ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​ចរចា​កំពុង​ធ្វើការ​លើ​«មាគ៌ា​ឆ្ពោះ​ទៅ​មុខ»​សម្រាប់​បទ​ឈប់​បាញ់​ក្នុង​តំបន់​ហ្កាហ្សា


ជនជាតិ​ប៉ាឡេស្ទីនម្នាក់ដើរលើផ្លូវដែល​អគារជាច្រើនត្រូវបានបំផ្លាញដោយសារសង្គ្រាម​នៅ​ទីប្រជុំជន Beit Lahia ក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។
ជនជាតិ​ប៉ាឡេស្ទីនម្នាក់ដើរលើផ្លូវដែល​អគារជាច្រើនត្រូវបានបំផ្លាញដោយសារសង្គ្រាម​នៅ​ទីប្រជុំជន Beit Lahia ក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។

សហរដ្ឋ​អាមេរិក​កំពុង​ធ្វើការ​ដើម្បី «បង្កើត​មាគ៌ា​ឆ្ពោះទៅ​មុខ​មួយ» ​ក្នុង​ការ​ធានា​ឱ្យ​មាន​នូវ​បទឈប់​បាញ់មួយស្តី​ពី​សង្គ្រាម​ក្នុង​តំបន់​ហ្កាហ្សា​ ក្រោយ​ពី​ក្រុម​ហាម៉ាស់​បានឆ្លើយតប​លើ​សំណើ​ពហុ​ដំណាក់​កាល ដោយ​មានការ​កែប្រែ​មួយ​ចំនួន​។

ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមានលោក​ Jake Sullivan​ បាន​ប្រាប់ក្រុម​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ការ​ផ្លាស់ប្តូរ​មួយ​ចំនួន​របស់​ក្រុម​ហាម៉ាស់មាន«​លក្ខណៈ​សាមញ្ញ​និង​តិចតួច​ប៉ុណ្ណោះ»​ ដែល​អាច​សម្របសម្រួល​បាន​ ខណៈការ​ផ្លាស់​ប្តូរ​មួយ​ចំនួនទៀត​មិន​មាន​លក្ខណៈស្រប​គ្នា​ ទៅ​នឹង​សំណើ​លម្អិត​ដែល​បាន​លើក​ឡើងដោយ​ប្រធានាធិបតី​ Joe Biden ឬ​ក៏​ស្របទៅ​លើ​ខ្លឹមសារដែលត្រូវ​បានគាំទ្រ​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​នោះ​ឡើយ។

លោក Sullivan បាន​និយាយ​ដោយ​ប្រយ័ត្ន​ប្រយែង​ថា ការងារចរចាដែលពាក់ព័ន្ធ​នឹង​ការ​ពិភាក្សាដោយ​ប្រយោល​ជា​មួយ​មន្ត្រីប្រទេស​អេហ្ស៊ីប​ និង​កាតា​ អាច​ចម្រើន​ទៅ​មុខ​ដោយ​ប្រើ​ពេល​ច្រើន។

ក្រុម​មន្ត្រី​អាមេរិក​បាន​និយាយ​ថា​ សំណើ​ឱ្យ​មាន​បទឈប់បាញ់​ ​ជាសំណើមួយ​របស់អ៊ីស្រាអែល​ ហើយ​លោក Sullivan បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ អ៊ីស្រាអែលគាំទ្រសំណើ​នេះ។ ​

ទន្ទឹម​នឹង​នេះ​ដែរ​ យោធា​អ៊ីស្រាអែលបាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ខ្លួន​បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​ទៅ​លើ​គោលដៅចំនួន​ ៤៥​ នៅ​ទូទាំង​តំបន់​ហ្កាហ្សា​។ ​

អ៊ីស្រាអែល​ក៏​បាន​រាយការណ៍​ពី​ប្រតិបត្តិការ​ថ្មើរជើង​និង​ការ​វាយប្រហារ​តាម​អាកាសក្នុងតំបន់​ទីក្រុង Rafah​ នៅភាគខាង​ត្បូង​តំបន់​ហ្កាហ្សា​ ក៏​ដូច​ជា​ប្រតិបត្តិការ​នៅ​ភាគ​កណ្តាល​តំបន់​ហ្កាហ្សា​ផង​ដែរ៕

អ្នកស្រី​ Nike Ching ​ប្រធាន​ការិយាល័យ​ព័ត៌មាន ​VOA ​ប្រចាំ​ក្រសួង​ការបរទេស​និង​អ្នកស្រី​ Kim Lewis ​ចូលរួម​ផ្តល់​ព័ត៌មាន​សម្រាប់​សេចក្តី​រាយការណ៍​នេះ​។ រីឯ​ព័ត៌មាន​ខ្លះ​ដកស្រង់​មក​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ Associated Press, Reuters និង​ Agence France-Presse។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG