ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការបាញ់ផ្លោងដ៏ប្រល័យរបស់អ៊ីស្រាអែលត្រូវបានរាយការណ៍នៅជិតមន្ទីរពេទ្យហ្កាហ្សា


កុមារ​ប៉ាឡេស្ទីនម្នាក់​យំសោក​នៅ​ក្បែរ​សាកសព​សាច់ញាតិ​ដែល​ត្រូវបាន​សម្លាប់​ដោយ​សារការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល នៅមន្ទីរពេទ្យ Nasser ក្នុងទីក្រុង Khan Younis ភាគខាង​ត្បូងតំបន់​ហ្កាហ្សា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។
កុមារ​ប៉ាឡេស្ទីនម្នាក់​យំសោក​នៅ​ក្បែរ​សាកសព​សាច់ញាតិ​ដែល​ត្រូវបាន​សម្លាប់​ដោយ​សារការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល នៅមន្ទីរពេទ្យ Nasser ក្នុងទីក្រុង Khan Younis ភាគខាង​ត្បូងតំបន់​ហ្កាហ្សា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។

ការបាញ់​ផ្លោង​របស់​អ៊ីស្រាអែល​នៅ​ជិត​មន្ទីរពេទ្យ​ភាគ​ខាង​ត្បូងតំបន់​ហ្កាហ្សាក្នុង​រយៈ ពេល​ពីរ​ថ្ងៃ​កន្លង​ទៅ​នេះ​បាន​សម្លាប់​មនុស្សចំនួន​ ១៤ ​នាក់។ នេះ​បើ​តាម​ការឱ្យ​ដឹង​របស់​អង្គការ​កាកបាទ​ក្រហម​ប៉ាឡេស្ទីន​ ក្រោយពី​កងកម្លាំង​អ៊ីស្រាអែល​បានបង្កើន​ការវាយ​ប្រហារ​លើ​តំបន់​កណ្តាល​និងភាគ​ខាង​ត្បូង​នៃ​ដែន​ដីដែល​កំពុងត្រូវ​បាន​ឡោមព័ទ្ធ​មួយ​នេះ។ នេះបើ​យោងលើ​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​សារព័ត៌មាន AFP។

ការិយាល័យ​មនុស្ស​ធម៌​អង្គការ​សហប្រជាជាតិឱ្យដឹងនៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ជនភៀស​ខ្លួន​ប្រមាណ ១សែន​នាក់បន្ថែម​ទៀត​ បាន​មក​ដល់​ទីក្រុង​ព្រំដែន Rafah ​នៅ​ភាគខាង​ត្បូង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ​ដែល​មាន​មនុស្ស​ច្រើន​ពេញ​ហូរហៀរ​រួច​ទៅ​ហើយ​ ក្រោយ​ពី​មាន​ការប្រយុទ្ធគ្នា​ដ៏​ខ្លាំងក្លា​នៅ​ជុំវិញទីក្រុង Deir al-Balah និង​ទីក្រុង Khan Yunis។

ការហូរ​ជន​ភៀសខ្លួន​បន្ថែម​ទៀត​នេះ​កើត​មាន​ឡើង ខណៈ​ដែល​ក្រុម​មន្ត្រី​អេហ្ស៊ីបកំពុងរៀបចំទទួលគណៈប្រតិភូ​ជាន់​ខ្ពស់​របស់​ក្រុម​ហាម៉ាស់​នៅក្នុង​រដ្ឋធានី​គែ​ នៅ​ថ្ងៃសុក្រនេះ ​ដើម្បី​ពិភាក្សាអំពី​សំណើ​ថ្មី​មួយ​ក្នុង​គោលបំណងដើម្បី​បញ្ចប់សង្រ្គាម​ដែល​មាន​រយៈពេល​ជិត ៣ ​ខែ​នេះ និង​ដែល​ធ្វើ​ឱ្យ​តំបន់​ហ្កាហ្សា​ខ្ទេចខ្ទាំ​ដ៏​ខ្លាំង។

អង្គការ​អឌ្ឍចន្ទ​ក្រហម​ប៉ាឡេស្ទីន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ថ្កោលទោសទៅ​លើ​អ្វី​ ដែល​ខ្លួន​និយាយ​ថា​ជា​ការ​បាញ់ផ្លោង​របស់អ៊ីស្រាអែល ​នៅ​ជិតមន្ទីរពេទ្យ Al-Amal ក្នុង​ទីក្រុង Khan Yunis ​ដែល​ធ្វើ​ឱ្យ​មនុស្ស ១០ ​នាក់ ​ស្លាប់ ​និង​របួស​យ៉ាង​ហោច​ណាស់​ក៏ ​២១​ នាក់​ផង​ដែរ។ អង្គការ​នេះ​បន្ថែម​ទៀត​ថា​ ​ការវាយប្រហារ​រនះកើត​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​មាន​គ្រាប់ផ្លោង​មួយ​គ្រាប់​ធ្លាក់​ចំ​ពីមុខ​មន្ទីរពេទ្យ​ ដែល​បាន​សម្លាប់​មនុស្ស​ ៣១ ​នាក់។

ក្នុង​ថ្ងៃ​នោះ​ដែរ​ ក្រសួង​សុខាភិបាលដែល​គ្រប់គ្រង​ដោយ​ក្រុមហាម៉ាស់ក្នុង​តំបន់​ហ្កា ហ្សា​និយាយ​ថា​ ការបាញ់​ផ្លោង​របស់អ៊ីស្រាអែល បាន​សម្លាប់​មនុស្ស ២០ នាក់ ​ដែល​ភាគ​ច្រើនជាស្ត្រី​និង​កុមារ​ នៅ​ក្នុង​ជំរំ Shaboura ក្នុង​ទីក្រុង Rafah នៅ​ជិត​ព្រំដែន​ភាគខាង​ត្បូងជាប់​ប្រទេស​អេហ្ស៊ីប។

រូប​ភាព​របស់ទី​ភ្នាក់ងារព័ត៌មាន AFP បាន​បង្ហាញពី​ក្រុម​មនុស្ស​ដែលមាន​ឈាម​ពេញ​ខ្លួន​ត្រូវ​បាន​ប្រញាប់ប្រញាល់​បញ្ចូនតាម​ផ្លូវទៅកាន់មន្ទីរពេទ្យ​គុយវ៉ែត ​ដែល​ស្ថិត​នៅ​ក្បែរនោះ ដែល​មាន​ក្រុម​គ្រូពេទ្យ​កំពុង​ខ្នះខ្នែង​ជួយ​សង្គ្រោះ​អ្នក​ជំងឺ​ដែល​កំពុង​រងរបួស​ ដែល​ក្នុង​នោះ​ក៏​មាន​កុមារ​ផង​ដែរ។ ទី​ភ្នាក់ងារ​ព័ត៌មាន AFP ​មិន​អា​ចធ្វើ​ការ​បញ្ជាក់​ភ្លាមៗ​បាន​ទេ ​ថា​តើ​ពួក​គេ​ជា​ក្រុម​ជន​រងគ្រោះ​ដោយ​ការ​វាយប្រហារ​តែ​មួយឬ​យ៉ាង​ណានោះ៕

XS
SM
MD
LG