ស្របពេលដែលរដ្ឋាភិបាលអ៊ីស្រាអែលដឹកនាំដោយនាយករដ្ឋមន្ត្រី Benjamin Netanyahu កំពុងពង្រីកការវាយប្រហារនៅតំបន់ហ្កាហ្សា ការគំរាមកំហែងសងសឹករបស់អ៊ីរ៉ង់ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសដែលបានសម្លាប់មន្ត្រីយោធាជាន់ខ្ពស់មួយរូបនិងការវាយប្រហារពីសំណាក់ក្រុមនានាដែលគាំទ្រដោយអ៊ីរ៉ង់នៅតំបន់នេះអាចធ្វើឲ្យសង្គ្រាមផ្ទុះឡើងពេញទំហឹង។ វាជាហានិភ័យមួយដែលប្រធានា ធិបតីសហរដ្ឋអាមេរិកលោក Joe Biden មិនអាចទប់ស្កាត់បាន ខណៈពេលដែលលោកកំពុងប្រឹងប្រែងសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤។
កាលពីថ្ងៃទី២៦ ខែធ្នូ រដ្ឋាភិបាលក្រុងតេហេរ៉ង់បានប្ដេជ្ញាសងសឹកចំពោះអ្វីដែលខ្លួនបានហៅថាជាការធ្វើឃាតលោក Seyed Razi Mousavi នៅក្នុងប្រទេសស៊ីរីដែលជាទីប្រឹក្សាជាន់ខ្ពស់នៃកងកម្លាំងឆ្មាំបដិវត្តន៍ឥស្លាម។
លោក Mousavi ត្រូវបានរាយការណ៍ថាមានជាប់ពាក់ព័ន្ធនឹងការផ្គត់ផ្គង់អាវុធទៅឱ្យក្រុម Hezbollah ដែលជាក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសលីបង់និងស៊ីរី។ ក្រុមនេះបានបង្កើនការវាយប្រហារនៅតាមព្រំដែនភាគខាងជើងនៃប្រទេសអ៊ីស្រា អែលដើម្បីបង្ហាញពីសាមគ្គីភាពរបស់ពួកជាមួយនឹងពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។ អ៊ីស្រាអែលមិនបានអះអាងថាពួកគេជាអ្នកនៅពីក្រោយការសម្លាប់លោក Mousavi នេះទេ។
សេតវិមានមិនបានឆ្លើយតបទៅនឹងសំណួររបស់វីអូអេអំពីថាតើអ៊ីស្រាអែលបានជូនដំណឹងដល់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មុនពេលបើកការវាយប្រហារតាមអាកាសដែលសម្លាប់លោក Mousavi ឬថាតើរដ្ឋបាលសហរដ្ឋអមេរិកនៅតែជឿថាសង្គ្រាមនៅហ្កាហ្សាអាចទប់ស្កាត់កុំឲ្យរាលដាលបន្តទៅទៀតឬយ៉ាងណា។
ជម្លោះកំពុងរាលដាលកាន់តែធំ
ភ្លាមៗបន្ទាប់ពីសង្គ្រាមនៅហ្កាហ្សាបានផ្ទុះឡើង សហរដ្ឋអាមេរិកបានបញ្ជូនសម្ភារៈយោធាទៅកាន់តំបន់មជ្ឈិមបូព៌ាដើម្បីឲ្យរដ្ឋាភិបាលកំញ៉ើញរដ្ឋាភិបាលក្រុងតេហេរ៉ង់ និងដៃគូនិងជាសារប្រាប់ទៅពួកគេកុំឲ្យលូកដៃចូលក្នុងជម្លោះនេះ។ ទោះយ៉ាងណាក៏ដោយ មានសញ្ញាបង្ហាញថាជម្លោះនេះកំពុងរីករាលដាលនៅជុំវិញតំបន់នេះ។
