យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ពួកសកម្មប្រយុទ្ធនៅក្នុងតំបន់ Gaza Strip បានបាញ់គ្រាប់កាំភ្លើងត្បាល់ ២៥ គ្រាប់ នៅថ្ងៃអង្គារនេះ សំដៅកន្លែងមួយចំនួននៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល។
សេចក្ដីប្រកាសរបស់យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ការបាញ់ផ្លោងភាគច្រើនត្រូវបានរារាំងដោយប្រព័ន្ធការពារមីស៊ីល Iron Dome ចំណែកឯគ្រាប់មួយចំនួនទៀតធ្លាក់នៅចំទីវាលមួយចំនួន។ គេមិនទាន់ឃើញមានសេចក្ដីរាយការណ៍ណាមួយអំពីអ្នករងរបួសដោយសារហេតុការណ៍នេះនៅឡើយទេ។
ភាពតានតឹងនៅតាមព្រំដែនមានកម្រិតខ្ពស់ក្នុងរយៈពេលពីរខែកន្លងមកនេះ ដោយក្នុងនោះ ជនជាតិប៉ាឡេស្ទីនបានធ្វើការតវ៉ាទាមទារមកវិញនូវសិទ្ធិត្រឡប់ទៅកាន់ទឹកដីដែលពួកគេបានរត់គេចចេញ ឬក៏ត្រូវបានបង្ខំឲ្យចាកចេញ នៅពេលដែលប្រទេសអ៊ីស្រាអែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៤៨។
អ្នកតវ៉ាក៏បានតវ៉ាប្រឆាំងនឹងការបិទតំបន់ Gaza ផងដែរ ដែលការបិទនេះបានធ្វើឡើងអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ហើយជាងនេះទៅទៀតពួកគេបានតវ៉ាប្រឆាំងនឹងការប្ដូរទីតាំងស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីស្រាអែលពីទីក្រុង Tel Aviv ទៅកាន់ទីក្រុង Jerusalem។
កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ១១៥ នាក់ នៅក្នុងការតវ៉ាកន្លងមក ដែលករណីនេះបានធ្វើឲ្យមានការរិះគន់ទៅលើការប្រើកម្លាំងរបស់អ៊ីស្រាអែល។ អ៊ីស្រាអែលបានរិះគន់ក្រុមសកម្មប្រយុទ្ធ Hamas ថាជាអ្នកបង្កអំពើហិង្សាឡើង និងបាននិយាយថា ខ្លួនធ្វើដូច្នេះគឺដើម្បីការពារព្រំដែនរបស់ខ្លួនតែប៉ុណ្ណោះ៕