រដ្ឋមន្ត្រី​សន្តិសុខ​ជាតិ​អ៊ីស្រាអែល​ថា បទឈប់បាញ់​ណាមួយ​នៅ​លីបង់​គឺជា «កំហុស​ដ៏​ធំ»

រដ្ឋមន្ត្រី​សន្តិសុខ​ជាតិ​ស្ដាំ​និយម​ជ្រុល​របស់​អ៊ីស្រាអែល​លោក Itamar Ben Gvir ស្រែកនៅ​ក្នុង​ពិធីបើក​កិច្ច​ប្រជុំ 25th Knesset នៅ​ទីក្រុង​ហ្សេរុយសាឡិម​ប្រទេស​អ៊ីស្រាអែលកាលពីថ្ងៃទី​២៨ តុលា ឆ្នាំ២០២៤។

រដ្ឋមន្ត្រី​សន្តិសុខ​ជាតិ​ស្ដាំ​និយម​ជ្រុល​របស់​អ៊ីស្រាអែល​លោក Itamar Ben Gvir បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​ថា ការ​សម្រេច​បាន​នូវ​បទឈប់បាញ់​សម្រាប់​សង្គ្រាម​នៅ​លីបង់ ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ​កំពុង​ចរចា​នោះ គឺ​ជា «កំហុស​ដ៏​ធំ​មួយ»។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

សហរដ្ឋ​អាមេរិក​កំពុង​ដឹកនាំ​កិច្ច​ប្រឹងប្រែង​ការទូត​ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​ក្នុង​ប្រទេស​លីបង់ ដែល​កាលពី​ចុង​ខែ​កញ្ញា អ៊ីស្រាអែល​បាន​ពង្រីក​យុទ្ធនាការ​វាយ​ប្រហារ​របស់​ខ្លួន​តាម​ផ្លូវ​អាកាស​និង​បាន​ចាប់ផ្ដើម​ការ​វាយលុក​តាម​ផ្លូវគោក​ចូល​ទៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​នោះ បន្ទាប់ពី​បាន​បាញ់បោះ​ឆ្លង​ព្រំដែន​ទៅវិញ​ទៅមក​ជាមួយ​នឹង​ក្រុម​សកម្ម​ប្រយុទ្ធ​ហេសបូឡា​នៅ​លីបង់​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​មក។

លោក Ben Gvir បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ X ថា៖ «កិច្ចព្រមព្រៀង [ណាមួយ] ជាមួយ​នឹង​លីបង់​គឺ​ជា​កំហុស​ដ៏​ធំ​មួយ»។ លោក​បាន​បន្ថែម​ថា ការ​បញ្ចប់​សង្គ្រាម​នៅ​ពេល​ឥឡូវ​នេះ​គឺ​ជា «ការ​បាត់បង់​ឱកាស​ជា​ប្រវត្តិសាស្ត្រ​នៅក្នុង​ការ​កម្ចាត់​ក្រុម​ហេសបូឡា»។

លោក Ben Gvir បាន​អំពាវនាវ​ឱ្យ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បន្ត​ប្រយុទ្ធ​រហូត​ទាល់តែ​ទទួល​បាន «ជ័យជម្នះ​ទាំងស្រុង»។

ថ្នាក់ដឹកនាំ​នយោបាយ​ស្ដាំ​និយម​ជ្រុល​ផ្សេងទៀត​របស់​អ៊ីស្រាអែល​ក៏​មាន​ទស្សនៈ​ដូចនេះ​ដែរ​ទាក់ទិន​នឹង​សង្គ្រាម​ប្រឆាំង​នឹង​ក្រុម​ហាម៉ាស់​នៅ​តំបន់​ហ្កាហ្សា ដែល​សង្គ្រាម​នេះ​បាន​បង្ក​ឡើង​ដោយសារ​ក្រុម​ហាម៉ាស់​បាន​វាយ​ប្រហារ​លើ​ភាគ​ខាងត្បូង​អ៊ីស្រាអែល​កាលពី​ខែ​តុលា ឆ្នាំ ២០២៣៕