អ៊ីស្រាអែល​​​​​វាយប្រហារ​​​រូង​ក្រោម​ដី​​​នៅ​ពេល​​ពង្រីក​​កិច្ច​ប្រតិបត្តិការថ្មើរជើង

កងទ័ពអ៊ីស្រាអែល​្តរៀម​ខ្លួន​នៅ​ក្បែរ​ព្រំដែន​អ៊ីស្រាអែល​ហ្កាហ្សាកាលពីថ្ងៃសៅរ៍​ទី​២៨​ឆ្នាំ២០២៣

ពួក​មន្ត្រី​យោធាបាន​និយាយកាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ថាកង​យន្ត ហោះ​ចម្បាំង​អ៊ីស្រាអែលបាន​ទម្លាក់​គ្រាប់បែកលើរូង​ក្រោមដី​និង​លេនដ្ឋាន​ក្រោម​ដី​របស់ពួក​ហាម៉ាស់នៅ​ប៉ែក​ខាង​ជើង​នៃ​តំបន់ហ្កាហ្សា។ នេះ​ជា​សញ្ញា​បង្ហាញ​ការវាយ លុក​លើ​ដី​និង​តាមអាកាសដើម្បី​កម្ទេចក្រុម​ជន​សកម្មប្រយុទ្ធ​ហាម៉ាស់ដែល​គ្រប់គ្រង​ហ្កាហ្សា​នៅ​ក្រោយ​ក្រុម​នេះ​បានធ្វើការ​វាយប្រហារ​ដ៏​ប្រល័យ​ក្នុង​ប៉ែក​ខាង​ត្បូងអ៊ីស្រាអែលកាល​ពី​បី​សប្តាហ៍​មុន​នេះ។ ចំណែកឯ​មហាសន្និបាត​អ.ស.ប.វិញបាន​អំពាវនាវ​ឱ្យមានការឈប់បាញ់​គ្នា​ខាងមនុស្សធម៌រវាង​អ៊ីស្រាអេល​និង​ហាម៉ាស់ដើម្បី​ជួយ​ជនស៊ីវីល​ហ្កាហ្សា​ដែល​ត្រូវ​ឡោមព័ទ្ធ។

កងកម្លាំង​ការពារអ៊ីស្រាអែលបាននិយាយថា​កងយន្តហោះប្រតិកម្មប្រយុទ្ធបាន​វាយ ប្រហារទីដៅ​ក្រោមដី​រាប់សិប​និងបាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍សំខាន់ៗ​ បណ្តាល​ឱ្យជិត​គ្មានព័ត៌មាន​និង​នាំ​ឱ្យ​អ្នក​ស្រុក​តំបន់​ហ្កាហ្សា​ប្រមាណ២លាន៣សែន​នាក់​មិន​អាច​ទាក់ទងនឹង​ប្រទេស​ក្រៅ​បាន។

លោកឧត្តមនាវី Daniel Hagari បាននិយាយ​ប្រាប់​សន្និសីទកាសែតតាម​ទូរទស្សន៍​កាលពី​យប់​ថ្ងៃសុក្រ​ថា«​បន្ថែមលើ​ការវាយប្រហារ​កាល​ពី​ពីរបី​ថ្ងៃមុននេះ កង​កម្លាំង​ថ្មើរជើងបានពង្រីក​កិច្ច​ប្រតិបត្តិការ​របស់​ពួក​គេ​នៅ​យប់នេះ»។ លោក​បាននិយាយបន្ថែម​ថា​កងទ័ពអាកាសបានគ្រោងធ្វើការវាយ​ប្រហារ​លើ​រូងក្រោមដីនិង​ហេដ្ឋា​រចនា សម្ព័ន្ធឯ​ទៀតៗ។

អត្ថាធិប្បាយ​របស់លោក Hagari បាននាំឱ្យ​មាន​សំណួរថា​តើ​ការលុកលុយថ្មើរជើង​ក្នុង​តំបន់​ហ្កាហ្សា​ដែលត្រូវ​រង់ចាំយូរមក​ហើយ​បាន​ចាប់ផ្តើម​ធ្វើឬទេ។