កាលពីថ្ងៃទី២៥ ខែធ្នូកន្លងទៅ លោកប្រធានាធិបតី Bidenបានចេញបទបញ្ជាឲ្យបើកការវាយប្រហារដែល«ចាំបាច់និងមានសមាមាត្រ»ទៅលើក្រុមKataib Hezbollah ដែលជាក្រុមជីវពលគាំទ្រដោយអ៊ីរ៉ងនៅក្នុងប្រទេសអ៊ីរ៉ាក់ដើម្បីឆ្លើយតបទៅនឹងការ វាយប្រហារដោយប្រើដ្រូនដែលបណ្ដាលឲ្យទាហានអាមេរិកាំងរងរបួសនៅមូលដ្ឋានយោធាអាមេរិកក្នុងទីក្រុង Irbilប៉ែកខាងជើងនៃប្រទេសអ៊ីរ៉ាក់។
រដ្ឋាភិបាលអ៊ីរ៉ាក់បានថ្កោលទោសការវាយប្រហាររបស់អាមេរិក ដោយចាត់ទុកថាជា«ទង្វើបង្កអរិភាព»និងជាការរំលោភបំពានទៅលើអធិបតេយ្យភាពរបស់ខ្លួន។ ប៉ុន្តែ អ្នកវិភាគយល់ថា លោក បៃដិន គ្មានជម្រើសអ្វីក្រៅពីការឆ្លើយតបបែបនេះទេ ពីព្រោះអាមេរិកមានទ័ពប្រហែល៣ពាន់៥រយនាក់នៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរីដែលស្ថិតនៅក្នុងខ្សែបន្ទាត់នៃការវាយប្រហារ។
កាលពីថ្ងៃទី២៦ ខែធ្នូ ក្រុមកងជីវពល Houthi ដែលគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសយេ ម៉ែនដែលគេហៅម្យាងទៀតថាជាក្រុម Ansar Allah បានអះអាងទទួលខុសត្រូវទៅលើការវាយប្រហារដោយកាំជ្រួចមីស៊ីលទៅលើកប៉ាល់ដឹកកុងតឺន័រនៅក្នុងសមុទ្រក្រហម។ នេះជាការវាយប្រហារថ្មីៗបំផុតទៅលើការដឹកជញ្ជូនតាមកប៉ាល់នៅលើសាកលោកដែលបានធ្វើឡើងនៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ ការណ៍នេះបានជំរុញឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបង្កើតសម្ព័ន្ធកងទ័ពជើងទឹកពហុ ជាតិដើម្បីយាមល្បាតផ្លូវទឹកនានា។
ការរាលដាលនៃជម្លោះដែលមិនអាចចៀសផុតបាននៅពេលដែលក្រុមនានាដែលគាំ ទ្រដោយអ៊ីរ៉ង់កំពុងប្រជែងគ្នាដើម្បីបង្ហាញការគាំទ្ររបស់ពួកគេដល់ក្រុមហាម៉ាស់។ នេះបើតាមការលើកឡើងរបស់លោក Michael Knights អ្នកស្រាវជ្រាវនៅវិទ្យាស្ថានវ៉ាស៊ីនតោនដែលបានសិក្សាអំពីក្រុមជីវពលនានាគាំទ្រដោយអ៊ីរ៉ងនៅប្រទេសអ៊ីរ៉ាក់និងស៊ីរី។
លោកបានថ្លែងប្រាប់វីអូអេថា៖ «តួអង្គខ្លះនៃសម្ព័ន្ធភាពប្រឆាំងនឹងអ៊ីស្រាអែលនិងរដ្ឋាភិ បាលក្រុងវ៉ាស៊ីនតោនដូចជាក្រុម Houthi ជាដើម កំពុងព្យាយាមបង្ហាញថាពួកគេពលីដើម្បីហេតុផលនេះជាងក្រុមឯទៀតៗនៅក្នុងប្រទេសអ៊ីរ៉ាក់ លីបង់ និងស៊ីរី»។ សម្ព័ន្ធ ភាពតស៊ូនេះសំដៅទៅលើក្រុមនានានៅក្នុងតំបន់នេះដែលរណបខាងយោធានិងនយោបាយរបស់អ៊ីរ៉ង់។
