ក្រុមមន្រ្តីអាហ្វហ្គានីស្ថាននិយាយថា ពួកជនដាក់គ្រាប់បែកអត្តឃាតប្រដាប់ទៅដោយអាវុធធន់ធ្ងន់បានវាយប្រហារលើកន្លែងគោរពសក្ការៈបូជាជនជាតិភាគតិចសិកនៅក្នុងរដ្ឋធានីកាប៊ុល បានសម្លាប់អ្នកសូត្រធម៌យ៉ាងតិចណាស់ ២៥នាក់ និងធ្វើឲ្យរងរបួសយ៉ាងតិចណាស់ ៨នាក់ទៀតផងដែរ។
ក្រុមរដ្ឋឥស្លាមបានអះអាងទទួលខុសត្រូវចំពោះការវាយឆ្មក់ដ៏ប្រល័យនេះក្នុងតំបន់ភាគកណ្តាលនៃរដ្ឋធានីរបស់អាហ្វហ្គានីស្ថាននេះ។ នេះបើតាមវេបសាយរបស់ក្រុមស៊ើបការណ៍សម្ងាត់ដែលបានផ្តល់ការប្រុងប្រយ័ត្ននិងការបកប្រែបណ្តាញព័ត៌មានរបស់ក្រុមជីហាដ។
ភ្លាមៗបន្ទាប់ពីការវាយប្រហារនៅពេលព្រឹកបានចាប់ផ្តើម កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបានឡោមព័ទ្ធវិហារនោះ ហើយបានសម្លាប់ពួករដ្ឋឥស្លាម៤នាក់នៅក្នុងការប្រយុទ្ធតបតគ្នាមួយដែលមានរយៈពេលជាង៥ម៉ោង។ នេះបើតាមលោក Tariq Arian អ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន។ លោកមិនបានផ្តល់សេចក្តីលម្អិតភ្លាមៗអំពីចំនួនមនុស្សស្លាប់និងរបួសទេ។
លោកបាននិយាយថា មនុស្សរាប់សិបនាក់បានជាប់នៅខាងក្នុងវិហារនិកាយស៊ីកនោះក្នុងអំឡុងនៃការជួយការឡោមព័ទ្ធនោះ។មនុស្ស១៥០នាក់ បានស្ថិតនៅក្នុងវិហារនោះនិងមជ្ឈមណ្ឌលសហគមន៍នោះ។
សហគមន៍ជនជាតិភាគតិចស៊ីកនិងហិណ្ឌូក្នុងប្រទេសអាហ្វហ្គានីស្ថានបានរងការវាយប្រហារជាច្រើនលើកដោយពួកជ្រុលនិយមឥស្លាម។ អ្នកដាក់គ្រាប់បែកអត្តឃាតម្នាក់បានសម្លាប់ពួកសមាជិកជនជាតិភាគតិចទាំង២ចំនួន១៧នាក់ រួមមានសមាជិកសភានៅក្នុងទីក្រុង Jalalabad ភាគខាងកើតនៅឆ្នាំ២០១៨ផង៕