កងកម្លាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់លើជំរំជនភៀសខ្លួនមួយ ក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃសុក្រ ក្រោយពីបានធ្វើការវាយប្រហារតាមអាកាសទៅលើសាលារៀនរបស់អង្គការសហប្រជាជាតិនៅទីនោះរួចមក ខណៈដែលសង្គ្រាម ដែលបង្កឡើងដោយក្រុមហាម៉ាស់វាយប្រហារទៅលើអ៊ីស្រាអែលដែលមិនធ្លាប់មានក្នុងពេលកន្លងមក បានចូលដល់ខែទី ៩ ហើយនោះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ជម្លោះនេះបានសម្លាប់មនុស្សអស់ជាច្រើនពាន់នាក់ បំផ្លាញទីកន្លែងជាច្រើនក្នុងតំបន់ហ្កាហ្សា និងធ្វើឱ្យមនុស្សភាគច្រើនបំផុតក្នុងចំណោមពលរដ្ឋ ២លាន ៤សែននាក់ ដែលធ្លាប់រស់នៅក្នុងតំបន់នេះ ផ្លាស់ទីលំនៅ និងធ្វើឱ្យពួកគេស្ថិតក្នុងស្ថានភាពប្រឈមនឹងហានិភ័យនៃភាពអត់ឃ្លានផងដែរ។
កិច្ចប្រឹងប្រែងដើម្បីសម្របសម្រួលឱ្យមានបទឈប់បាញ់ជាលើកដំបូង ចាប់តាំងពីមានបទឈប់បាញ់រយៈពេល ១សប្តាហ៍ កាលពីខែវិច្ឆិកាកន្លងទៅ ហាក់ដូចជានៅជាប់គាំង គឺមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Joe Biden បានផ្តល់សំណើឱ្យមានផែនទីផ្លូវថ្មីមួយ។
ក្រុមហាម៉ាស់នៅមិនទាន់ឆ្លើយតបទៅនឹងសំណើថ្មីរបស់លោក Biden នេះនៅឡើយទេ ខណៈភាគីអ៊ីស្រាអែលវិញ បានបង្ហាញជំហបើកចំហរលើការពិភាក្សាគ្នា ប៉ុន្តែនៅតែតាំងចិត្តទៅលើគោលបំណងរបស់ខ្លួន ដើម្បីកម្ទេចយុទ្ធជនអ៊ិស្លាមប៉ាឡេស្ទីនឱ្យរលត់រលាយ។
មន្ទីរពេទ្យ Al-Aqsa Martyrs ក្នុងជំរំជនភៀសខ្លួន Deir al-Balah នៅភាគកណ្តាលលតំបន់ហ្កាហ្សាបាននិយាយថា មានមនុស្សយ៉ាងហោចណាស់ក៏ ៣៧ នាក់ដែរ បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសមួយរបស់អ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ លើសាលារៀនមួយរបស់អង្គការសហប្រជាជាតិ នៅក្នុងជំរំជនភៀសខ្លួន Nuseirat។
យោធាអ៊ីស្រាអែលនិយាយថា យន្តហោះចម្បាំងរបស់ខ្លួនបានសម្លាប់ភេរវជនចំនួន ៩ នាក់នៅក្នុងថ្នាក់រៀន ៣ ដែលមានយុទ្ធជនហាម៉ាស់ប្រមាណ ៣០ នាក់ និងក្រុមជីហាដអ៊ិស្លាមកំពុងលាក់ខ្លួននៅទីនោះ។
ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ដែលហៅកាត់ថា UNRWA បាននិយាយថា ពលរដ្ឋផ្លាស់ទីលំនៅក្នុងតំបន់ហ្កាហ្សារាប់រយនាក់ កំពុងជ្រកពួននៅក្នុងសាលារៀននោះហើយការវាយប្រហារលើទីតាំងនេះគ្មានការព្រមានជាមុននោះឡើយ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានពណ៌នាការវាយប្រហារនោះថា ជារឿងដ៏«រន្ធត់មួយ» ខណៈអ្នកនាំពាក្យក្រសួងការបរទេសអេហ្ស៊ីបលោក Ahmed Abu Zeid បានថ្កោលទោសអ្វីដែលលោកហៅថាជាការ «ទម្លាក់គ្រាប់បែកដោយចេតនាលើសាលារៀនរបស់អង្គការសហប្រជាជាតិនេះ»៕