ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការវាយ​ប្រហារ​ចុង​តំបន់​ហ្កាហ្សា​ខាងត្បូង​បង្ក​ការភ័យខ្លាច​ថា​​ពលរដ្ឋ​គ្មាន​កន្លែង​​ភៀស​ខ្លួន


ផ្សែង​ហុយ​ឡើង​បន្ទាប់​ពី​ការ​បំផ្ទុះ​របស់​អុីស្រាអែល​ក្នុង​តំបន់ហ្កាហ្សាកាលពីថ្ងៃទី​៧ ធ្នូ ឆ្នាំ២០២៣។(AP Photo/Leo Correa)
ផ្សែង​ហុយ​ឡើង​បន្ទាប់​ពី​ការ​បំផ្ទុះ​របស់​អុីស្រាអែល​ក្នុង​តំបន់ហ្កាហ្សាកាលពីថ្ងៃទី​៧ ធ្នូ ឆ្នាំ២០២៣។(AP Photo/Leo Correa)

កងទ័ព​អ៊ីស្រាអែល​បាន​ធ្វើ​ការ​វាយប្រហារ​លើ​ទី​ប្រជុំជន​ Rafah ក្នុង​តំបន់​ហ្កាហ្សា​ភាគ​ខាង​ត្បូង​ពីរ​លើក​កាល​ពី​យប់មិញ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹងនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ពី​ពលរដ្ឋ​ដែល​រស់នៅ​ទី​នោះ​ ដែលនេះ​ធ្វើ​ឱ្យមាន​ការ​ភ័យ​ខ្លាចនៅក្នុង​បណ្តា​ទី​តាំង​ចុងក្រោយ​មួយ​ ដែល​ជនស៊ីវិលអាចរក​កន្លែង​ជ្រកពួនបាន​ ក្រោយ​ពីទាហាន​អ៊ីស្រាអែល​បាន​ពង្រីកប្រតិបត្តិការ​វាយប្រហារ​របស់​ពួកគេ​ប្រឆាំង​នឹង​ក្រុមហាម៉ាស់​ ទៅក្នុង​តំបន់​ជា​ច្រើន​ដែល​មានមនុស្ស​កំពុង​រត់​គេច​ខ្លួន​នោះ។​ ​នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន AP។ ​

ក្រុមមន្ត្រី​អង្គការ​សហ​ប្រជាជាតិនិយាយ​ថា​ ​ពុំ​មាន​កន្លែង​សុវត្ថិភាព​ទៀត​ទេ​នៅ​ក្នុង​តំបន់​ហ្កាហ្សា​។​ ​ ការ​ប្រយុទ្ធគ្នា​ដ៏ខ្លាំង​នៅ​ក្នុង​និង​ជុំវិញ​ទីក្រុង​ Khan Younis​ នៃ​ភាក​ខាង​ត្បូងតំបន់​ហ្កាហ្សា​ បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ម៉ឺននាក់​រត់​ភៀសខ្លួន​ នៅ​ក្នុង​ដែនដី​មួយ​ដែល​ពលរដ្ឋ​ជាង​៨០​ភាគរយបាន​រត់​គេច​ចេញ​ពី​ផ្ទះ​សម្បែង​របស់​គេ​ និង​បាន​កាត់​ផ្តាច់តំបន់​ហ្កាហ្សា​ពី​ការ​ទទួល​បាន​ម្ហូបអាហារ​ ទឹក​ និង​ជំនួយ​ចាំបាច់​ផ្សេងៗ​ទៀត។​

ការ​វាយប្រហារ​នៅ​ក្នុង​សង្គ្រាមដែលមាន​រយៈពេល២ខែ​នេះ​ បាន​ធ្វើ​មាន​ការ​បារម្ភកាន់​តែ​ខ្លាំង​ឡើង​នៅ​ជុំវិញ​ពិភពលោក​ ដោយ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ លោក​ Antonio Guterres បានប្រើប្រាស់​អំណាច​ដ៏​កម្រ​ ដើម្បី​ព្រមាន​ដល់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ ស្តី​ពី​«មហន្តរាយ​មនុស្សធម៌»មួយ​ ដែល​នឹង​ជិត​កើត​មាន​ឡើង​ ​និង​បាន​ជំរុញដល់រដ្ឋ​ជា​សមាជិកឱ្យ​ធ្វើ​ការ​ទាមទារ​ឱ្យ​មាន​បទឈប់បាញ់​គ្នា​។

សហរដ្ឋ​អាមេរិក​បាន​អំពាវនាវ​ដល់​អ៊ីស្រាអែល​ ឱ្យ​កាត់បន្ថយ​ការ​ស្លាប់​របស់​ពលរដ្ឋ​ស៊ីវិល​ និងអ្នកដែលកំពុង​រត់​គេច​ខ្លួន​ ដោយ​និយាយ​ថា​ មាន​ពលរដ្ឋ​ប៉ាឡេស្ទីន​ច្រើន​ណាស់បាន​ស្លាប់ ​នៅពេលអ៊ីស្រាអែល​កំពុង​បោសសម្អាតនៅ​ផ្នែក​ភាគ​ច្រើន​បំផុត​របស់​ទីក្រុង​ហ្កាហ្សា​និង​ភាគ​ខាង​ជើង​នោះ​ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​នៅ​តែ​សន្យា​គាំទ្រ​អ៊ីស្រាអែល​មិន​ងាករេ​ដែរ​ ហើយសហរដ្ឋ​អាមេរិក​ទំនង​ជា​នឹង​ធ្វើ​ការ​ប្រឆាំង​ជំទាស់​ទៅ​នឹងកិច្ចប្រឹងប្រែង​ណា​មួយ​របស់​អង្គការ​សហ​ប្រជាជាតិ​ ដើម្បីបញ្ឈប់​ការ​ប្រយុទ្ធគ្នានេះ៕

XS
SM
MD
LG