ប្រទេស​អ៊ីស្រាអែលបានបដិសេធ​​របាយការណ៍​ដែល​ថា​ខ្លួន​បាន​ដាក់​ប្រដាប់​ស៊ើបការ​សម្ងាត់​នៅ​ជិត​សេតវិមាន

នាយករដ្ឋ​មន្រ្តី​ Benjamin Netanyahu ថ្លែង​សុន្ទរកថា​ក្នុង​ទីក្រុង Ramat Gan ក្បែរ Tel Aviv អ៊ីស្រាអែលកាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ២០១៩។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu បាន​បដិសេធរបាយ​ការណ៍​មួយ​ដែល​ថា​ អ៊ីស្រាអែលបានដាក់​ប្រដាប់​ស៊ើបការ​សម្ងាត់នៅជិត​សេតវិមាន​ដោយ​លោក​បាននិយាយ​ថា​សេចក្តី​រាយការណ៍​នេះជា«ការ​ប្រឌិត​ទាំង​ស្រុង»។

លោក​ Elad Strohmayer អ្នកនាំពាក្យ​ស្ថានទូត អ៊ីស្រាអែល ក្នុង​រដ្ឋធានីវ៉ាស៊ីនតោនក៏​បានបដិសេធ​របាយការណ៍នេះ​ដោយ​គេហទំព័រព័ត៌មាន​ Politico មានមូលដ្ឋាន​នៅ​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោនដោយ​លោកបាននិយាយ​ប្រាប់​វីអូអេ​ថា«អ៊ីស្រាអែល មិនបាន​ធ្វើចារកម្មនៅ​ក្នុង​ស.រ.អា.ទេ»។

គេហទំព័រ​ Politico បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​រដ្ឋាភិបាល​ស.រ.អា.​មានជំនឿ​ថា​ អ៊ីស្រាអែល​ដែលជាសម្ព័ន្ធមិត្ត​ជិត​ស្និទ្ធមួយ​របស់​ស.រ.អា.ប្រហែល​ទទួល​ខុស​ត្រូវ​ដល់​ការបង្កប់ប្រដាប់​ស្តាប់​សំឡេង​ដែល​បានត្រូវរក​ឃើញ​នៅ​ជិត​សេតវិមាននិង​កន្លែង​រសើប​ឯទៀតៗ​ក្នុង​រដ្ឋធានី​ប្រទេស​អាមេរិក។​

Politico បានសរសេរ​ថាប្រដាប់​ឃ្លាំមើល​តូចៗ​ដែលគេ​ស្គាល់​ថា​ StingRays «ទំនងត្រូវដាក់ដើម្បី​ស៊ើបការ​សម្ងាត់​លើ​ប្រធានាធិបតី​ Donald Trump»។ ក៏​ប៉ុន្តែ​សេចក្តី​រាយការណ៍​នេះ​បាននិយាយ​បន្ថែមថា«គេ​ដឹង​មិន​ច្បាស់​លាស់ទេ​ថាតើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ​របស់​អ៊ីស្រាអែល មានជោគជ័យឬទេ»។

ពួក​អតីតមន្ត្រី​ជាន់​ខ្ពស់​ស.រ.អា.ខាង​សន្តិសុខ​ជាតិ​មួយ​ចំនួន​បាននិយាយប្រាប់ Politico ថា​ការធ្វើវិភាគ​ឧបករណ៍​ទាំង​នេះដោយ FBI និង​ទីភ្នាក់ងារឯទៀតៗ​របស់​ស.រ.អា.បាន​ភ្ជាប់​ប្រដាប់​ស៊ើបការ​សម្ងាត់​ទាំងនេះ​ទៅនឹង​ពួក​ភ្នាក់ងារ​

អ៊ីស្រាអែល។ ដោយ​និយាយ​យោង​ដល់ពួកមន្ត្រីទាំង​នេះ របាយការណ៍​នេះចែង​ថា​រដ្ឋាភិបាល​ស.រ.អា.បានសន្និដ្ឋាន​ថា​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​ទៅ​នេះ អ៊ីស្រាអែល ទំនងជា​នៅពីក្រោយការ​ដាក់ប្រដាប់​ស៊ើប​ការ​សម្ងាត់​ទាំងនេះ។

ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏ស.រ.អា.មិន​បាន​ចាត់​វិធានការ​ប្រឆាំងនឹង អ៊ីស្រាអែល អំពី​ការដាក់ឧបករណ៍​ស៊ើបការ​សម្ងាត់​ទាំងនេះទេ។​ របាយការណ៍​នេះ​ចែង​ថា​ស.រ.អា.មិន​ផ្តល់​សារៈសំខាន់​ខ្លាំងដល់​សកម្មភាព​ទាំងនេះរបស់ អ៊ីស្រាអែល ទេ​ដោយសារទំនាក់​ទំនង​ជិត​ស្និទ្ធ​ខ្លាំង​ដែល​លោក​ Trump មាន​ជាមួយលោក Netanyahu៕