អ៊ីស្រាអែលបាញ់ត្រូវគោលដៅផ្សេងៗនៅទូទាំងតំបន់ហ្កាហ្សា ខណៈក្រុមហាម៉ាស់ ថាការវាយប្រហារលើតំបន់ Khan Younis មិនធ្វើឱ្យខូចខាតកិច្ចចរចាឈប់បាញ់ទេ

ទិដ្ឋភាពនៃ​ការ​បំផ្លិចបំផ្លាញ​ក្រោយការ​វាយប្រហារ​របស់​អ៊ីស្រាអែល​លើ​គេហដ្ឋាន​មួយ នៅតំបន់ Deir Al-Balah ភាគកណ្តាល​តំបន់​ហ្កាហ្សា នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។

យោធា​អ៊ីស្រាអែល​បាន​និយាយ​កាលពី​ថ្ងៃចន្ទ​ថា ខ្លួន​បាន​វាយប្រហារ​តាម​យន្តហោះ ​នៅ​ទូទាំង​តំបន់​ហ្កាហ្សា ​ជាច្រើន​ថ្ងៃក្រោយ​ការវាយប្រហារ​របស់​អ៊ីស្រាអែល ​សំដៅ​លើ​មេដឹកនាំ​ហាម៉ាស់​នៅ​ភាគ​ខាងត្បូង​តំបន់​ហ្កាហ្សា ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ ៩០​ នាក់។

កងកម្លាំង​ការពារ​អ៊ីស្រាអែល ​ក៏​បាន​រាយការណ៍​អំពី​ប្រតិបត្តិការ​ជើងគោក​ផង​ដែរ​ នៅ​ភាគ​កណ្តាល​ និង​ភាគ​ខាងត្បូង​នៃ​តំបន់​ហ្កាហ្សា ​ទៅលើ​អ្វី​ដែល​យោធា​អ៊ីស្រាអែល​ ហៅថា​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ភេរវកម្ម ​និង​កងជីវពល​ដែល​កំពុងតែ​រៀបចំ​ធ្វើ​ការវាយប្រហារ​លើ​កងកម្លាំង​អ៊ីស្រាអែល។

គេ​មិនទាន់​ដឹង​នៅឡើយ ​នៅ​ថ្ងៃចន្ទ ​អំពី​ជោគវាសនា​មេដឹកនាំ​យោធា​របស់​ក្រុមហាម៉ាស់​ Mohammed Deif ​ក្រោយ​ការវាយប្រហារ​តាម​យន្តហោះ​របស់​អ៊ីស្រាអែល ​នៅ​តំបន់ Khan Younis។

ក្រុមមន្ត្រី​ហាម៉ាស់ ​ប្រកែក​ថា​លោក Deif ​មិន​បាន​ស្លាប់​នៅក្នុង​ការវាយ​ប្រហារ​នោះ ​ដោយ​មិនបាន​បង្ហាញ​ភស្តុតាង​ឡើយ។

ក្រុមហាម៉ាស់​ក៏​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ដែរ​ថា ​ខ្លួន​នឹង​មិន​ដកខ្លួន​ចេញ​ពី​កិច្ចចរចា​ឈប់បាញ់​ ដោយសារ​ការវាយប្រហារ​លើ​តំបន់ ​Khan Younis ​ទេ។

ប្រទេស​អេហ្ស៊ីប​ កាតា ​និង ​សហរដ្ឋ​អាមេរិក ​កំពុង​ព្យាយាម​ជួយ​រក​កិច្ចព្រមព្រៀង​ឈប់បាញ់​មួយ​ ប៉ុន្តែ​មិនទាន់​បានសម្រេច​កិច្ចព្រមព្រៀង​ថ្មី​មួយ ​ដែល​មាន​រួម​ការឈប់​បាញ់គ្នា ​និង​ដោះលែង​ចំណាប់​ខ្មាំង ​ដែល​ក្រុមហាម៉ាស់​ចាប់ខ្លួន​នៅ​តំបន់​ហ្កាហ្សា៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្តី​រាយការណ៍​នេះ​ផ្តល់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​Associated Press, Agence France-Presse និង​ Reuters។