អាជ្ញាធរសុខាភិបាលលីបង់រាយការណ៍ថាយ៉ាងហោចណាស់មានមនុស្ស៣នាក់ត្រូវបានសម្លាប់និងជាង១០នាក់ត្រូវរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងបេរូត កាលពីថ្ងៃសុក្រ ដែលនេះជាការវាយប្រហារលើរដ្ឋធានីប្រទេសលីបង់ជាលើកដំបូងក្នុងរយៈពេលជាច្រើនខែ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ការវាយប្រហាររបស់អ៊ីស្រាអែលកើតមានឡើងក្រោយពីក្រុម Hezbollah បានវាយប្រហារដោយគ្រាប់រ៉ុក្កែតយ៉ាងខ្លាំងទៅលើតំបន់ភាគខាងជើងអ៊ីស្រាអែល ហើយតំបន់ទាំងមូលកំពុងរង់ចាំការសន្យាសងសឹងរបស់មេដឹកនាំ ក្រុម Hezbollah គឺលោក Hassan Nasrallah ចំពោះព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែកបង្កប់ក្នុងឧបករណ៍ទំនាក់ទំនង pager និងអាយកូមរបស់សមាជិកក្រុម Hezbollah។
គេមិនទាន់ច្បាស់ថាអ៊ីស្រាអែលបានយកអ្វីជាគោលដៅវាយប្រហារនៅសង្កាត់ខាងត្បូងរបស់ក្រុងបេរូតដែលមានមនុស្សកកកុញនៅម៉ោងមមាញឹកពេលមនុស្សចេញពីធ្វើការហើយសិស្សចេញពីសាលារៀនទៅ ផ្ទះវិញ។ ក្រសួងសុខាភិបាលលីបង់មិនបានលម្អិតអំពីអត្តសញ្ញាណជនរងគ្រោះទេ។
ស្ថានីយទូរទស្សន៍លីបង់បានផ្សាយរូបភាពអំពីមនុស្សរបួសត្រូវបានគេទាញចេញពីគំនរអគារបែកបាក់ ខណៈរថយន្តសង្គ្រោះបន្ទាន់ប្រញាប់ប្រញាល់ទៅកន្លែងនៃការវាយប្រហារ។