាហ្សាខាងត្បូង ដើម្បីអនុញ្ញាតឱ្យបង្កើនការដឹកជញ្ជូនជំនួយមនុស្សធម៌ដើម្បីទៅដល់ជនជាតិប៉ាឡេស្ទីនដែលស្រេកឃ្លាន។
កាលពីថ្ងៃចន្ទ ការផ្អាកនេះហាក់ដូចជាត្រូវបានធ្វើឡើង ថ្វីបើមានការប្រយុទ្ធគ្នាម្តងម្កាលក៏ដោយ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
អ៊ីស្រាអែលបាននិយាយថា ការផ្អាកនៅក្នុងការវាយប្រហាររបស់ខ្លួនក្នុងតំបន់ហ្កាហ្សាខាងត្បូងនឹងបន្តសម្រាប់ថ្ងៃអនាគតដ៏ខ្លីហើយនឹងអនុញ្ញាតឱ្យឡានដឹកជំនួយទៅដល់ចំណុចឆ្លងកាត់ Kerem ដែលត្រួតត្រាដោយអ៊ីស្រាអែល ដែលជាចំណុចចេញចូលដ៏សំខាន់មួយសម្រាប់ជំនួយ។ បន្ទាប់មក រថយន្តធំៗអាចធ្វើដំណើរដោយសុវត្ថិភាពទៅកាន់ផ្លូវ Highway នៅក្បែរនោះដើម្បីដឹកជញ្ជូនម្ហូបអាហារនិងថ្នាំសង្កូវទៅកាន់ផ្នែកផ្សេងៗទៀតនៃតំបន់ហ្កាហ្សា។
«ការផ្អាកយុទ្ធវិធីនេះ» ត្រូវបានប្រកាសដោយយោធានឹងត្រូវអនុវត្តនៅចម្ងាយប្រហែល ១២ គីឡូម៉ែត្រពីផ្លូវមួយនៅក្នុងតំបន់ Rafah ក៏ប៉ុន្តែ មិនមានការឈប់បាញ់គ្នាទាំងស្រុងនៅក្នុងតំបន់ហ្កាហ្សាទេដែលសហគមន៍អន្តរជាតិ រួមទាំងសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តកំពូលរបស់អ៊ីស្រាអែលកំពុងជំរុញឱ្យអ៊ីស្រាអែលនិងក្រុមហាម៉ាស់អនុវត្ត៕
ព័ត៌មានខ្លះសម្រាប់សេចក្តីរាយការណ៍នេះដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន Reuters, Agence France-Presse និង The Associated Press។