អ៊ីស្រាអែលបានច្រានចោលសេចក្តីសម្រេចរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេបើកការស៊ើបអង្កេតថា តើអ៊ីស្រាអែលបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅតំបន់ Gaza Strip ឬយ៉ាងណា។ រដ្ឋអាជ្ញាបាននិយាយថា អ្នកស្រីក៏ប្រហែលជានឹងស៊ើបអង្កេតក្រុម Hamas ដែលគ្រប់គ្រងតំបន់ Gaza ផងដែរ។ អ៊ីស្រាអែលនិយាយថា តុលាការព្រហ្មទណ្ឌអន្តរជាតិគ្មានយុត្តាធិការទេ ពីព្រោះប៉ាឡេស្ទីនមិនមែនជារដ្ឋ។
អគ្គរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិបាននិយាយថា លោកស្រីជឿជាក់ថាមានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីបើកការស៊ើបអង្កេតថា តើអ៊ីស្រាអែលបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅតំបន់ West Bank ភាគខាងកើត Jerusalem និងតំបន់ Gaza Strip ឬយ៉ាងណា។
ការសម្រេចរបស់អ្នកស្រី Fatou Bensouda នេះធ្វើឡើងបន្ទាប់ពីមានការស៊ើបអង្កេតអស់រយៈពេលជាង៤ឆ្នាំ បន្ទាប់ពីមានការស្នើសុំរបស់ប៉ាឡេស្ទីនឲ្យស៊ើបអង្កេតអំពើរបស់អ៊ីស្រាអែល។
អ្នកស្រីនិយាយថា «ដោយសង្ខេបខ្ញុំពេញចិត្តព្រោះទី១៖ ឧក្រិដ្ឋកម្មសង្រ្គាមត្រូវបានប្រព្រឹត្តនៅតំបន់ West Bank នៅក្រុង Jerusalem ខាងកើតនិង Gaza Strip។ ទីពីរសំណុំរឿងដែលអាចកើតចេញពីស្ថានការណ៍នេះអាចយកជាសាច់ការបាន ហើយទីបីគឺគ្មានហេតុផលដែលអាចជឿជាក់ថា ការស៊ើបអង្កេតបែបនេះនឹងមិនបម្រើផលប្រយោជន៍យុត្តិធម៌នោះទេ»។
ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានស្វាគមន៍ការសម្រេចនេះ។ លោកបាននិយាយថា វាជាថ្ងៃដ៏អស្ចារ្យមួយ ហើយ វាមានន័យថា តុលាការនឹងចាប់ផ្តើមទទួលយកសំណើរបស់ប៉ាឡេស្ទីនដើម្បីកាត់ទោសមន្ត្រីនយោបាយនិងយោធាអ៊ីស្រាអែល។
អ្នកនាំពាក្យរបស់ក្រុម Hamas ក៏បានស្វាគមន៍ការសម្រេចនេះដែរ ដោយធ្វើមិនដឹងអំពី សេចក្តីសម្រេចមួយផ្នែករបស់អ្នកស្រី Bensouda ដែលថា អ្នកស្រីចង់ស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមរបស់ក្រុម Hamas ផងដែរ។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្រតិកម្មយ៉ាងខ្លាំងចំពោះការសម្រេចនេះ ដោយនិយាយថា នេះជាថ្ងៃងងឹតសម្រាប់សេចក្តីពិតនិងយុត្តិធម៌៕