យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានធ្វើសកម្មភាពប្រឆាំងភេរវកម្មនៅក្នុងតំបន់មួយនៃទីក្រុង Jenin នៃតំបន់ West Bank។ ពួកអាជ្ញាធរប៉ាឡេស្ទីនបាននិយាយថា មនុស្ស ៥ នាក់បានត្រូវសម្លាប់។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
ពួកយោធាអ៊ីស្រាអែលបាននិយាយថា ទាហានអ៊ីស្រាអែលបាន «ឡោមព័ទ្ធអគារដែលជាទីកន្លែងដែលពួកភេរវជនបានត្រូវស្ថិតនៅទីនេះ» ហើយពួកទាហានបានបាញ់តបតគ្នា ខណៈដែលការវាយប្រហារតាមអាកាសបាន «វាយប្រហារពួកភេរវជនប្រដាប់អាវុធជាច្រើននាក់» នៅក្នុងតំបន់នោះ។
ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា មនុស្ស ៥ នាក់បានស្លាប់ ក៏ប៉ុន្តែ មិនបានផ្តល់ព័ត៌មានលម្អិតណាមួយអំពីអត្តសញ្ញាណរបស់ពួកគេទេ។ មិនមានសេចក្តីលម្អិតផ្សេងទៀតមកពីភាគីណាមួយទេ។
ការប៉ះទង្គិចនៅទីក្រុង Jenin ដែលគេដឹងថាជាទីតាំងរឹងមាំរបស់ពួកជនសកម្មប្រយុទ្ធជាទីកន្លែងដែលកងទ័ពជារឿយៗធ្វើប្រតិបត្តិការ បានកើតមានឡើងមួយថ្ងៃ បន្ទាប់ពីក្រុមឃ្លាំមើលប្រឆាំងការតាំងទីលំនៅអ៊ីស្រាអែលបាននិយាយថា រដ្ឋាភិបាលអ៊ីស្រាអែលមានគម្រោងស្ថាបនាផ្ទះថ្មីជិត ៥.៣០០ ខ្នង នៅក្នុងកន្លែងតាំងទីលំនៅនៅតំបន់ West Bank ដែលអ៊ីស្រាអែលកាន់កាប់។
ផែនការសាងសង់ត្រូវបានបញ្ចេញដោយក្រុមសន្តិភាពឥឡូវនេះ ឬ Peace Now ជាផ្នែកមួយនៃការខំប្រឹងប្រែងរបស់រដ្ឋាភិបាលអ៊ីស្រាអែលប្រកាន់នយោបាយតឹងរ៉ឹង ដើម្បីបង្កើនការតាំងទីលំនៅដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រនៃការពង្រឹងការកាន់កាប់របស់អ៊ីស្រាអែលនូវតំបន់ West Bank ដើម្បីរារាំងរដ្ឋប៉ាឡេស្ទីននៅពេលអនាគត។
ជនជាតិប៉ាឡេស្ទីនស្វះស្វែងយកតំបន់ West Bank រដ្ឋធានី Jerusalem ខាងកើតនិងតំបន់ហ្កាហ្សា ដែលកាន់កាប់ដោយអ៊ីស្រាអែលនៅក្នុងសង្គ្រាមមជ្ឈិមបូព៌ាឆ្នាំ ១៩៦៧ សម្រាប់រដ្ឋឯករាជ្យមួយ។
ការចរចាការឈប់បាញ់គ្នាទំនងត្រូវបានស្រោចស្រង់ឡើងវិញ បន្ទាប់ពីការជាប់គាំងអស់រាប់សប្តាហ៍។ ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានបញ្ជូនពួកអ្នកចរចាដើម្បីចាប់ផ្តើមការការចរចាឡើងវិញ មួយថ្ងៃបន្ទាប់ពីពួកហាម៉ាស់បានបញ្ជូនដល់ពួកអ្នកចរចានូវការឆ្លើយតបពេលថ្មីៗបំផុតរបស់ខ្លួនដល់សំណើសម្រាប់កិច្ចព្រមព្រៀងមួយដែលគាំទ្រដោយសហរដ្ឋអាមេរិក៕