ពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាមបញ្ជូនកងកម្លាំងបន្ថែមទៅក្នុងក្រុង Ramadi នៅពេលដែលនាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីរ៉ាក់ប្តេជ្ញាថា នឹងវាយយកក្រុងនេះពីពួក រដ្ឋឥស្លាមមកវិញក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ គេក៏បាននិយាយដែរថា ប្រទេសអ៊ីរ៉ង់គ្រោងនឹងបញ្ជូនកងកម្លាំងរបស់ខ្លួនផ្ទាល់ទៅការពារក្រុងពិសិដ្ឋ Karbala នៃសាសនាឥស្លាមនិកាយ Shia ដែលឋិតនៅខាងត្បូងក្រុងបាដាដ។
កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ប្រយុទ្ធប្រឆាំងនឹងពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាមនៅខាងកើតក្រុង Ramadi ដែលជាទីរួមខេត្ត Anbar នៅពេលមានរបាយការណ៍មិនទាន់ត្រូវបញ្ជាក់អំពីការវាទីបានបន្តិចបន្តួចដោយកម្លាំងរដ្ឋាភិបាល។ ទីភ្នាក់ងារព័ត៌មានមួយរបស់អ៊ីរ៉ាក់បានអះអាងថា កងទ័ពស្រួចរបស់រដ្ឋាភិបាលបានវាយយកបានមកវិញនូវក្រុង Ta'ash ឋិតនៅចម្ងាយ១០គ.ម.ខាងកើតក្រុង Ramadi។
បណ្តាញផ្សាយព័ត៌មានរបស់រដ្ឋនៃប្រទេសអ៊ីរ៉ាក់ក៏បាននិយាយដែរថា កងកម្លាំងរដ្ឋាភិបាលបានវាយរុញច្រានពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាមនៅជិតក្រុង Ramadi ដោយបានសម្លាប់ពួកជនសកម្មប្រយុទ្ធ២៧នាក់។
លោក Ahmed Assadi ជាអ្នកនាំពាក្យនៃក្រុមជីវពលស្ម័គ្រចិត្ត Shi'ite ដែលនាំមុខនៅក្នុងការប្រយុទ្ធប្រឆាំងនឹងពួករដ្ឋឥស្លាម។ លោកបាននិយាយទទូចថា ពួកយុទ្ធជនរបស់លោកបានវាយរុញច្រានពួកជនសកម្មប្រយុទ្ធទាំងនេះចេញពីក្រុង Quseiba ដោយបានសម្លាប់ពួកឧទ្ទាមរាប់សិបនាក់ ហើយប្រុងប្រៀបដើម្បីវាយយកដែនដីថែមទៀតនៅពេលពួកគេមានការរៀបចំល្អប្រសើរជាងមុន។
ការតស៊ូរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ក្នុងការវាយយកមកវិញនូវដែនដីដែលបានបាត់បង់ទៅក្នុងកណ្តាប់ដៃពួករដ្ឋឥស្លាមបានត្រូវនិយាយសម្រាលដោយលោក Haidar al Abadi នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ដែលបាននិយាយប្រាប់ទូរទស្សន៍ និងវិទ្យុអង់គ្លេស BBC ថា កងកម្លាំងលោកនឹងវាយយកមកវិញនូវក្រុង Ramadi ដែលជាធានីនៃខេត្ត Anbar ក្នុងពេលប៉ុន្មានថ្ងៃទៀតនេះ។ ទូរទស្សន៍អ៊ីរ៉ាក់ក៏បានបង្ហាញលោក Abadi ជួបជាមួយមេប៉ូលិសថ្មីនៃខេត្ត Anbar ដែលបាននិយាយអះអាងស្រដៀងគ្នាដែរ៕
ប្រែសម្រួលដោយ ឈឹម សុមេធ