ប្រទេសអ៊ីស្រាអែលបានបើកការវាយប្រហារថ្មីដោយការទម្លាក់គ្រាប់បែកលើក្រុមសកម្មប្រយុទ្ធហាម៉ាស់ (Hamas) កាលពីថ្ងៃអាទិត្យ។ មន្ត្រីសុខាភិបាលបាននិយាយថា មនុស្សយ៉ាងតិច ៣៥ នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុងហ្កាហ្សា (Gaza) ហើយគ្មានសញ្ញាណាមួយដែលបង្ហាញថាការប្រយុទ្ធគ្នានេះនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះនៅពេលដែលឆ្នាំថ្មី ឆ្នាំ ២០២៤ ចូលមកដល់នោះទេ។
កងទ័ពអ៊ីស្រាអែលបានវាយប្រហារលើផ្នែកភាគកណ្ដាលនៃតំបន់ហ្កាហ្សា ហើយក៏ធ្វើប្រតិបត្តិការវាយប្រហារនៅក្នុងទីក្រុង Khan Younis ដែលជាទីក្រុងធំជាងគេបង្អស់ទីពីរនៅក្នុងភាគខាងត្បូងនៃតំបន់នេះជិតព្រំដែនជាប់ប្រទេសអេហ្ស៊ីបផងដែរ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានព្យាករណ៍កាលពីថ្ងៃសៅរ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែលនេះដែលបង្កឡើងដោយការវាយប្រហារដ៏ភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលាឆ្នាំមុន នឹងបន្តរយៈពេល «ជាច្រើនខែ» ទោះបីជាមានការអំពាវ នាវកើនឡើងពីអន្តរជាតិឱ្យមានកិច្ចឈប់បាញ់គ្នាក៏ដោយ។
ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បានបញ្ជាក់ថា សាកសព ១៨ នាក់ត្រូវបានរកឃើញនៅក្នុងការទម្លាក់គ្រាប់បែកលើទីក្រុងហ្កាហ្សាកាលពីយប់មិញ ដោយសាកសពជាច្រើនទៀតត្រូវគេជឿថាបានកប់នៅក្រោមគំនរបាក់បែក។
យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនបានសម្លាប់សត្រូវប្រហែល ១២ នាក់ នៅក្នុងសមរភូមិផ្លូវគោកជាច្រើននិងនៅក្នុងការវាយប្រហារតាមអាកាសនិងការវាយប្រហារដោយរថក្រោះ។ យោធានេះបានបន្ថែមថា ខ្លួនបានរកឃើញផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស់បន្ថែមទៀតនិងគ្រាប់ផ្ទុះដែលបង្កប់នៅក្នុងសាលាមត្តេយ្យមួយកន្លែង។
ស្របពេលដែលសង្គ្រាមនេះឈានចូលជិត ៣ ខែពេញ មនុស្សប្រហែល ៨៥% នៃប្រជាជនសរុបចំនួន ២ លាន ៣ សែននាក់ នៅក្នុងតំបន់ហ្កាហ្សាត្រូវបានបង្ខំខ្លួនគេចចេញពីផ្ទះសម្បែង។ នេះបើយោងតាមអង្គការសហប្រជាជាតិ។ អង្គការសហប្រជាជាតិបានព្រមានអំពីហានិភ័យកើនឡើងនៃភាពអត់ឃ្លាននិងជំងឺនៅពេលដែលក្រុមគ្រួសារដ៏អស់សង្ឃឹមនានាជ្រកកោននៅក្នុងតង់បណ្ដោះ អាសន្នការពារពីធាតុអាកាសត្រជាក់ក្នុងរដូវរងា។
លោក Netanyahu បាននិយាយនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃសៅរ៍ថា តំបន់ព្រំដែនរវាងតំបន់ហ្កាហ្សានិងប្រទេសអេហ្ស៊ីបគួរតែស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែលដើម្បីធានាថាតំបន់នោះគ្មានយោធា៕