ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​រីក​រាលដាល​ដល់​ភាគ​ខាង​ត្បូង​តំបន់​ហ្កាហ្សា


ផ្សែង​ហុយ​ឡើង​បន្ទាប់​ពី​ការ​ទម្លាក់​គ្រាប់​បែក​របស់​អ៊ីស្រាអែល​នៅ​តំបន់​ហ្កាហ្សា​ ដូច​ដែល​បាន​ឃើញ​ពី​ភាគខាង​ត្បូង​អ៊ីស្រាអែល ថ្ងៃទី៦ ខែ​ធ្នូ ឆ្នាំ២០២៣។
ផ្សែង​ហុយ​ឡើង​បន្ទាប់​ពី​ការ​ទម្លាក់​គ្រាប់​បែក​របស់​អ៊ីស្រាអែល​នៅ​តំបន់​ហ្កាហ្សា​ ដូច​ដែល​បាន​ឃើញ​ពី​ភាគខាង​ត្បូង​អ៊ីស្រាអែល ថ្ងៃទី៦ ខែ​ធ្នូ ឆ្នាំ២០២៣។

ទាហាន​អ៊ីស្រាអែល​និង​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់ (Hamas) បាន​ប្រយុទ្ធ​គ្នា​នៅ​ថ្ងៃ​ពុធ​នេះ​នៅ​ក្នុង​តំបន់​ហ្កាហ្សា (Gaza) ដោយ​សង្គ្រាម​នេះ​បាន​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង​លើ​ជន​ស៊ីវិល​ប៉ាឡេស្ទីន​ដែល​កំពុង​ប្រឈម​ការ​លំបាក​នៅ​ក្នុង​ការ​ស្វែងរក​ទី​ជម្រក​និង​លទ្ធភាព​ទទួល​បាន​ជំនួយ​មនុស្សធម៌។

យោធា​អ៊ីស្រាអែល​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា ខ្លួន​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​លើ​គោលដៅ​ប្រហែល ២៥០ នៅ​ក្នុង​តំបន់​ហ្កាហ្សា​ក្នុង​ពេល​មួយ​ថ្ងៃ​កន្លង​មក។

អង្គការ​សហប្រជាជាតិ​បាន​រាយការណ៍​អំពី​ការ​បាញ់​ផ្លោង​កាន់តែ​ខ្លាំង​ឡើង​របស់​អ៊ីស្រាអែល​លើ​តំបន់​ហ្កាហ្សា​តាំងពី​រសៀល​ថ្ងៃ​ចន្ទ​មក និង​ការ​ប្រយុទ្ធ​ខ្លាំងក្លា​តាម​ផ្លូវ​គោក​ក៏​ដូចជា​ការ​កើនឡើង​នៃ​ការ​បាញ់​រ៉ុក្កែត​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន​លើ​អ៊ីស្រាអែល​ផង​ដែរ។

មន្ត្រី​យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា កង​កម្លាំង​របស់​ពួកគេ​បាន​ហ៊ុមព័ទ្ធ​ទីក្រុង Khan Younis នៅ​ភាគ​ខាង​ត្បូង ដែល​ជា​ទីក្រុង​ធំ​ជាង​គេ​បង្អស់​ទី​ពីរ​នៅ​ក្នុង​តំបន់​ហ្កាហ្សា។

ការ​ពង្រីក​សង្គ្រាម​នៅ​ភាគ​ខាង​ត្បូង​តំបន់​ហ្កាហ្សា​បាន​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការ​ផ្ដោត​ដំបូង​លើ​តំបន់​នានា​នៅ​ភាគ​ខាង​ជើង ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ទីក្រុង​ហ្កាហ្សា​ផង​ដែរ។ ការ​ពង្រីក​សង្គ្រាម​នេះ​ក៏​បាន​ធ្វើ​ឡើង​ផង​ដែរ​បន្ទាប់ពី​យោធា​អ៊ីស្រាអែល​បាន​បញ្ជា​អស់​រយៈពេល​ជា​ច្រើន​សប្ដាហ៍​មក​ហើយ​ឱ្យ​ជន​ស៊ីវិល​ភៀសខ្លួន​ទៅ​កាន់​តំបន់​ភាគ​ខាង​ត្បូង​ដើម្បី​គេច​ចេញ​ឱ្យ​ឆ្ងាយ​ពី​សង្គ្រាម។

ប៉ុន្តែ​ដោយសារ​នៅ​ភាគ​ខាង​លិច​មាន​សមុទ្រ​មេឌីទែរ៉ាណេ ហើយ​នៅ​ភាគ​ខាង​ត្បូង​និង​ខាង​កើត​មាន​ការ​បិទ​ព្រំដែន​ជាមួយ​នឹង​ប្រទេស​អេហ្ស៊ីប​និង​អ៊ីស្រាអែល កន្លែង​ដែល​នៅ​សល់​សម្រាប់​មនុស្ស​ភៀសខ្លួន​ទៅ​គឺ​កាន់តែ​រួម​តូច។

ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​សម្រាប់​ជន​ភៀសខ្លួន​ប៉ាឡេស្ទីន​បាន​បញ្ជាក់​ថា មនុស្ស​ប្រហែល ១ លាន ៩ សែន​នាក់​បាន​ភៀសខ្លួន​នៅ​ក្នុង​តំបន់​ហ្កាហ្សា ដែល​ស្មើ​នឹង​ជិត ៨៥% នៃ​ប្រជាជន​សរុប​នៅ​ក្នុង​តំបន់​នោះ ហើយ​មនុស្ស​ប្រហែល​មួយ​លាន​នាក់​ត្រូវ​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​នៃ​អ្នក​ដែល​ស្នាក់នៅ​ក្នុង​ទី​ជម្រក​របស់​អង្គការ​សហប្រជាជាតិ​នៅ​ភាគ​ខាង​ត្បូង​តំបន់​ហ្កាហ្សា៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

XS
SM
MD
LG