ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន ការ​ចាក​ចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ទំនង​ជាប្រធាន​បទ​សម្រាប់​អ្នកថ្លែង​នៅអ.ស.ប

រូបឯកសារ៖ បាតុករប៉ាឡេស្ទីនលើកបុរសរងរបួសម្នាក់អំឡុងពេលប៉ះទង្គិចគ្នានៅក្នុងបាតុកម្មមួយ​នៅតំបន់ Gaza Strip កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩។

សុន្ទរកថា​កាល​ពី​ថ្ងៃ​ពុធ​ម្ស៉ិលម៉ិញ​នៅឯ​អង្គការ​សហ​ប្រជាជាតិ​ដោយ​លោក Hasan Rouhani ប្រធានា​ធិបតី​នៃ​ប្រទេស​អ៊ីរ៉ង់ ​បាន​ប្រាប់​ពួកមេដឹកនាំ​ពិភព​លោក​ថា ​នឹង​មិន​មាន​ការចរចា​ជាមួយ​សហរដ្ឋ​អាមេរិកទេ ​ដរាប​ណា​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​នៅ​ជា​ធរមាន​នោះ។

មេដឹកនាំ​ពិភពលោកបាន​ជួប​ប្រជុំ​គ្នា​នៅឯមហាសន្និបាត​អង្គការ​សហប្រជា​ជាតិ​នៅ​ក្នុង​បូរីញូយ៉កទំនង​ជាបាន​ឮនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​អំពី​ជម្លោះ​រវាង​អ៊ីស្រា​អែលនិង​ប៉ាឡេស្ទីន​នៅពេល​ដែល​ក្រុម​មន្រ្តី​មក​ពី​ភាគីទាំង២​ដល់​ពេល​ថ្លែង​សុន្ទរ​កថា​ទៅ​កាន់​មហាសន្និបាត​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សហប្រជាជាតិ។

លោក Mahmoud Abbas ប្រធានា​ធិបតី​ប៉ាឡេស្ទីនមាន​គម្រោង​ធ្វើ​សុន្ទរកថា​នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ។ នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​ដើម្បី​ព្យាយាមបង្កើត​រដ្ឋាភិបាល​បន្ទាប់​ពីការ​បោះឆ្នោត​កាល​ពី​សប្តាហ៍​មុន ដូច្នេះលោក Israel Katz រដ្ឋមន្រ្តី​ការបរទេស​អ៊ីស្រាអែលនឹង​ធ្វើ​សន្ទរកថា​នៅពេល​ថ្ងៃ​ត្រង់​ទៅកាន់​អង្គការ​សហប្រជាជាតិ។

​ភាព​មិន​ប្រាកដ​ប្រជាជុំ​វិញ​បញ្ហា​នៃ​ការ​ចាក​ចេញ​របស់​ចក្រភព​អង់គ្លេស​ចេញ​ពី​សហ ភាព​អឺរ៉ុបក៏​អាច​ស្ថិត​នៅ​លើ​របៀប​វារៈ​ដោយ​លោក Donald Tusk ​ប្រធាន​ក្រុម​ប្រឹក្សា​សហភាព​អឺរ៉ុបមាន​គម្រោងថ្លែង​សន្ទរកថា​ដែរ។ នាយករដ្ឋ​មន្រ្តី​ចក្រភព​អង់គ្លេស​លោក Boris Johnson មិន​បាន​និយាយ​អំពីការ​ចាក​ចេញ​របស់​អង់​គ្លេស​ពី​សហភាព​អឺរ៉ុបនៅ​ក្នុង​សុន្ទរកថា​ផ្ទាល់​របស់​លោក​នៅ​សប្តាហ៍​នេះ ​ហើយ​ត្រូវ​បរាជ័យ​ដោយ​តុលាការ​កំពូល​របស់​ចក្រភពអង់គ្លេស​បាន​សម្រេច​ថា ​ការ​សម្រេច​របស់​លោក​ដើម្បី​បញ្ឈប់​សភា​ជា​ការខុស​ច្បាប់។

សុន្ទរកថា​កាល​ពី​ថ្ងៃ​ពុធ​ម្ស៉ិលមិញ​នៅឯ​អង្គការ​សហ​ប្រជាជាតិ​ដោយ​លោក Hasan Rouhani ប្រធានា​ធិបតី​នៃ​ប្រទេស​អ៊ីរ៉ង់ ​បាន​ប្រាប់​ពួកមេដឹកនាំ​ពិភព​លោក​ថា ​នឹង​មិន​មាន​ការចរចា​ជាមួយ​សហរដ្ឋ​អាមេរិកទេ ​ដរាប​ណា​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​នៅ​ជា​ធរមាន​នោះ។

លោកបាន​ថ្លែង​នៅឯ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ថា «​កាល​ពីពេល​មុន ​យើង​បាន​ចរចា​នៅ​ក្រោម​ការ​ដាក់​ទណ្ឌកម្ម។ យើងនឹង​មិន​ធ្វើ​ដូច្នេះ​ម្តងទៀត​ទេ។បញ្ឈប់​ការ​ដាក់​ទណ្ឌកម្ម​ហើយ​វិលត្រឡប់​ទៅកាន់​ការ​សន្យា​របស់​អ្នក​វិញ ទើប​មាន​ការចរចា​ថ្មី»៕