ប្រទេស​អ៊ីស្រាអែល​ត្រៀម​បោះឆ្នោត​លើកទី​៣​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ

បុរស​ម្នាក់លើក​ស្លាក​សរសេរ​ថា«Netanyahu៖ strong right» ដើរហែក្បួន​អំឡុង​បាតុកម្ម​គាំទ្រ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu ក្នុង​ទីក្រុង​យេរូសាឡឹម កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ២០១៩។

ប្រទេស​អ៊ីស្រាអែល​ត្រៀម​បោះឆ្នោត​លើកទី​៣​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ។​ការបោះឆ្នោតថ្មីកើតឡើង​ នៅ​ពេល​ដែល​លោក​នាយក​រដ្ឋមន្រ្តី​ Benjamin Netanyahu ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពីបទ​ពុក​រលួយ​ជា​បន្តបន្ទាប់​ និង​បន្ទាប់ពី​គណបក្សធំៗ​ ទាំង​ពីរ​មិន​បាន​ព្រម​ព្រៀងរួម​កម្លាំង​គ្នា។​

លោក Yuli Edelstein ​ប្រធាន​រដ្ឋសភា​អ៊ីស្រាអែល​ បាន​ប្រកាស​ថា សភាបាន​បោះឆ្នោតសម្រេច​រៀបចំ​ការ​បោះឆ្នោតថ្មី។​

នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល​ដែលរឿង​បែប​នេះបានកើតឡើង ​ហើយ​ដោយ​សារ​តែ​គណបក្ស ​Likud របស់​លោក​នាយក​រដ្ឋមន្រ្តី​ Benjamin Netanyahu និង​គណបក្ស​ខៀវស​របស់​លោក​ Benny Gantz ​អតីត​ប្រធានខុទ្ទកាល័យ​មិន​អាច​រួមគ្នា​បង្កើត​រដ្ឋាភិបាល​ដោយ​សំឡេង​ភាគ​ច្រើន។ ​ចាប់​តាំងពី​ការ​បោះឆ្នោត​ចុង​ក្រោយ​នៅ​ខែកញ្ញា​ ​លោក​ Reuven Rivlin ប្រធានសភាបាន​ជំរុញ​ឱ្យ​មាន​រដ្ឋាភិបាល​បង្រួបបង្រួម​រវាង​គណបក្ស​ទាំង​ពីរ។

វិទ្យុអ៊ីស្រាអែល​បានចាក់បទចំរៀងមួយដែលមាន​ឈ្មោះថា​«ខ្ញុំមិនអាចធ្វើអ្វីបានទេ» ​ហើយ​បន្ទាប់មក​ដកស្រង់សម្តីថ្មីៗ​របស់​លោក Rivlin។ ​លោក​មានប្រសាសន៍ថា« ខ្ញុំ​សូម​ប្រាប់​ឲ្យ​គណបក្ស​ Likud និង​គណបក្ស​ខៀវស ​ថា ប្រជាជនមិនចង់​មានការបោះឆ្នោតទៀតទេ» ។

ការចរចា​មិនអាច​សម្រេច​បាន​ថា​ តើអ្នកណានឹងក្លាយជានាយករដ្ឋមន្រ្តីមុនគេ ហើយរយៈពេលប៉ុន្មាន។ ​ក្នុងពេលជាមួយគ្នានេះ ក៏​មិនមាន​គណបក្ស​ធំៗណា​មួយ​នៃ​គណបក្ស​ ទាំងពីរ​មាន​អាសនៈចំនួន​៦១​អាសនៈ​នៅក្នុង​សភា​ចំនួន​១២០​អាសនៈនោះ​ដែរ៕​