អ៊ីស្រាអែលបានកំណត់យកតំបន់តូចមួយ ដែលជាទឹកដីដែលគ្មានការអភិវឌ្ឍនៅក្នុងតំបន់ហ្កាហ្សាដែលស្ថិតនៅតាមជ្រោយសមុទ្រមេឌីទែរ៉ាណេធ្វើជាកន្លែងសុវត្ថិភាពថ្មីមួយ សម្រាប់មនុស្សដែលបានរត់គេចខ្លួនពីសង្គ្រាមក្នុងតំបន់ហ្កាហ្សា ដើម្បីការពារខ្លួនពីការវាយប្រហារពីលើអាកាសរបស់អ៊ីស្រាអែល និងដើម្បីទទួលបានជំនួយមនុស្សធម៌ដល់ក្រុមគ្រួសាររបស់ពួកគេ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
នេះជាតំបន់ Muwasi ជាជំរំក្រណាត់តង់កៅស៊ូ ដែលពលរដ្ឋប៉ាឡេស្ទីនដែលមានការភិតភ័យ រស់នៅក្នុងស្ថានភាពលំបាកវេទនា មិនមានស្រែចម្ការច្រើន គ្មានទឹក និងផ្លូវមិនល្អ។ ចំនួនពលរដ្ឋរត់មកកាន់ទីនេះបានឡើងកាន់តែខ្លាំងក្នុងពេលប៉ុន្មានថ្ងៃនេះ ក្នុងពេលពួកគេបានរត់គេចពីការវាយប្រហាររបស់កងយោធាអ៊ីស្រាអែល នៅជិតតំបន់ហ្កាហ្សាភាគខាងត្បូងនោះ។
ក្នុងទំហំដីប្រមាណ២០គីឡូម៉ែត្រក្រឡាក្នុងតំបន់ហ្កាហ្សាភាគនិរតី តំបន់ Muwasi នេះបានស្ថិតក្រោមការពិភាក្សាគ្នាយ៉ាងខ្លាំងរវាងអ៊ីស្រាអែលនិងអង្គការមនុស្សធម៌អន្តរជាតិនានា ជុំវិញទីតាំងសុវត្ថិភាពសម្រាប់ពលរដ្ឋស៊ីវិល។
អ៊ីស្រាអែលបានផ្តល់តំបន់ Muwasi ធ្វើជាដំណោះស្រាយក្នុងការការពារប្រជាជន ដែលបានរត់គេចពីផ្ទះសម្បែងរបស់ពួកគេ ដើម្បីរត់គេចពីការប្រយុទ្ធគ្នាដ៏ខ្លាំងរវាងកងទ័ពអ៊ីស្រាអែលនិងក្រុមហាម៉ាស់។ អង្គការសហប្រជាជាតិ និងក្រុមផ្តល់ជំនួយសង្គ្រោះនិយាយថា តំបន់ Muwasi ជាទីតាំងមិនសមល្អនោះឡើយ ក្នុងការរកដំណោះស្រាយដល់ពលរដ្ឋដែលខ្ចាត់ព្រាត់ពីផ្ទះសម្បែង និងគ្មានសុវត្ថិភាពនៅពេលពួកគេកំពុងប្រឈមនឹងគ្រោះថ្នាក់ពីការវាយប្រហារពីលើអាកាស ហើយកងទ័ពបានបញ្ជាឱ្យពួកគេត្រូវតែចាកចេញនោះ។
ទីតាំងនេះគ្មានប្រព័ន្ធទឹកប្រើប្រាស់ គ្មានបង្គន់ ហើយធ្វើក្រុមមនុស្សធម៌អន្តរជាតិនិងអ្នកផ្តល់ជំនួយពិបាកទៅដល់ ហើយជំរំដែលបង្កើតឡើងដោយតង់កៅស៊ូនោះ មិនអាចធន់បាននឹងអាកាសធាតុត្រជាក់និងភ្លៀងផ្គរនាពេលខាងមុខបានឡើយ៕