នៅក្នុងការវាយប្រហារភេរវកម្មដោយប្រើកាំភ្លើង និងគ្រាប់បែកផ្ទួនៗគ្នានៅទីក្រុងហ្សាការតាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលក្រុមរដ្ឋឥស្លាមអះអាងថាជាស្នាដៃរបស់ខ្លួននោះ បានបណ្តាលឲ្យមនុស្ស៧នាក់ស្លាប់ ដោយរួមទាំងអ្នកវាយប្រហារទាំង៥នាក់ផងដែរ។ មានអ្នករងរបួសចំនួន២០នាក់ ហើយក្នុងនោះក៏មានជនបរទេសផងដែរ។
ស្នងការប៉ូលិសនៅទីក្រុងហ្សាការតាបានបញ្ចេញឈ្មោះជនជាតិឥណ្ឌូនេស៊ីម្នាក់នៅប្រទេសស៊ីរីដែលបានចូលរួមប្រព្រឹត្តរឿងនេះ។ លោកស្នងការប៉ូលិស Tito Karnavian បានថ្លែងប្រាប់អ្នកសារព័ត៌មានថា «គ្រប់មេដឹកនាំរបស់ក្រុមរដ្ឋឥស្លាមនៅអាស៊ីអាគ្នេយ៍កំពុងតែប្រជែងគ្នាដើម្បីក្លាយជាមេដឹកនាំនៅក្នុងតំបន់នេះ។ ហេតុដូច្នេះហើយទើបអ្នកប្រយុទ្ធរបស់ក្រុមរដ្ឋឥស្លាមជនជាតិឥណ្ឌូនេស៊ីម្នាក់ដែលមានឈ្មោះថា Bahrun Naim បានរៀបចំផែនការវាយប្រហារនេះឡើង»។
ក្រុមសកម្មប្រយុទ្ធបានធ្វើការបាញ់ប្រហារជាមួយនឹងក្រុមប៉ូលិសពេញមួយថ្ងៃ។ នៅពេលរសៀល អាជ្ញាធរបានប្រកាសថា ការវាយប្រហារនោះបានបញ្ចប់ហើយ ហើយក្រុមសកម្មប្រយុទ្ធទាំង៥នាក់ត្រូវបានសម្លាប់។ ប៉ូលិសបានថ្លែងថា ជនជាតិកាណាដាម្នាក់ និងជនជាតិឥណ្ឌូនេស៊ីម្នាក់ក៏ត្រូវបានសម្លាប់ផងដែរ។
លោក Frans Demon អ្នកសារព័ត៌មាននៃ VOA ដែលផ្សាយជាភាសាឥណ្ឌូនេស៊ី បាននិយាយថា «កន្លែងកើតហេតុគឺជាកន្លែងទិញទំនិញដ៏មានប្រជាប្រិយភាព ដោយមានភោជនីយដ្ឋាន និងអាគារការិយាល័យផងដែរ ហើយការិយាល័យរបស់អង្គការសហប្រជាជាតិស្ថិតនៅចម្ងាយប្រមាណ៥០ម៉ែត្រពីទីនោះ។ ស្ថានទូតអាមេរិកមានចម្ងាយប្រមាណ៤០០ ឬ៥០០ម៉ែត្រពីទីនោះ ដែលមិនឆ្ងាយពីខុទ្ទកាល័យប្រធានាធិបតីប៉ុន្មាននោះទេ។ ដូច្នេះ នេះគឺជាទីកន្លែងដ៏សំខាន់មួយ»។
ខណៈពេលដែលប៉ូលិសកំពុងបោសសម្អាតវិថី Tamarin ដែលជាកន្លែងកើតហេតុ ពួកគេបានរកឃើញគ្រាប់បែកធំចំនួនមួយគ្រាប់ និងគ្រាប់បែកតូចៗចំនួន៥គ្រាប់ដែលមិនបានផ្ទុះ។ ពួកគេនៅមិនទាន់ច្បាស់នៅឡើយទេថាហេតុអ្វីបានជាគ្រាប់បែកទាំងនោះមិនផ្ទុះ៕