ផ្សារមួយទៀតត្រូវបានបំផ្លាញនៅតំបន់ Gaza។ ផ្សារនេះនៅក្នុងជំរំជនភៀសខ្លួន Jabalia។
កម្រិតនៃការស្លាប់និងរបួសជនស៊ីវិលជាច្រើនកំពុងធ្វើឱ្យលោកប្រធានាធិបតីអាមេរិក Joe Biden ព្រួយបារម្ភខ្លាំងឡើង។
លោកថ្លែងថា៖ «យើងបានបញ្ជាក់យ៉ាងច្បាស់ដល់ភាគីអ៊ីស្រាអែល ហើយពួកគេបានដឹងថា សុវត្ថិភាពរបស់ប្រជាជនប៉ាឡេស្ទីនស្លូតត្រង់នៅតែជាកង្វល់ដ៏ធំ។ ដូច្នេះហើយសកម្មភាពដែលពួកគេកំពុងធ្វើត្រូវតែស្របនឹងការប៉ុនប៉ងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីការពារជនស៊ីវិលប៉ាឡេស្ទីនស្លូតត្រង់មិនឱ្យត្រូវគេធ្វើបាប ធ្វើឃាត សម្លាប់ បាត់ខ្លួន ជាដើម។
លោក Biden បាននិយាយដូច្នេះក្នុងអំឡុងពេលបង្ហាញខ្លួនក្នុងយុទ្ធនាការមួយកាលពីថ្ងៃទី១២ ខែធ្នូ ថា អ៊ីស្រាអែលកំពុងបាត់បង់ការគាំទ្រពីអន្តរជាតិជុំវិញការទម្លាក់គ្រាប់បែកមិនរើសមុខរបស់ខ្លួន។ នេះជាការរិះគន់ជាសាធារណៈខ្លាំងបំផុតរបស់លោកចំពោះអ៊ីស្រាអែល។
យោងតាមសេចក្តីប្រកាសព័ត៌មានសេតវិមាន លោកថ្លែងថា នាយករដ្ឋមន្ត្រី Benjamin Netanyahu ត្រូវការផ្លាស់ប្តូរសម្ពន្ធភាពរបស់លោក និងផ្តល់អំណាចដល់អាជ្ញាធរប៉ាឡេស្ទីន ដើម្បីក្លាយជាដៃគូក្នុងដំណើរការសន្តិភាព។
លោក Biden និយាយចំឈ្មោះរដ្ឋមន្ត្រីសន្តិសុខជាតិស្តាំនិយមរបស់អ៊ីស្រាអែលលោក Itamar Ben-Gvir ដែលប្រឆាំងនឹងដំណោះស្រាយមានរដ្ឋពីរ។
អត្ថាធិប្បាយលោក Biden បានកើតឡើងពេលប្រទេសចំនួន ១៥៣ បានបោះឆ្នោតគាំទ្រលើសលប់ចំពោះសេចក្តីសម្រេចអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់។ ប្រទេសចំនួន ១០ បានជំទាស់នឹងវិធានការនេះ ខណៈប្រទេសចំនួន ២៣ បានអនុប្បវាទ។
លោក Riyad Mansour អ្នកសង្កេតការណ៍អចិន្ត្រៃយ៍ប៉ាឡេស្ទីននៅអង្គការសហប្រជាជាតិថ្លែងថា៖ «ភារកិច្ចរបស់យើងគឺព្យាយាមជួយសង្គ្រោះអ្នកដែលនៅមានជីវិត ដោយធ្វើឱ្យសេចក្តីសម្រេចនេះត្រូវបានអនុម័ត និងដោយបង្ខំអ៊ីស្រាអែលឱ្យអនុវត្តតាម។ ហើយអ្នកដែលការពារអ៊ីស្រាអែលត្រូវគោរពតាមឯកច្ឆន្ទភាពជាសាកល»។
ការបោះឆ្នោតនេះបានធ្វើបន្ទាប់ពីសេចក្តីសម្រេចស្រដៀងគ្នារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី៨ ខែធ្នូ ដែលបរាជ័យដោយសារអាមេរិកវេតូ ដែលនេះជាជំហរមួយត្រូវក្រុមអ្នករិះគន់និយាយថាបានបំផ្លាញផលប្រយោជន៍អាមេរិកហួសពីមជ្ឈិមបូព៌ា។