កងកម្លាំងការពារ​អ៊ីស្រាអែល​ IDF បាន​ប៉ុស្តតាម X ដែលពីមុន​ជា ​Twitter​ថា៖​«កាល​ពី​យប់មិញ កង​យន្តហោះ​ប្រតិកម្ម​ប្រយុទ្ធ​នៃ​កងកម្លាំង IDF បានវាយប្រហារ​លើ​ឈ្មោះ Asem Abu Rakaba ដែល​ជា​ប្រធានផ្នែកពហុ​អង់តែន​របស់​ពួក​ហាម៉ាស់ ដោយបង្ហាញ​ថា​ពួកគេ​ប្រហែលបានសម្លាប់ប្រធាន​ផ្នែក​អាកាសរបស់ក្រុម​ជន​សកម្មប្រយុទ្ធ​នេះ។

ការចុះផ្សាយ​នេះបាន​បន្តថា«ឈ្មោះ Abu Rakaba មាន​ការទទួលខុសត្រូវ​ដល់ UAVs ដ្រូន ឆ័ត្រយោងសំកាំង ការស្ទាក់​និង​ការការពារខាង​អាកាស​របស់​ក្រុម​ហាម៉ាស់។ ជន​នោះបានចូលរួមក្នុងការចាត់ចែង​ការសម្លាប់​រង្គាល​កាលពី​ថ្ងៃទី​៧តុលា​និង​បាន​បញ្ជាក្រុមភេរវជន​ដែល​បានជ្រៀតចូល​ក្នុង​អ៊ីស្រាអែល​ដោយ​ប្រើ​ឆ័ត្រយោងសំកាំង និងជា​អ្នក​ទទួលខុសត្រូវ​ដល់​ការវាយប្រហារ​ដោយ​ដ្រូន​លើ​ប៉ុស្តិ៍​នៃ​កងកម្លាំង IDF»។

អ្នកនាំ​ពាក្យ​សន្តិសុខ​ជាតិ​សេតវិមាន​លោក John Kirby ​បាននិយាយថា​លោក​បាន​ឃើញ​របាយការណ៍អំពីអ៊ីស្រាអែល​ពង្រីកកិ​ច្ច​ប្រតិបត្តិការ​ថ្មើរ​ជើងនៅ​តំបន់​ហ្កាហ្សា​ហើយ តែ​លោក​មិន​អធិប្បាយអំពី​រឿងនេះទេ។

អ៊ីស្រាអែល​បាន​ប្រមូល​ទាហាន​បម្រុង​និងកង​ទាហាន​សកម្ម៣សែននាក់​នៅ​ខាង​ក្រៅ​តំបន់​ហ្កាហ្សាដោយ​ប្រុងប្រៀប​សម្រាប់​ការលុកលុយ​ប្រឆាំង​នឹងក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់។

អ៊ីស្រាអែលបាន​ធ្វើ​ការវាយ​ប្រហារ​តាម​អាកាស​លើ​តំបន់​ហ្កាហ្សា​តាំង​ពី​មានការវាយ​ប្រហារដ៏ប្រល័យ​កាលពីថ្ងៃទី៧តុលារបស់​ពួក​ហាម៉ាស់លើអ៊ីស្រាអែលបណ្តាលឱ្យ​មនុស្ស​ប្រមាណ១ពាន់៤រយ​នាក់​ស្លាប់ មានរួមកុមារ​និង​បាន​ចាប់​ចំណាប់​ខ្មាំងជាង​២រយនាក់ផងដែរ។

