ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងទ័ព​អ៊ីស្រាអែល​​ប្រយុទ្ធ​នឹង​​ក្រុមហាម៉ាស់​ក្នុង​ទីក្រុង​ហ្កាហ្សា


ជន​ជាតិ​ប៉ាឡេស្ទីន​ភៀស​ខ្លួន​ទៅ​កាន់ភាគ​ខាង​ត្បូង​តំបន់ហ្កាហ្សា ​ដើរតាម​ផ្លូវ Salah al-Din ក្នុង​ក្រុង Bureij នៅ​តំបន់ហ្កាហ្សា កាល​ពី​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៣។
ជន​ជាតិ​ប៉ាឡេស្ទីន​ភៀស​ខ្លួន​ទៅ​កាន់ភាគ​ខាង​ត្បូង​តំបន់ហ្កាហ្សា ​ដើរតាម​ផ្លូវ Salah al-Din ក្នុង​ក្រុង Bureij នៅ​តំបន់ហ្កាហ្សា កាល​ពី​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៣។

កង​កម្លាំង​អ៊ីស្រាអែល​បាន​ប្រយុទ្ធ​នឹង​ក្រុម​ហាម៉ាស់នៅ​ថ្ងៃព្រហស្បតិ៍​នេះក្នុង​ទីក្រុង​ហ្កាហ្សា​ ​ខណៈ​ជនស៊ីវិល​ប៉ាឡេស្ទីន​កំពុង​រត់គេច​ចេញ​ពី​តំបន់​នេះ ដែល​កំពុង​ស្ថិត​ក្រោមប្រតិបត្តិការ​យោធា​របស់​កងទ័ព​អ៊ីស្រាអែល​ ​ក្រោយ​ពីពួក​ហាម៉ាស់​បានធ្វើ​ការ​វាយប្រហារ​ដ៏​ប្រល័យ​មួយ​ទៅ​លើ​ប្រទេស​អ៊ីស្រាអែល​កាល​ពី​ខែ​មុន​មក។​

ទន្ទឹម​នឹង​ការ​ប្រយុទ្ធដោយ​កម្លាំង​ថ្មើរ​ជើង​ក្នុងទីក្រុងហ្កាហ្សា​ ដែល​ជា​ទីក្រុង​ធំបំផុតនោះ​ កងទ័ព​អ៊ីស្រាអែលក៏​បានវាយប្រហារតំបន់នេះ​ពីលើ​អាកាស​ផង​ដែរ។

ការ​ប្រយុទ្ធគ្នា​នេះបាន​ធ្វើ​ឱ្យ​មានការបម្លាស់​ទី​ដ៏​ធំ​នៃ​ក្រុម​ពលរដ្ឋ​ដែលរស់​នៅ​ក្នុង​តំបន់​នោះ ​ដោយ​ការិយាល័យសម្របសម្រួល​កិច្ចការ​មនុស្សធម៌​អង្គការ​សហ​ប្រជាជាតិ​បាន​និយាយ​ថា​ ​មនុស្ស​ប្រមាណ​៥០.០០០​នាក់ បាន​រត់គេចខ្លួន​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ទៅ​កាន់​តំបន់ហ្កាហ្សា​ភាគ​ខាង​ត្បូង។

នេះ​ជា​តួលេខ​ដ៏​ខ្ពស់​បំផុតមួយក្នុង​សប្តាហ៍​នេះ។ អង្គការ​សហប្រជាជាតិ​និយាយ​ថា​ ​មនុស្សសរុប​ចំនួន​៧​២.០០០​នាក់​បានរត់​ភៀសខ្លួនចេញ​ពី​តំបន់ហ្កាហ្សា​ខាង​ជើង​ចាប់តាំង​ពី​ថ្ងៃ​អាទិត្យ​មក។​ ​

អ៊ីស្រាអែលបាន​ចាប់​ផ្តើម​បើក​ច្រករបៀងជម្លៀស​ពលរដ្ឋ​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ នៅ​តាមផ្លូវដ៏​សំខាន់ដែលត​ភ្ជាប់​តំបន់​ហ្កាហ្សា​ខាង​ជើង​ទៅ​ខាង​ត្បូង។ ច្រកនេះបើក​៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ ដើម្បី​អនុញ្ញាត​ឱ្យ​ក្រុម​ជនស៊ីវិលអាច​ចាកចេញ​ពី​តំបន់ប្រយុទ្ធ​គ្នា​ដ៏​សំខាន់។​ ​កងទ័ព​អ៊ីស្រាអែលនិយាយ​នៅ​ថ្ងៃ​ពុធ​ថា​ ខ្លួន​បាន​បន្ថែម​មួយ​ម៉ោង​ទៀតលើ​ម៉ោង​បើកច្រក​របៀង​នេះ​ ដោយ​សារ​មាន​មនុស្សជា​ច្រើនកំពុង​រត់​ភៀស​ខ្លួន​តាម​ច្រក​នេះ។​ ​

អង្គការ​សហ​ប្រជាជាតិ​និងក្រុម​ផ្តល់​ជំនួយ​ដទៃ​ទៀត​ កំពុង​ផ្តល់​ទឹក​និង​នំប៊ីស្គីត​ប៉ូវ​កម្លាំង​នៅ​ក្បែរខ្សែ​បន្ទាត់​ដែល​ខណ្ឌ​ចែក​រវាង​តំបន់​ហ្កាហ្សា​ភាគ​ខាង​ជើង​និង​ខាង​ត្បូង៕​

អ្នកស្រី​ Margaret Besheer ​អ្នកឆ្លើយឆ្លង​ព័ត៌មាន ​VOA ​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ ​រាយការណ៍​អំពី​រឿង​នេះ។ ព័ត៌មាន​មួយ​ចំនួន​សម្រាប់​អត្ថបទ​នេះ​ត្រូវ​បាន​ផ្តល់​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ Associated Press, Reuters និង Agence France-Presse ។

XS
SM
MD
LG