លោក Josh Paul អតីតអ្នកការទូតអាមេរិក ដែលបានលាលែងពីតំណែង ក្នុងការតវ៉ាជុំវិញគោលនយោបាយរបស់សហរដ្ឋអាមេរិកនៅអ៊ីស្រាអែលថ្លែងតាមប្រព័ន្ធ Skype ថា៖ «ប៉ុន្តែ កន្លែងដែលយើងកំពុងតវ៉ាគ្នា ឧទាហរណ៍នៅក្នុងអង្គការសហប្រជាជាតិ ដើម្បីទទួលបានការគាំទ្រពីប្រទេសកំពុងអភិវឌ្ឍនៅភាគខាងត្បូង សម្រាប់ការថ្កោលទោសដ៏ត្រឹមត្រូវរបស់យើងចំពោះការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែនដ៏គួរឱ្យស្អប់ខ្ពើម។ យើងក៏នឹងបាត់សន្លឹកឆ្នោតដែរ បើគេមើលឃើញថាយើងលាក់ពុតមិនយុត្តិធម៌ បើគេឃើញថាយើងដើរចេញពីគុណតម្លៃរបស់យើង»។
សេចក្តីសម្រេចរបស់មហាសន្និបាតអ.ស.ប.គឺមិនជាប់កាតព្វកិច្ចទេ ប៉ុន្តែមានទម្ងន់នយោបាយ។
លោក Richard Gowan នាយកប្រចាំអង្គការសហប្រជាជាតិនៃក្រុមដោះស្រាយវិបត្តិអន្តរជាតិ ឬ International Crisis Group ថ្លែងតាមប្រព័ន្ធ Skype ថា៖ «ក្រុមមន្ត្រីអ.ស.ប. និងរដ្ឋសមាជិករបស់អ.ស.ប.ភាគច្រើន គឺគ្រាន់តែស្វែងរកគ្រប់មធ្យោបាយដែលអាចធ្វើទៅបានដើម្បីបង្កើតនូវសម្ពាធខាងសីលធម៌លើសហរដ្ឋអាមេរិក ឱ្យផ្លាស់ប្តូរឥរិយាបថរបស់ខ្លួនប៉ុណ្ណោះ»។
អ៊ីស្រាអែល និងអ្នកគាំទ្របានថ្លែងថា បទឈប់បាញ់នឹងផ្តល់ផលប្រយោជន៍ដល់ក្រុមហាម៉ាស់តែប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យពួកគេប្រមូលផ្តុំគ្នាឡើងវិញដើម្បីវាយប្រហារអ៊ីស្រាអែលនាពេលអនាគត។
អ្នកស្រី Julie Rayman នាយិកាគ្រប់គ្រងគោលនយោបាយ និងកិច្ចការនយោបាយ នៅក្រុមតស៊ូមតិឈ្មោះគណៈកម្មាធិការជ្វីហ្វអាមេរិក បានថ្លែង តាមរយៈ Skype ថា៖ «រឿងនេះអនុញ្ញាតឱ្យក្រុមហាម៉ាស់មានភាពស្របច្បាប់ដែលខ្លួនមិនគួរទទួលបាន។ វាជាការផ្តល់ទំនុកចិត្តដល់មេដឹកនាំភេរវករ ដែលបានបង្ហាញយ៉ាងច្បាស់ថាពួកគេមិនគួរឱ្យទុកចិត្តបាន»។
បន្ទាប់ពីការវាយប្រហារថ្ងៃទី៧ ខែតុលារបស់ក្រុមហាម៉ាស់នៅអ៊ីស្រាអែលដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១.២០០នាក់ការឆ្លើយតបនឹងការវាយប្រហារដោយអ៊ីស្រាអែលវិញនៅតំបន់ហ្កាហ្សាបានសម្លាប់មនុស្សជាង១៨.០០០នាក់។ នេះបើតាមការរាប់ចំនួនប្រជាជនដោយភាគីប៉ាឡេស្ទីននៅក្នុងយុទ្ធនាការបង្ហូរឈាមខ្លាំងបំផុត នៃជម្លោះដែលអូសបន្លាយរាប់ទសវត្សរ៍កន្លងមក៕
ប្រែសម្រួលដោយលោក សុខ ខេមរា