ក្រុម​រដ្ឋ​ឥស្លាម​សម្លាប់​មនុស្ស​១២​នាក់​នៅ​មូលដ្ឋាន​យោធា​អ៊ីរ៉ាក់​មួយ​

រូប​ឯកសារ៖ កង​កម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​ត្រៀម​ខ្លួន​វាយ​ប្រហារ​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម​ នៅឯ​ជំរុំ​ Speicher ជួរ​មុខ​ក្នុង​ទីក្រុង​ Tikrit ចម្ងាយ​១៣០​គីឡូម៉ែត្រភាគ​ខាង​ជើង​ក្រុង​បាដាដ នៅ​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៥។​

ក្រុម​មន្ត្រី​អ៊ីរ៉ាក់​បាន​និយាយ​ថា​ អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាតប្រាំ​នាក់​មក​ពី​ក្រុម​រដ្ឋ​ឥស្លាម​បាន​ធ្វើការ​វាយ​ប្រហារលើ​មូលដ្ឋាន​យោធា​អ៊ីរ៉ាក់​មួយ​ នៅ​ភាគ​ខាង​ជើង​ក្រុង​បាកដាដ (Baghdad) កាល​ពី​ថ្ងៃ​អាទិត្យ ​បណ្តាល​ឱ្យ​សមាជិក​នៃ​កងកម្លាំង​សន្តិសុខ​យ៉ាង​តិច​ណាស់​១២​នាក់​ស្លាប់​និង​បាន​ធ្វើ​ឱ្យ​២០​នាក់​ទៀត​ត្រូវ​របួស។

ជន​ពីរ​នាក់​ក្នុង​បណ្តា​អ្នក​ដាក់​គ្រាប់​បែក​ទាំង​នេះ​បាន​បំផ្ទុះ​ឡាន​ពួក​គេ​មាន​ផ្ទុក​ដោយ​គ្រឿង​ផ្ទុះ​នៅ​ឯ​ខ្លោង​ទ្វារ​ខាង​លិច​នៃ​បន្ទាយ​ Camp Speicher ជា​អតីត​មូលដ្ឋាន​ស.រ.អា.មួយ​នៅ​ខាង​ក្រៅ​ក្រុង​ Tikrit ដែល​មាន​អ្នកស្រុក​ភាគ​ច្រើន​ជា​អ្នក​កាន់​សាសនា​ឥស្លាម​និកាយ​ស៊ុននី​(Sunni)។

ប្រភព​ប៉ូលិស​និង​យោធា​នៅ​ក្នុង​ទីបញ្ជាការ​កិច្ច​ប្រតិបត្តិការ​ Salahuddin​ បាន​និយាយ​ថា​អ្នក​ធ្វើការ​វាយ​ប្រហារ​បី​នាក់​ទៀត​បាន​បំផ្ទុះ​ខ្លួន​ឯង​នៅ​ពេល​ពួក​គេ​បាន​ចូល​ទៅ​ដល់​ផ្នែក​នៃ​មូលដ្ឋាន​នេះ ​ដែល​ប៉ូលិស​រដ្ឋាភិបាល​អ៊ីរ៉ាក់​កំពុង​ធ្វើការ​ហ្វឹកហ្វឺន។

ក្រុម​រដ្ឋ​ឥស្លាម​ដែល​ជា​ជន​សកម្ម​ប្រយុទ្ធ​ត្រួតត្រាផ្នែក​ខ្លះ​ក្នុង​ភាគ​ខាង​ជើង​និង​ខាង​លិច​នៃ​ប្រទេស​អ៊ីរ៉ាក់​បាន​អះអាង​ទាមទារ​ការ​ទទួល​ខុស​ត្រូវ​ដល់​ការបំផ្ទុះ​គ្រាប់បែក​ទាំង​នេះ ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចែក​ចាយ​ដល់​ក្រុម​អ្នកគាំទ្រ​តាម​បណ្តាញ​អ៊ីនធើណិត។

​សេចក្តី​ថ្លែង​ការណ៍​នេះ​និយាយ​ថា​ ក្រុម​រដ្ឋ​ឥស្លាម​បាន​យក​ទីដៅ​វាយ​ប្រហារ​លើ​ «ក្រុម​អ្នកហ្វឹកហ្វឺន​មក​ពី​កងទ័ព​ rejectionist» ជា​ពាក្យ​មួយ​ប្រើ​ដោយ​ក្រុម​បះបោរ​និកាយ​ Sunni នេះ​ដើម្បី​សម្គាល់​ក្រុម​អ្នក​គោរព​សាសនា​ឥស្លាម​និកាយ​ស៊ីអ៊ីត​ (Shi'ite)។​

ប្រទេស​អ៊ីរ៉ាក់​មាន​វិបត្តិ​ធ្ងន់ធ្ងរ​ដោយសារ​ជម្លោះ​ខាង​និកាយ​សាសនា​ ដោយ​ភាគ​ច្រើន​រវាង​ក្រុម​ Shi'ites និង​ក្រុម​ Sunnis ដែល​បាន​កើន​ខ្លាំង​ឡើងៗ​ដោយ​ការ​លេច​ឡើង​នៃ​ក្រុម​បះបោរ​ Sunni ជ្រុល​និយម​ហួស​ហេតុ​គឺ​ក្រុម​រដ្ឋ​ឥស្លាម​៕