នាវាយោធាជើងទឹកអ៊ីស្រាអែលបានចាប់ទូកមានដាក់ទង់ជាតិស៊ុយអែតមួយគ្រឿងដែលដឹកពួកសកម្មជនដែលព្យាយាមលួចឆ្លងចូលទៅក្នុងតំបន់ Gaza កាន់កាប់ដោយប៉ាឡេស្ទីន។
កងយោធាអ៊ីស្រាអែលបានឲ្យដឹងថា ទូកដែលមានឈ្មោះថា «សេរីភាពសម្រាប់ Gaza» ត្រូវបានចាប់ស្របតាមច្បាប់អន្តរជាតិ។
អ្នកដំណើរទាំង១២នាក់ដែលត្រូវបានចាប់ខ្លួនលើទូកនោះ មកពីប្រទេសស៊ុយអែត ចក្រភពអង់គ្លេស កាណាដា បារាំង អល្លឺម៉ង់ និង អេស៉្បាញ ហើយថាពួកគេនឹងត្រូវបញ្ជូនខ្លួនទៅប្រទេសរបស់ពួកគេវិញ នេះបើតាមសម្តីរបស់អ្នកនាំពាក្យអាជ្ញាធរអន្តោប្រវេសន៍អ៊ីស្រាអែល។
អ្នករៀបចំការធ្វើដំណើរតាមទូកនេះ ដែលមានឈ្មោះថា ក្រុមនាវាស៊ុយអែតទៅតំបន់Gaza បាននិយាយថា ទូកនោះដឹកឧបករណ៍ពេទ្យភាគច្រើន ហើយបានទទូចថាខ្លួនត្រូវបានគេចាប់ក្នុងទឹកសមុទ្រអន្តរជាតិដោយខុសច្បាប់។
កងយោធាអ៊ីស្រាអែលបាននិយាយថា ទូកនោះបានបំពានលើច្បាប់«រារាំងនាវាស្របតាមច្បាប់» ហើយថាឧបករណ៍មនុស្សធម៌ទាំងឡាយ អាចដឹកទៅកាន់តំបន់ Gaza តាមកំពង់ផែ Ashdod។
នៅដើមសប្តាហ៍នេះ នាវាអ៊ីស្រាអែលបានស្ទាក់កប៉ាល់ពួកសកម្មជនដែលមានដោតទង់ជាតិប្រទេសន័រវែសមួយគ្រឿង និងកប៉ាល់មួយគ្រឿងក្នុងចំណោមកប៉ាល់៤គ្រឿងដែលបានចាកចេញពីតំបន់ស្កង់ឌីណាវីកាលពីពាក់កណ្តាលខែឧសភា៕