លោកបន្តថា៖ «សមុទ្រក្រហមគឺជាក្ដីបារម្ភយ៉ាងពិតប្រាកដ ពីព្រោះក្រុម Houthi គឺជាក្រុមដែលមិនងាយរាងចាល ដោយសារតែគ្មានភាគីណាមួយចង់រំខានដល់ដំណើរការស្វែងរកសន្តិភាពរបស់រ៉ាប៊ីសាអូឌីត»។
ចាប់តាំងពីឆ្នាំ២០២២ អារ៉ាប៊ីសាអូឌីតនិងក្រុមឧទ្ទាម Houthi នៅប្រទេសយេម៉ែនបានចរចាស្វែងរកការឈប់បាញ់គ្នាជាអចិន្ត្រៃយ៍មួយដើម្បីបញ្ចប់សង្គ្រាមរវាងពួកគេទាំងពីរដែលមានរយៈពេល៨ឆ្នាំមកហើយ។
ហានិភ័យនៃការកើតសង្គ្រាមរវាងអ៊ីស្រាអែលនិងលីបង់
ចាប់តាំងពីជម្លោះនៅតំបន់ហ្កាហ្សាបានកើតឡើង អ៊ីស្រាអែលបានជាប់ដៃធ្វើសង្គ្រាមយ៉ាងខ្លាំងនៅតាមព្រំដែនជាមួយនឹងក្រុម Hezbollah នៅប្រទេសលីបង់។
អ្នកស្រី Elisheva Machlis ជាសាស្ត្រាចារ្យផ្នែកការសិក្សាអំពីតំបន់មជ្ឈិមបូព៌ានៅសាកលវិទ្យាល័យ Bar- Ilan ថ្លែងថា៖ «ស្ថានភាពបែបនេះគឺហៀបមានសង្គ្រាមហើយ»។
ពលរដ្ឋអ៊ីស្រាអែលរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញពីទីក្រុងជាប់ព្រំដែនដោយសារតែភ័យខ្លាចការវាយប្រហាររបស់ក្រុម Hezbollah។ អ្នកស្រី Machlis ថ្លែងប្រាប់វីអូអេថា វាជាស្ថានភាពមួយដែលមិនអាចអត់ធ្មត់បាន ហើយអាចធ្វើឲ្យមតិសាធារណៈភាគច្រើនគាំទ្រការពង្រីកសង្គ្រាមឆ្ពោះទៅទិសខាងជើង។
រដ្ឋាភិបាលលោក Netanyahu បានថ្លែងថា សកម្មភាពយោធានៅតែបន្តធ្វើ ដើម្បីធានាបានថា ពលរដ្ឋអ៊ីស្រាអែលអាចត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ។
ហានិភ័យនៃការកើតសង្គ្រាមរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់
លោក Omar Rahman ជាអ្នកស្រាវជ្រាវនៅក្រុមប្រឹក្សាមជ្ឈិមបូព៌ាស្ដីពីបញ្ហាសាកល។ លោកថ្លែងថា៖ «ការណ៍ដែលអ៊ីស្រាអែលសម្រេចចិត្តធ្វើឃាតសមាជិកយោធាអ៊ីរ៉ង់ជាន់ខ្ពស់នៅទីក្រុងដាម៉ាស់ប្រទេសស៊ីរីគឺជាការបង្កហេតុដ៏ធំមួយ»។
លោកបន្ថែមថា៖ «រហូតមកទល់ពេលនេះ អ៊ីរ៉ងមិនបានជាប់ពាក់ព័ន្ធផ្ទាល់នៅក្នុងជម្លោះនេះទេ ប៉ុន្តែ ប្រសិនបើមេបញ្ជាការរបស់ពួកគេត្រូវបានធ្វើឃាតបែបនេះ វាអាចធ្វើឲ្យអ៊ីរ៉ង់ពិបាកបន្តរក្សាគោលជំហរអត់ធ្មត់របស់ពួកគេ»។
អ៊ីស្រាអែលមិនបានទទួលស្គាល់ ឬ ច្រានចោលការជាប់ពាក់ព័ន្ធរបស់ខ្លួនក្នុងការស្លាប់របស់លោក Mousavi ទេ។
