យោធាអ៊ីស្រាអែលបានបញ្ជាក់នៅថ្ងៃពុធនេះថាខ្លួននឹងដាក់ពង្រាយទាហានកងពលតូចបម្រុងពីរកងទៅកាន់តំបន់ហ្កាហ្សា (Gaza)។ នេះគឺជាវិធានការមួយដែលធ្វើឡើងនៅចំពេលដែលអ៊ីស្រាអែលត្រៀមលក្ខណៈវាយលុកតាមផ្លូវគោកចូលក្នុងទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្កាហ្សា។
យោធាអ៊ីស្រាអែលបានបន្ថែមដោយមិនផ្ដល់សេចក្ដីលម្អិតអំពីផែនការនេះថា កងពលតូចទាំងនេះនឹងអនុវត្ត «បេសកកម្មការពារនិងកលយុទ្ធ»។
មន្ត្រីអ៊ីស្រាអែលបានបញ្ជាក់ថា ការលុកលុយចូលក្នុងទីក្រុង Rafah គឺចាំបាច់ដើម្បីសម្រេចឱ្យបាននូវគោលបំណងនៃការកម្ចាត់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ (Hamas)។
សហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ និងភាគីផ្សេងទៀតបានបង្ហាញក្ដីបារម្ភអំពីការលុកលុយតាមផ្លូវគោកនេះ ដោយបានបញ្ជាក់ថាវាអាចធ្វើឱ្យទីក្រុង Rafah មានមហន្តរាយមនុស្សធម៌។ ប្រជាជនជាងពាក់កណ្ដាលនៃតំបន់ហ្កាហ្សាកំពុងជ្រកកោននៅក្នុងតំបន់ទីក្រុងនេះ ដោយភាគច្រើននៃអ្នកទាំងនេះបានភៀសខ្លួនមកពីផ្នែកផ្សេងៗនៃតំបន់ហ្កាហ្សាដោយសារការប្រយុទ្ធគ្នានៅទីនោះនិងបទបញ្ជារបស់អ៊ីស្រាអែលឱ្យមានការជម្លៀសចេញ។
យោធាអ៊ីស្រាអែលបានបញ្ជាក់នៅថ្ងៃពុធនេះ យន្តហោះចម្បាំងរបស់ខ្លួនបានវាយប្រហារលើគោលដៅជាង ៥០ កន្លែងនៅក្នុងតំបន់ហ្កាហ្សាក្នុងពេលមួយថ្ងៃកន្លងមក។
គេក៏ឃើញមានការវាយប្រហាររបស់អ៊ីស្រាអែលផងដែរលើទីតាំងរបស់ក្រុមហេសបូឡា (Hezbollah) នៅភាគខាងត្បូងប្រទេសលីបង់ ដែលក្នុងនោះរួមមានទាំងការឆ្លើយតបទៅនឹងរលកនៃការវាយប្រហារដោយរ៉ុក្កែតរបស់ក្រុមនេះផងដែរ។ ក្រុមហេសបូឡានេះបានអះអាងថាការវាយប្រហារដោយរ៉ុក្កែតរបស់ខ្លួននេះគឺជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលដែលបានសម្លាប់ជនស៊ីវិលមួយចំនួនកាលពីលើកមុន។
សហរដ្ឋអាមេរិកបានចាត់ទុកក្រុមហាម៉ាស់និងក្រុមហេសបូឡានេះថាជាអង្គការភេរវកម្ម៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។