សេតវិមាន​និយាយ​ថា​​អ៊ីស្រាអែល​នឹង​អនុញ្ញាត​ឱ្យផ្អាក​សកម្មភាព​យោធា​៤ម៉ោង​ក្នុង​មួយ​ថ្ងៃ​ក្នុង​តំបន់​ហ្កាហ្សា​ខាង​ជើង

អ្នកស្រុក Kibbutz Kfar Azza បង្ហោះខ្លែង ដែលខ្លះមានដាក់ឈ្មោះជនរងគ្រោះ និងសមាជិកគ្រួសារ ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងការវាយប្រហារថ្ងៃទី៨ ខែតុលា ដោយក្រុមហាម៉ាស នៅទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​ Benjamin Netanyahu បាន​ប្រាប់​ទូរទស្សន៍​ Fox News​របស់​អាមេរិក​នៅ​ថ្ងៃព្រហស្បតិ៍​ថា ​អ៊ីស្រាអែល​គ្មានបំណងដណ្តើម​យក​ កាន់​កាប់​ឬ​គ្រប់គ្រង​តំបន់​ហ្កាហ្សា​នោះ​ឡើយ។

បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយ​ ក៏កាល​ពី​ដើម​សប្តាហ៍នេះ​ មេដឹកនាំ​អ៊ីស្រាអែលរូប​នេះ​និយាយ​ថា​ អ៊ីស្រាអែល​នឹង​គ្រប់គ្រង​បញ្ហា​សន្តិសុខនៃ​តំបន់​ហ្កាហ្សា​ ដោយ​លោក​មិនបាន​ប្រាប់​លម្អិត​ឡើយ​ជុំវិញ​រឿង​នេះ។​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញលោក Netanyahu បាន​ប្រាប់​ទូរទស្សន៍ Fox News​ថា​ «កង​កម្លាំងដ៏​ទុកចិត្ត​មួយ»​ នឹង​ត្រូវ​បង្កើត​ឡើង​ក្នុង​តំបន់​ហ្កាហ្សា​ដើម្បី​រាំងខ្ទប់​ការ​គំរាមកំហែង​ពី​ក្រុម​សកម្ម​ប្រយុទ្ធ​ ដូច​ជា​ក្រុម​ហាម៉ាស់​ជា​ដើម​ ក្នុង​ការ​វាយប្រហារ​ទៅ​លើ​អ៊ីស្រាអែល។

ទន្ទឹម​នឹង​នេះ​ដែរ​ សេតវិមាន​អាមេរិកនិយាយកាលពីថ្ងៃ​ព្រហស្បតិ៍​ថា​ អ៊ីស្រាអែល​នឹង​ចាប់​ផ្តើម​អនុវត្តការ​ផ្អាក​សកម្មភាព​យោធា​របស់​ខ្លួន​ចំនួន​៤ម៉ោង​ក្នុង​មួយ​ថ្ងៃប្រឆាំង​នឹង​ក្រុម​ហាម៉ាស់ ​នៅ​ក្នុង​តំបន់ហ្កាហ្សា​ភាគ​ខាង​ជើង។​

ការ​ប្រកាស​របស់អ្នក​នាំ​ពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិសហរដ្ឋ​អាមេរិក​លោក​ John Kirby​ កើត​ឡើង​ក្នុង​ពេល​ដែល​កងទ័ព​អ៊ីស្រាអែល កំពុង​ប្រយុទ្ធ​ជា​មួយ​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់ក្នុង​ទីក្រុង​ Gaza ហើយពលរដ្ឋ​ស៊ីវិល​ប៉ាឡេស្ទីន​កំពុង​រត់​គេច​ពី​តំបន់​ប្រយុទ្ធ​គ្នា​នេះ។​

ការ​ផ្អាក​សកម្មភាព​ប្រយុទ្ធ​របស់អ៊ីស្រាអែល​នេះ​ នឹងទុក​ពេល​ដល់​ពលរដ្ឋ​ប៉ាឡេស្ទីន​ ដើម្បី​រត់​គេច​ខ្លួន​តាម​ច្រក​របៀង​មនុស្សធម៌​ចំនួន​២​កន្លែង​ និង​ក៏​ជា​ជំហាន​ដ៏​សំខាន់​មួយក្នុងការ​ឆ្ពោះ​ទៅ​រក​ការ​កាត់​បន្ថយ​ជន​រងគ្រោះ​ដោយ​សារ​សង្គ្រាម​។​ នេះ​បើតាម​ការ​បញ្ជាក់​ឱ្យ​ដឹង​របស់​លោក Kirby។​

លោក​David Satterfield ដែល​ជាបេសកជន​ពិសេស​អាមេរិក​ទទួល​បន្ទុក​បញ្ហា​មនុស្សធម៌ក្នុង​តំបន់​មជ្ឈិម​បូព៌ា​ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មានថា​ លោក​សង្ឃឹម​ថាការ​ផ្អាក​រយៈពេល​ខ្លី​នៃ​សកម្មភាព​យោធា​ ក៏​នឹង​ជួយ​ផង​ដែរ​ដល់​ការ​ជម្លៀស​ជនស៊ីវិល​ដែល​រងរបួសនិង​ក្រុម​ជនបរទេស៕​

ព័ត៌មាន​ខ្លះ​ក្នុង​អត្ថបទ​នេះ​ត្រូវ​បាន​ផ្តល់ដោយ​ទី​ភ្នាក់ងារ​សារព័ត៌មាន The Associated Press, Reuters និង​ទី​ភ្នាក់ងារ​សារព័ត៌មានAgence France-Presse។