លោក Trita Parsi ជាអនុប្រធានប្រតិបត្តិនៃក្រុមសិក្សាស្រាវជ្រាវនៃវិទ្យាស្ថាន Quincy Institute for Responsible Statecraft មានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីតោនដែលតស៊ូមតិឱ្យគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។
លោកថ្លែងថាប្រសិនបើអ៊ីស្រាអែលស្ថិតនៅពីក្រោយការសម្លាប់នេះ វាជាចម្ងល់ថាតើ អ៊ីស្រាអែលធ្វើបែបនេះដើម្បីឱ្យរដ្ឋាភិបាលក្រុងតេហេរ៉ង់ញញើតឬមួយចាក់ឱ្យអ៊ីរ៉ង់ឆ្លើយតបធ្វើជាលេសមួយសម្រាប់អ៊ីស្រាអែលពង្រីកសង្គ្រាម។
លោក Yoav Gallant រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបានទទួលស្គាល់ថាប្រទេសរបស់លោកកំពុងស្ថិតនៅក្នុង«សង្គ្រាមដែលមានច្រើនក្រុម» និងស្ថិតក្រោមការវាយ ប្រហារពីភាគីគំរាមកំហែងចំនួន៧ រួមមានទាំងនៅតំបន់ហ្កាហ្សា តំបន់West Bank ប្រទេសលីបង់ ស៊ីរី អ៊ីរ៉ាក់ យេម៉ែននិងអ៊ីរ៉ង។
ការដាក់សម្ពាធលើអ៊ីស្រាអែល
ខណៈដែលលោកប្រធានាធិបតី Joe Biden កំពុងប្រឹងប្រែងសម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០២៤ ការស្ទាបស្ទង់មតិបង្ហាញថាពលរដ្ឋអាមេរិកាំងភាគច្រើនមិនយល់ស្របនឹងវិធានការរបស់លោកសម្រាប់តំបន់ហ្កាហ្សាទេ ដែលការណ៍នេះធ្វើឲ្យលោកទំនងជាព្យាយាមបញ្ចៀសសង្គ្រាមកុំឲ្យរាលដាលកាន់តែខ្លាំង។ រដ្ឋបាលលោក Biden បានលើកទឹកចិត្តឱ្យអ៊ីស្រាអែលមានការអត់ធ្មត់ចំពោះការវាយប្រហារពីលីបង់។
សម្រាប់តំបន់ហ្កាហ្សា សហរដ្ឋអាមេរិកបានអំពាវនាវជាសាធារណៈនិងជាបន្ទាន់ឱ្យអ៊ីស្រាអែលផ្លាស់ប្ដូរជំហរឆ្ពោះទៅរកដំណាក់សង្គ្រាមមួយដែលមានកំណត់និង ដំណាក់កាលវះកាត់ព្យាបាល។ យ៉ាងណាក៏ដោយ ការវាយប្រហាររបស់អ៊ីស្រាអែល បានកើនឡើងកាន់តែខ្លាំង។ ចាប់តាំងពីយប់ថ្ងៃបុណ្យណូអែលមក ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនរាប់រយនាក់ដែលភាគច្រើនស្ថិតនៅក្នុងជំរំជនភៀសខ្លួន។
គណបក្ស Likud បានផ្សព្វផ្សាយសាររបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu កាលពីថ្ងៃទី២៥ ខែធ្នូថា៖ «យើងកំពុងពង្រីកការវាយប្រហារបន្ថែមទៀតនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ»។
