នៅពេលដែលយន្តហោះទី១ចុះចតនៅក្នុងព្រលានយន្តហោះថ្មីនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃចន្ទសប្តាហ៍ក្រោយនោះ វានឹងក្លាយជាព្រឹត្តការណ៍មួយ ជាអ្វីដែលពួកអ្នកវិភាគយល់ថា ជាដំណើរឆ្ពោះទៅរកភាពជោគជ័យរបស់តួកគី ក្នុងការទទួលបានការវិនិយោគទុនច្រើនជាងពេលដែល ប្រទេសនេះមានវិស័យការទូតបែបបុរាណនោះ។
ពួកអ្នកវិភាគនិយាយថា លោកប្រធានាធិបតី Recep Tayyip Erdogan បានបង្កើនយុទ្ធសាស្រ្តពាណិជ្ជកម្ម និងការផ្តួចផ្តើមវិនិយោគទុន នៅអំឡុងដំណើរទស្សនកិច្ចរបស់លោកនៅក្នុងរដ្ឋធានីរបស់ប្រទេសក្នុងសហភាពអ៊ឺរ៉ុប ក្នុងគោលបំណងធ្វើឲ្យប្រទេសរបស់លោកក្លាយជាប្រទេសទី២បន្ទាប់ពីចិននៅក្នុងគម្រោងសំណង់ធន់ធ្ងន់ ដោយមិនអើពើចំពោះការរិះគន់របស់ក្រុមសិទ្ធិមនុស្សចំពោះប្រវត្តិសិទ្ធិមនុស្សដែលធ្លាប់បានរាំងខ្ទប់ប្រទេសតួកគីមិនឲ្យចូលក្នុងសហភាពអឺរ៉ុបបាននោះ។
ព្រលានយន្តហោះទី៣នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលដែលនឹងចាប់បើកដំណើរការជាផ្លូវការនៅនុងខែតុលាខាងមុខនេះ នឹងអាចទទួលអ្នកធ្វើដំណើរបានរហូតដល់២០០លាននាក់ក្នុងមួយឆ្នាំ។ ព្រលានយន្តហោះនេះនឹងក្លាយជាទីតាំងកណ្តាលភ្ជាប់ទៅប្រទេសនានានៅក្នុងពិភពលោក និងធ្វើឲ្យតួកគីក្លាយជាប្រទេសសម្រាប់ឆ្លងកាត់ទៅអ៊ឺរ៉ុប និងអាស៊ី។
ការវិនិយោគរបស់សហភាពអ៊ឺរ៉ុបគឺជាវិស័យមួយដ៏សំខាន់របស់គម្រោងធំៗជាច្រើននៅក្នុងប្រទេសតួកគី មានដូចជាគម្រោងសាងសង់ព្រលានយន្តហោះ និងគម្រោងសាងសង់កន្លែងផលិតថាមពលដោយកង្ហារខ្យល់ដែលមានទឹកប្រាក់ជាច្រើនពាន់លានដុល្លារដែលទើបតែប្រកាសនៅសប្តាហ៍នេះ ហើយលោក Erdogan កំពុងស្វះស្វែងរកគម្រោងធំៗច្រើនបន្ថែមទៀត៕