លោក Kirby បានថ្លែងថាសហរដ្ឋ​អាមេរិកគាំទ្រការផ្អាកសកម្មភាព​យោធាអ៊ីស្រាអែលមួយ​រយៈក្នុង​តំបន់​ហ្កាហ្សាដើម្បី​ឱ្យមាន​ការដឹកជញ្ជូនជំនួយ​មនុស្សធម៌ ប្រេងឥន្ធនៈនិងអគ្គិសនីទៅ​ឱ្យ​ជន​ស៊ីវីល​នៅ​ទី​នោះ​និង​ជា​ផ្នែក​មួយ​នៃការ​ប្រឹងប្រែង ប្រសិន​បើ​អាចធ្វើ​បាន ដើម្បី​យក​ចំណាប់​ខ្មាំង​ជាង​២រយនាក់ដែលពួក​ហាម៉ាស់​បាន​ចាប់ពង្រត់​ឱ្យ​បាន​ចេញពី​ហ្កាហ្សា។

កាលពី​ព្រឹក​ថ្ងៃ​សុក្រ ក្រុម​ហ៊ុន​សេវា​ទូរសព្ទ​ប៉ាឡេស្ទីន Jawwal បាននិយាយ​ថា​សេវា​ទូរសព្ទដៃ ទូរសព្ទ​មានខ្សែ​ក្នុង​ផ្ទះ​និង​ប្រព័ន្ធអ៊ិនធឺណិត បានត្រូវកាត់ផ្តាច់​ដោយ​ការ ទម្លាក់​គ្រាប់​បែកដ៏​ខ្លាំងក្លា។ ការកាត់ផ្តាច់សេវាទាំង​នេះបណ្តាលឱ្យគេ​មិនអាចដឹងជា​បន្ទាន់​អំពីចំនួន​មនុស្ស​ស្លាប់ដោយសារការវាយ​ប្រហារ​នេះ​និង​អំពីសេចក្តីលម្អិតនៃការលុកលុយ​នេះបានទេ។ ទូរសព្ទ​ប្រើ​ផ្កាយ​រណប​ខ្លះ​នៅមាន​ដំណើរការ។

សេចក្តី​ថ្លែងការណ៍​មួយរបស់អង្គការ​អឌ្ឍចន្ទ​ក្រហម​ប៉ាឡេស្ទីនបាន​និយាយថាខ្លួន​គ្មានការទាក់ទង​ទាំង​ស្រុង​ជា​មួយ​បន្ទប់​ប្រតិបត្តិការ​របស់ខ្លួន​នៅ​ហ្កាហ្សា​និងក្រុម​របស់​ខ្លួន​ដែល​ធ្វើ​ប្រតិបត្តិការនៅ​នឹងកន្លែង​ទេ។

ការបោះឆ្នោត​របស់មហា​សន្និបាត​អង្គការ​សហប្រជាជាតិកាលពី​ថ្ងៃសុក្រ មហា​សន្និបាត​អ.ស.ប.​បាន​អំពាវនាវដោយសំឡេង​ភាគ​ច្រើន​បំផុតឱ្យ មាន​ការឈប់បាញ់គ្នាខាង​មនុស្សធម៌ជា​បន្ទាន់រវាង​អ៊ីស្រាអែលនិងពួក​ជនសកម្ម​ប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់​និងទាមទារ​ឱ្យមាន​ការបញ្ជូនជំនួយ​ឱ្យបានទៅ​ដល់​តំបន់​ហ្កាហ្សា​ត្រូវ​ឡោមព័ទ្ធ​និង​ឱ្យ​មាន​ការការពារ​ជន​ស៊ីវិល​ផង​ដែរ។

សេចក្តី​សម្រេចចិត្ត​នេះព្រាង​ដោយពួក​រដ្ឋ​អារ៉ាប់​ត្រូវបាន​អនុម័តដោយមាន​សំឡេង​គាំទ្រ១២០។ ចំណែកឯប្រទេស៤៥បាន​បោះឆ្នោត​អនុប្បវាទនិង​ប្រទេស​១៤​ទៀត​មានរួម​អ៊ីស្រាអែល​និង​សហរដ្ឋ​អាមេរិក​ផងបាន​បោះឆ្នោត​ជំទាស់។ មហាសន្និបាត​អ.ស.ប.​បាន​បោះឆ្នោត​ក្រោយ​ពីក្រុមប្រឹក្សា​សន្តិសុខគ្មានជោគជ័យ​ក្នុង​ការចាត់វិធាន ការបួន​ដងកាលពី​ពីរសប្តាហ៍​មុននេះ។ អ៊ីស្រាអែលបានហៅ​សេចក្តីសម្រេចចិត្ត​នេះ​របស់​អ.ស.ប.ថា​ជា«ភាព​អាម៉ាស់»។

