ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល​ថា​​ក្រុម​ហាម៉ាស់​ប្រើ​អាវុធ​​​កូរ៉េខាងជើង​​​ក្នុង​ការវាយប្រហារ​អ៊ីស្រាអែល

ពិធីបុណ្យ​សព​គ្រួសារ​លោក Kutz ដែល​ត្រូវបាន​សម្លាប់ដោុក្រុម​ Hamas

ឯកអគ្គរដ្ឋទូត​អ៊ីសា្រអែលប្រចាំ​កូរ៉េខាង​ត្បូងជឿ​ថា​ ក្រុម​សកម្មប្រយុទ្ធ​ហាម៉ាស់​ប៉ាឡេស្ទីន​បាន​ប្រើប្រាស់​អាវុធកូរ៉េខាងជើង​ ក្នុង​ការ​វាយប្រហារ​ទៅ​លើប្រទេស​អ៊ីស្រាអែល ថ្វីបើ​រដ្ឋាភិបាល​កូរ៉េខាងជើង បាន​បដិសេធលើ​ការ​ចោទ​ប្រកាន់​នានា​ដែល​ត្រូវ​បាន​បង្ហោះ​លើប្រព័ន្ធ​អនឡាញ​ថា​គ្មាន​មូលដ្ឋានត្រឹម​ត្រូវ។

ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល ដែល​កំពុង​បម្រើ​ការងារ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​តាំង​ពី​ឆ្នាំ២០២០​ លោក​ Akiva Tor បាន​ប្រាប់វីអូអេ​ភាសា​កូរ៉េតាម​ទូរសព្ទ​ពី​រដ្ឋធានី​សេអ៊ូល​កាល​ពីថ្ងៃ​សៅរ៍​ថា​ ​ក្រុម​សកម្មប្រយុទ្ធហាម៉ាស់​ បានប្រើប្រាស់​អាវុធ​ដែល​ផលិត​ដោយ​ប្រទេស​កូរ៉េខាងជើង។​ ​

លោក​ថែ្លង​ថា៖​ «តំបន់​ហ្កាហ្សា ដែល​ជា​កន្លែង​វាយប្រហារ​មក​លើ​យើង​ ពួក​គេ​បាន​ប្រើប្រាស់​អាវុធ​របស់​កូរ៉េខាង​ជើង។​ វា​អាច​ថា​អាវុធ​ទាំង​នេះស្ថិតនៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​អស់​ពេល​ជា​យូរ​មកហើយ»។​

ចាប់តាំង​ពី​ក្រុម​ហាម៉ាស់​វាយប្រហារ​អ៊ីស្រអែល​កាល​ពី​ថ្ងៃ​ទី​៧​ ខែ​តុលា​មក រូបថត​នៃ​កាំភ្លើងរ៉ុក្កែតបាញ់​លើ​ស្មា​ប្រភេទ F-7 ដែលប្រើ​ជាមួយ​គ្រាប់បែក​ ហើយ​ដែល​ត្រូវ​បានអះអាង​ថាផលិត​នៅ​កូរ៉េខាង​ជើង​នោះ​ ត្រូវ​បាន​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​ X ដែល​គេធ្លាប់​ហៅ​ថា​ជា Twitter នោះ។

លោក ​Bruce Bechtol​ អតីត​មន្ត្រី​ចារកម្មអាមេរិក​មួយ​រូប​នៃទី​ភ្នាក់ងារ​ស៊ើបការណ៍​ការពារជាតិ​អាមេរិក​ បាន​ប្រាប់​វីអូអេ​ភាសារ​កូរ៉េ​ថា​ សម្រាប់​រូប​លោក​ កាំភ្លើង​ម៉ាក​ F-7 ​ក្នុង​រូប​ថត​ដែល​បាន​ផ្សព្វផ្សាយ​នោះមើល​ទៅ​ដូច​ជាអាវុធដែល​មាន​ប្រភពដើមផលិត​នៅ​កូរ៉េខាង​ជើង​ដូច​នេះ​មែន។​

ប្រទេស​កូរ៉េខាង​ជើង​កាល​ពី​ថ្ងៃ​សុក្រ​ បាន​បដិសេធតាមរយៈសេចក្តី​ថ្លែងការណ៍​មួយ​ ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ទី​ភ្នាក់ងារ​សារព័ត៌មាន​មជ្ឈិម​រដ្ឋ​កូរ៉េ ​KCNA ថា ក្រុម​ហាម៉ាស់​មិន​បាន​ប្រើប្រាស់​អាវុធ​របស់​ខ្លួន​ ដើម្បី​វាយប្រហារលើអ៊ីស្រាអែល​នោះ​ទេ។​ ​

ទី​ភ្នាក់ងារ KCNA របស់​កូរ៉េខាង​ជើង​នេះ​ផ្សាយ​ទៀត​ថា​ សហរដ្ឋ​អាមេរិក​ កំពុង​ចែកចាយ«ព័ត៌មាន​ចចាមអារ៉ាម​គ្មាន​ការពិត​និង​គ្មានមូលដ្ឋាន​ត្រឹមត្រូវ‍»​ ដែល​ថា​អាវុធ​របស់​កូរ៉េខាងជើង​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​វាយប្រហារ​ ដែល​ជា​លេស​មួយ ដើម្បី​បង្វែរ​ការ​ស្តី​បន្ទោស​លើ​វិបត្តិ​នៅ​មជ្ឈិមបូព៌ា​ ដែល​បង្កឡើង​ដោយ​នយោបាយ​អនុត្តរភាពខុសឆ្គង​របស់​ខ្លួន​ ទៅ​លើ​ប្រទេស​ទី​៣​មួយ៕