កាលពីថ្ងៃទី២៦ ខែធ្នូ សហរដ្ឋអាមេរិកនៅតែបន្តដាក់សម្ពាធលើអ៊ីស្រាអែល នៅពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងលោក Jake Sullivan ដែលជាទីប្រឹក្សាសន្តិសុខជាតិអាមេរិកបានជួបជាមួយលោក Ron Dermer រដ្ឋមន្ត្រីកិច្ចការយុទ្ធសាស្ត្រអ៊ីស្រាអែលនៅរដ្ឋធានីវ៉ាស៊ីនតោន។ មន្ត្រីសេតវិមានបានប្រាប់វីអូអេថានៅក្នុងជំនួបនោះ មានការពិភាក្សាអំពីបញ្ហានៅតំបន់ហ្កាហ្សា ដោយផ្ដោតលើការផ្លាស់ប្ដូរទៅកាន់ដំណាក់កាលថ្មីនៃសង្គ្រាមដើម្បីផ្ដោតគោលដៅសំខាន់ទៅលើក្រុមហាម៉ាស់និងវិធានការជាក់ស្ដែងដើម្បីធ្វើឲ្យប្រសើរឡើងដល់ស្ថានភាពមនុស្សធម៌ និងកាត់បន្ថយការគ្រោះថ្នាក់លើជនស៊ីវិលឱ្យនៅទាបបំផុត។
នេះជាជំនួបថ្មីៗបំផុតរបស់ជំនួយការជាន់ខ្ពស់លោកBidenក្នុងទំនាក់ទំនងការទូតរយៈពេលមួយខែជាមួយភាគីពាក់ព័ន្ធនៅតំបន់នេះដើម្បីជំរុញឲ្យមានការបញ្ជូនជំនួយបន្ថែមទៀតទៅតំបន់ហ្កាហ្សា និងដើម្បីទទួលបានកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ទោះបីជាអាមេរិកបន្តផ្ដល់ជំនួយយោធានិងគាំទ្រផ្នែកការទូតសម្រាប់អ៊ីស្រា អែលក៏ដោយ។
នៅឯអង្គការសហប្រជាជាតិ អ្នកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហ រដ្ឋអាមេរិកបានធ្វើការជាមួយរដ្ឋអារ៉ាប់មួយចំនួនដើម្បីរៀបចំពាក្យពេចន៍សម្រាប់សេច ក្ដីសម្រេចមួយស្ដីអំពីការឈប់បាញ់បណ្ដោះអាសន្ន និងយន្តការផ្ដល់ជំនួយមនុស្សធម៌។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអាចនឹងប្រកាន់ជំហរអនុបវាទដើម្បីអនុញ្ញាតឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចេញសេចក្ដីសម្រេចនេះ។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែលនិយាយថា ប្រសិនមានបទឈប់បាញ់នៅពេលនេះ វាអាចឲ្យក្រុមហាម៉ាស់កសាងកម្លាំងពួកគេឡើងវិញ។
ចាប់តាំងពីថ្ងៃទី៩ ខែតុលា ការវាយប្រហារតាមយន្តហោះនិងនៅលើដីបានសម្លាប់មនុស្សជិត២ម៉ឺន១ពាន់នាក់នៅតំបន់ហ្កាហ្សា។ នេះបើតាមអាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា។ ការវាយប្រហាររបស់ក្រុមហាម៉ាស់ទៅលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា បានសម្លាប់មនុស្ស១ពាន់២រយនាក់។ អំពើហិង្សានេះគឺជាព្រឹត្តិការណ៍បង្ហូរឈាមធ្ងន់ធ្ងរមួយនៃជម្លោះទឹកដីដែលកើតឡើងជាច្រើនទសវត្សរ៍មកហើយរវាងពលរដ្ឋអ៊ីស្រាអែលនិងប៉ាឡេស្ទីន៕
ប្រែសម្រួលដោយលោក នៀម ឆេង