អ៊ីស្រាអែលបាន​ច្រានចោលការអំពាវនាវឱ្យមានការឈប់បាញ់គ្នា​បណ្តោះ​អាសន្នមួយនៅ​ហ្កាហ្សា។ សហគមន៍​អន្តរជាតិ​មានការ​រំខាន​ដោយ​ស្ថានភាព​ធ្ងន់ធ្ងរ​ជាង​មុន​សម្រាប់មនុស្ស២លាន៣សែននាក់ជាប់គាំង​នៅ​ក្រោម​ការវាយប្រហារ​តាមអាកាស​ខ្លាំងក្លា​ដែល​អ៊ីស្រាអែលមិន​ធ្លាប់​ធ្វើ​ខ្លាំង​បែប​នេះ​ក្នុង​តំបន់​ជាប់​នឹងសមុទ្រម៉េឌីទែរ៉ា ណេ​នេះ​។

លោក Lior Haiat អ្នកនាំ​ពាក្យក្រសួង​ការបរទេស​អ៊ីស្រាអែល​បាននិយាយ​កាល​ពីថ្ងៃ​សុក្រ​ថា​«អ៊ីស្រាអែល​ជំទាស់​នឹង​ការផ្អាកការប្រយុទ្ធគ្នាខាងមនុស្សធម៌ឬ​ការឈប់​បាញ់​គ្នានៅពេល​នេះ»។ ចំណែក​ឯ​មន្ត្រី​ជាន់ខ្ពស់​អ៊ីស្រាអែល​ម្នាក់​បាន​ថ្លែង​ថាការអំពាវនាវ​ឱ្យមាន​ការផ្អាក​ការប្រយុទ្ធ​គ្នា​ហាក់ដូចជា«មិនស្មោះត្រង់»។

ពួក​ហាម៉ាស់បាន​ស្វាគមន៍ការអំពាវនាវរបស់​មហាសន្និបាត​អ.ស.ប.​ឱ្យមាន​ការ​ឈប់​បាញ់គ្នាខាងមនុស្សធម៌។

កាល​ពី​យប់​ថ្ងៃសុក្រ សមាជិកជាន់​ខ្ពស់ម្នាក់នៃ​ការិយាល័យ​នយោបាយ​របស់ពួក​ហា ម៉ាស់លោក Ezzat al-Rishaq បាន​និយាយថាក្រុម​ហាម៉ាស់បានប្រុងប្រៀប​ស្រេច​ហើយ​សម្រាប់​ការលុកលុយ​របស់អ៊ីស្រាអែល​ក្នុង​តំបន់ហ្កាហ្សា។ លោក​បាននិយាយ​តាមបណ្តាញ​សង្គម Telegram ថា«ប្រសិន​បើ លោក​ Netanyahu សម្រេច​ចូល​ក្នុង​តំបន់​ហ្កាហ្សា​យប់នេះ ការតស៊ូ​ប្រុង​ប្រៀប​ស្រេច​ហើយ»។

ពួក​មន្ត្រី​អ៊ីស្រាអែល​បាន​ប្តេជ្ញាធ្វើឱ្យ​ប្រាកដ​ប្រជា​ថា​ពួក​ហាម៉ាស់​មិនអាច​ធ្វើ​ការវាយ​ប្រហារ​គំរាម​កំហែងអ៊ីស្រាអែលក្រោយ​ការសម្លាប់​រង្គាល​របស់ពួក​គេកាលពី​ថ្ងៃទី៧​តុលា​បាន​ទៀតទេ»។

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដក​ស្រង់​ពីទីភ្នាក់ងារ​ព័ត៌មានAP, Reuters និង AFP

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