ការវាយប្រហារអត្តឃាតមួយក្នុងអាគារមួយក្នុងក្រុងកាប៊ុលដែលមានមជ្ឈមណ្ឌលវប្បធ៌មឥស្លាមShi'ite មួយមានចំណងទាក់ទងជាមួយប្រទេសអ៊ីរ៉ង់នៅក្នុងនោះ បានបណ្តាលឱ្យមនុស្សរាប់សិបនាក់ស្លាប់និងរបួស។
លោក Nusrat Rahimi អ្នកនាំពាក្យរងនៃក្រសួងក្រសួងមហាផ្ទៃប្រទេសអាហ្វហ្គានីស្ថាន បានបញ្ជាក់ប្រាប់វីអូអេថាមនុស្ស៤០នាក់បានបាត់បង់ជីវិតហើយមនុស្ស៣០នាក់ទៀតបានត្រូវរបួសហើយលោករំពឹងថាចំនួនមនុស្សស្លាប់នឹងកើនច្រើនថែមទៀត។
ក្រុមរដ្ឋឥស្លាមបានអះអាងទាមទារការទទួលខុសត្រូវដល់ការវាយប្រហារនេះ។សេចក្តីថ្លែងការណ៍មួយតាមបណ្តាញ Internet ចែងថាការវាយប្រហារនេះបានត្រូវធ្វើឡើងដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ហើយថាគ្រាប់បែកបីគ្រាប់ទៀតបានត្រូវប្រើប្រាស់ក្នុងការវាយប្រហារនេះដែរ។ ក្រុមរដ្ឋឥស្លាមក៏បានអះអាងទាមទារការទទួលខុសត្រូវដល់ការវាយប្រហារកាលពីពេលមុនៗលើកន្លែងសក្ការៈបូជានិងក្បួនដង្ហែររបស់ក្រុម Shi'ite នៅក្នុងក្រុងកាប៊ុលនិងកន្លែងឯទៀតៗក្នុងប្រទេសអាហ្វហ្គានីស្ថានដែរ។
ក្រុមអ្នកឃើញហេតុការណ៍ដោយផ្ទាល់បានរាយការណ៍ថាអ្នកដាក់គ្រាប់បែកនេះបានបំផ្ទុះខ្លួនឯងនៅជិតការប្រជុំធំមួយនៅក្នុងផ្នែកក្រោមដីនៃមជ្ឈមណ្ឌលសង្គមកិច្ចនិងវប្បធ៌ម Tebyan ក្នុងរយៈពេលខ្លីមុនគ្រាប់បែកឯទៀតៗបានផ្ទុះ។
លោក Mohammad sabir Nasib នាយកមន្ទីរពេទ្យមួយក្នុងក្រុងកាប៊ុលបាននិយាយប្រាប់ VOA ថាក្រុមគេបានទទួលសាកសពមនុស្សយ៉ាងតិចណាស់១១នាក់និងមនុស្សរបួសធ្ងន់១៨នាក់ដោយលោកបាននិយាយថាចំនួនមនុស្សស្លាប់ទំនងជានឹងកើនឡើងច្រើនថែមទៀត។ លោកបាននិយាយបន្ថែមថាក្រុមស្ត្រីឋិតក្នុងចំណោមក្រុមមនុស្សដែលបានបាត់បង់ជីវិត។
ការិយាល័យនៃអង្គការផ្សាយព័ត៌មានទីភ្នាក់ងារសំឡេងអាហ្វហ្គានីស្ថាន ហៅកាត់ថា AVA នៅជិតមជ្ឈមណ្ឌលវប្បធ៌មនេះដែរ។ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថាយ៉ាងហោចណាស់មានអ្នកកាសែតម្នាក់របស់ទីភ្នាក់ងារ AVA បានឋិតក្នុងចំណោមមក្រុមជនដែលស្លាប់។
លោកប្រធានាធិបតី អាហ្វហ្គានីស្ថានAshraf Ghani បានហៅការវាយប្រហារនេះថាជា «ឧក្រិដ្ឋកម្មមួយប្រឆាំងនឹងមនុស្សជាតិ»។
វិមានប្រធានាធិបតីនៃប្រទេសអាហ្វហ្គានីស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថារដ្ឋាភិបាលអាហ្វហ្គានីស្ថាន ប្តេជ្ញាថានឹងកម្ចាត់ភេរវកម្ម៕