មេដឹកនាំលើពិភពលោកមួយចំនួនដែលពាក់ព័ន្ធនឹងបញ្ហាភូមិសាស្ត្រនយោបាយដ៏ក្ដៅគគុកបំផុត ស្ថិតក្នុងចំណោមអ្នកដែលត្រូវថ្លែងសុន្ទរកថានៅថ្ងៃដំបូងនៃមហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងទីក្រុង New York។
បន្ទាប់ពីអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ថ្លែងសុន្ទរកថាបើកមហាសន្និបាតអង្គការសហប្រជាជាតិមក អ្នកដែលបានចូលរួមនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនេះ នឹងស្ដាប់ឭសុន្ទរកថារបស់ក្រុមមេដឹកនាំសំខាន់ៗមួយចំនួនដូចជាប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In និងប្រធានាធិបតីបារាំងលោក Emmanuel Macron។
ការថ្លែងសុន្ទរកថារបស់មេដឹកនាំទាំងនេះធ្វើឡើងមួយថ្ងៃក្រោយមក បន្ទាប់ពីយុវតីស៊ុយអែតនាង Greta Thunberg បានរិះគន់មេដឹកនាំលើពិភពលោកនៅឯកិច្ចប្រជុំអង្គការសហប្រជាជាតិ ដោយអំពាវនាវឲ្យចាត់វិធានការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ នាង Thunberg និយាយថា មនុស្សកំពុងរងគ្រោះ និងស្លាប់ដោយសារផលប៉ះពាល់ដែលបណ្ដាលមកពីការកើនឡើងកម្ដៅផែនដី ហើយមេដឹកនាំនានាបានត្រឹមតែនិយាយតែប៉ុណ្ណោះ។
យុវតីវ័យ ១៦ ឆ្នាំរូបនេះ បានព្រមានប្រធានាធិបតី និងនាយករដ្ឋមន្ត្រីជាង ៦០ នាក់ ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំរបស់មហាសន្និបាតអង្គការសហប្រជាជាតិថា យុវជននឹងមិនអនុញ្ញាតឲ្យមេដឹកនាំទាំងនេះ «រួចខ្លួន» នោះទេ។
លោក Antonio Guterres ចង់លើកឡើងពីសារៈសំខាន់នៃកិច្ចប្រជុំនេះ និងជំរុញឲ្យមេដឹកនាំនានា «បង្កើតគម្រោងជាក់លាក់» មិនមែនគ្រាន់តែ «ថ្លែងសុន្ទរកថាឲ្យបានតែល្អមើលនោះទេ»៕