ក្រុម​រដ្ឋ​ឥស្លាម​អះអាង​ទទួល​ខុសត្រូវ​លើ​ការ​វាយប្រហារ​ទៅ​លើ​នាវា​ចម្បាំង​អេហ្ស៊ីប

នាវា​យោធា​របស់​អេហ្ស៊ីប​សង្រ្គោះ​នាវា​មួយ​ទៀត​ដែល​ឆេះ​នៅ​សមុទ្រ​មេឌីទែរ៉ាណេ (Mediterranean Sea) កាលពី​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥។

ក្រុម​ស៊ើបការ​សម្ងាត់​ SITE ​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ សាខា​ពួក​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​និយាយ​ថា ​ពួកគេ​បាន​បាញ់​មីស៊ីល​មួយ​គ្រាប់​ទៅ​លើ​នាវា​មួយ​គ្រឿង​នៃ​កងទ័ព​ជើង​ទឹក​រដ្ឋាភិបាល​នៅ​ក្នុង​លំហ​សមុទ្រ​ទល់​មុខ​នឹង​ប៉ែក​ខាង​ជើង​នៃតំបន់​ Sinai។

រូបថត​ដែល​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​អ៊ិនធឺណិត​ហាក់​ដូចជា​បង្ហាញ​ឱ្យ​ឃើញ​ពី​រ៉ុក្កែត​មួយ​គ្រាប់​បាញ់​ត្រូវ​កប៉ាល់​យោធា​មួយ​គ្រឿង។​ គេ​មិន​អាច​បញ្ជាក់​បាន​ទេ​អំពី​ភាព​ត្រឹមត្រូវ​នៃ​រូបថត​ទាំងនេះ។

ក្រុម​មន្ត្រី​អេហ្ស៊ីប​បាន​និយាយ​ថា​ នាវា​នៃ​កងទ័ព​ជើង​ទឹក​មាន​អគ្គីភ័យ​នៅ​ក្រោយ​មាន​ការ​ប៉ះទង្គិច​មួយ​ជាមួយ​ពួក​ជន​សកម្ម​ប្រយុទ្ធ ​ហើយ​ថា​ គ្មាន​មនុស្ស​ស្លាប់​ទេ​ក្នុង​ចំណោម​ក្រុម​នាវិក​កប៉ាល់​នោះ​ទេ។

កាលពី​ពេល​មុន​នេះ​ក្នុង​ខែ​នេះ​ ក្រុម​រដ្ឋ​ឥស្លាម​បាន​អះអាង​ទាមទារ​ការ​ទទួល​ខុស​ត្រូវ​ដល់​ការ​វាយ​ប្រហារ​ភេរវកម្ម​ធំ​មួយ​លើ​កន្លែង​ឆែកឆេរ​នៃ​កងទ័ព​ជើង​គោក​អេហ្ស៊ីប​នៅ​ក្នុង​ឧបទ្វីប Sinai ​បណ្តាល​ឱ្យ​ទាហានយ៉ាង​តិច​ណាស់៦៤​នាក់​ស្លាប់។​

មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​បាន​និយាយ​ថា​ ការ​វាយ​ប្រហារ​នេះ​ជា​ «ការ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​ទេ ​បើ​យើង​និយាយ​អំពី​ចំនួន​ពួក​ភេរវជន​ដែល​មានទាក់ទិន​នឹង​ការ​វាយ​ប្រហារនេះ​ និង​អំពី​គ្រឿង​អាវុធ​ដែល​ពួក​វា​បាន​ប្រើប្រាស់» ដោយ​មាន​រួម​បញ្ចូល​រ៉ុក្កែត​ធុន​ B-40 និង​គ្រាប់បែក​ដាក់​ក្នុង​ឡាន​ផងដែរ៕