ស្ត្រីជនជាតិអ៊ីស្រាអែល (Israel) ម្នាក់ត្រូវបានចាក់សម្លាប់ហើយអ្នកវាយប្រហារជនជាតិ ប៉ាលេស្ទីន (Palestine) បីនាក់ទៀតត្រូវបានស្លាប់ក្នុងឧប្បទវហេតុមួយបន្តបន្ទាប់គ្នាកាលពីថ្ងៃអាទិត្យនៅតំបន់ West Bank ដែលកាន់កាប់ដោយ អ៊ីស្រាអែល។
ស្ត្រីអាយុ២១ឆ្នាំម្នាក់ត្រូវបានចាក់សម្លាប់ជាច្រើនដងចំក្បាលនិងដើមទ្រូងនៅពេលដែលជនជាតិ ប៉ាលេស្ទីន ម្នាក់បានវាយប្រហារនាងនៅមុនពេលគាត់បានត្រូវបាញ់សម្លាប់ដោយពួកទាហានដែលនៅជិតនោះ តាមការប្រាប់ឱ្យដឹងពីក្រុមយោធា។
នៅក្នុងការវាយប្រហារមួយមុននេះ ពួកយោធាបាននិយាយថាមានស្ត្រីម្នាក់បានដកកាំបិតមួយចេញ នៅឯក្លោងទ្វារចូលរបស់មូលដ្ឋានយោធាមួយកន្លែងហើយបានចាប់ផ្តើមដើរសំដៅរកជនស៊ីវិល។ អ្នករស់នៅក្នុងតំបន់ West Bank ម្នាក់បាននិយាយថាគាត់បានបើកឡានចេញពីផ្លូវហើយបុកស្ត្រីម្នាក់នោះ។ បន្ទាប់មក ទាហានម្នាក់ក៏បានបាញ់សម្លាប់នាង។
កំណើនអំពើហិង្សាតាមផ្លូវចំនួន៨សប្តាហ៍មកហើយនេះបានធ្វើឲ្យមានឧបសគ្គដល់ប្រព័ន្ធសន្តិសុខនៃប្រទេស អ៊ីស្រាអែល ហើយបានធ្វើឱ្យមានការភ្ញាក់ផ្អើល ដល់សហរដ្ឋអាមេរិក ដែលលោករដ្ឋមន្ត្រីការបរទេស John Kerry នឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចក្នុងតំបន់នោះនៅសប្តាហ៍នេះ។
កំឡុងពេលពីរខែកន្លងទៅនេះ ជនជាតិប៉ាលេស្ទីន៨៣នាក់ត្រូវបានសម្លាប់ ដែលមួយចំនួនត្រូវបានសម្លាប់នៅពេលកំពុងធ្វើការវាយប្រហារ ហើយខ្លះទៀតបានបាត់បង់ជីវិតនៅក្នុងការប៉ះទង្គិចជាមួយកងកម្លាំង អ៊ីស្រាអែល ចំណែកឯជនជាតិ អ៊ីស្រាអែល ១៩នាក់ទៀតនិងនិស្សិតជនជាតិអាមេរិកម្នាក់ត្រូវបានសម្លាប់ដោយសារការចាក់ ការបាញ់កាំភ្លើងនិងការបើកឡានបុកពីជនជាតិប៉ាលេស្ទីន៕