រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោកAntony Blinkenបានទៅដល់ប្រទេសអ៊ីស្រាអែលនៅថ្ងៃសុក្រនេះនៅពេលដែលកងទ័ពអ៊ីស្រាអែលបានឡោមព័ទ្ធទីក្រុងហ្កាហ្សា។ អ្នកការទូតកំពូលសហរដ្ឋអាមេរិករូបនេះត្រូវគេរំពឹងថានឹងដាក់សម្ពាធលើរដ្ឋាភិបាលអ៊ីស្រាអែលឱ្យបញ្ឈប់ការវាយប្រហារនៅក្នុងតំបន់ហ្កាហ្សាដើម្បីឱ្យជំនួយមនុស្សធម៌អាចចូលទៅក្នុងតំបន់នោះ។
លោកBlinkenបានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahuនិងសមាជិកគណៈរដ្ឋមន្ត្រីផ្សេងទៀតនៅថ្ងៃសុក្រនេះ។
ដំណើរទស្សនកិច្ចនេះកើតមានឡើងនៅពេលដែលកងទ័ពថ្មើជើងរបស់អ៊ីស្រាអែលបានព័ទ្ធជុំវិញទីក្រុងហ្កាហ្សា នៅពេលដែលមានការខំប្រឹងប្រែងខាងការទូតដើម្បីធ្វើឱ្យមានការបញ្ឈប់ការប្រយុទ្ធគ្នារយៈពេលខ្លីជាមួយពួកសកម្មប្រយុទ្ធហាម៉ាស់និងវិបត្តិមនុស្សធម៌ដ៏អាក្រក់នៅក្នុងតំបន់ហ្កាហ្សា។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោកJoe Biden កាលពីថ្ងៃពុធបានជំរុញឱ្យមាន«ការផ្អាកប្រយុទ្ធដើម្បីផ្នែកមនុស្សធម៌»។ លោកថ្លែងថា៖ «ការផ្អាកនេះមានន័យថាផ្តល់ពេលវេលាដើម្បីយកពួកអ្នកទោសចេញពីទីនោះ។ ផ្តល់ពេលវេលា»។
ពួកជ្រុលនិយមហាម៉ាស់បានចាប់ចំណាប់ខ្មាំងជាង២៤០នាក់ក្នុងអំឡុងនៃការវាយប្រហារថ្ងៃទី៧ ខែតុលាលើអ៊ីស្រាអែលដែលបានសម្លាប់មនុស្សជាង១.៤០០នាក់។ អ៊ីស្រាអែលបានប្រកាសសង្គ្រាមលើពួកហាម៉ាស់បន្ទាប់ពីការវាយប្រហារនោះហើយបានទម្លាក់គ្រាប់បែកជាប្រចាំលើតំបន់ហ្កាហ្សាបានសម្លាប់ជនជាតិប៉ាឡេស្ទីនរាប់ពាន់នាក់។
ក្រសួងសុខាភិបាលប៉ាឡេស្ទីនដែលគ្រប់គ្រងដោយក្រុមហាម៉ាស់និយាយថាចំនួនមនុស្សស្លាប់នៅក្នុងតំបន់នោះមានលើសពី៩០០០នាក់។
ក្រុមជនជាតិបរទេសលើកដំបូងដែលបានជាប់គាំងនៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមមកបានចាប់ផ្តើមចូលក្នុងប្រទេសអេហ្ស៊ីបកាលពីថ្ងៃពុធ។ មនុស្សកាន់តែច្រើនទៀតបានចាកចេញកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
លោកប្រធានាធិបតី Bidenបាននិយាយនៅក្នុងអំឡុងពេលនៃជំនួបនៅការិយាល័យ ក្នុងសេតវិមានជាមួយប្រធានាធិបតីប្រទេសDominican Republicលោក Luis Abinaderថាពលរដ្ឋអាមេរិកាំងចំនួន៧៤នាក់ដែលមានសញ្ជាតិ២បានត្រូវជម្លៀសចេញកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក John Kirbyបានប្រាប់ពួកអ្នកយកព័ត៌មានថាជនជាតិអាមេរិកាំង៥នាក់ទៀតបានចាកចេញពីចំណុចព្រំដែនRafahកាលពីថ្ងៃពុធ។
លោកបានប៉ាន់ស្មានថាមានពលរដ្ឋអាមេរិកាំងដែលមានសញ្ជាតិ២និងអ្នកមានសិទ្ធិរស់នៅស្របច្បាប់នៅអាមេរិកនិងក្រុមគ្រួសាររបស់ពួកគេពីរវាង១.០០០ទៅ១.២០០នាក់ស្ថិតនៅក្នុងតំបន់ហ្កាហ្សា៕
អ្នកស្រីMargaret Besheer អ្នករាយការណ៍ឱ្យវីអូអេនៅអង្គការសហប្រជាជាតិបានផ្តល់សេចក្តីរាយការណ៍នេះ។ ហើយព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, Reuters និង AFP។