ពួកភេរវជនរដ្ឋឥស្លាម បានអះអាងទាមទារការទទួលខុសត្រូវដល់ការវាយប្រហារបំផ្ទុះគ្រាប់បែកនៅក្នុងក្រុងកាប៊ុល កាលពីថ្ងៃសៅរ៍ដែលបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់៨០នាក់ស្លាប់ និងធ្វើឱ្យមនុស្សរាប់រយនាក់ទៀតត្រូវរបួសនៅក្នុងការហែក្បួនធ្វើការតវ៉ាធំមួយ។
គេហទំព័រមួយមានចំណងទាក់ទងជាមួយពួកភេរវជនរដ្ឋឥស្លាម បានអះអាងទាមទារការទទួលខុសត្រូវដល់អំពើហិង្សានេះ។ សេចក្តីថ្លែងការណ៍មួយបាននិយាយថា ការវាយប្រហារនេះមានគោលដៅព្រមានពួកជនអំបូរ Hazaras នៃប្រទេសអាហ្វហ្គានីស្ថាន ដែលភាគច្រើនជាអ្នកកាន់សាសនាឥស្លាម និកាយ Shia ឱ្យឈប់ចូលរួមជាមួយរដ្ឋាភិបាលស៊ីរីនៅក្នុងការប្រយុទ្ធប្រឆាំងនឹងពួកភេរវជននេះ។
សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន បញ្ជាក់ថាអ្នកដាក់គ្រាប់បែកអត្តឃាតបីនាក់បានធ្វើការវាយប្រហារលើពួកអ្នកធ្វើបាតុកម្មដោយសន្តិវិធី។ សេចក្តីថ្លែងការណ៍នេះបានថ្លែងថា អ្នកធ្វើការវាយប្រហារម្នាក់បានបំផ្ទុះគ្រឿងផ្ទុះរបស់ក្នុងចំណោមពួកបាតុករ ម្នាក់ទៀតបានសម្លាប់ខ្លួនឯងដោយការភ័ន្តច្រឡំ ហើយជនទីបីបានត្រូវបាញ់សម្លាប់ដោយកងកម្លាំងសន្តិសុខដែលយាមការពារការហែក្បួននោះ។
ការវាយប្រហារនេះបានកើតមានឡើងនៅពេលដែលពួកជនអំបូរ Hazaras រាប់ពាន់នាក់បានដើរនៅតាមផ្លូវទាមទារសុំឱ្យគេបង្វែរខ្សែភ្លើងអគ្គិសនីដែលគេគ្រោងដាក់ឱ្យកាត់តាមខេត្ត Bamiyan ក្រីក្ររបស់ពួកគេក្នុងផ្នែកកណ្តាលនៃប្រទេសប្រទេសអាហ្វហ្គានីស្ថាន។
ពួកការពារសិទ្ធិមនុស្ស និងពួកអ្នកធ្វើវិភាគបានចោទប្រកាន់អាជ្ញាធរអ៊ីរ៉ង់ ថាបានជ្រើសរើសនិងហ្វឹកហ្វឺនពួកបុរសពីក្នុងចំណោមជនភៀសខ្លួនអាហ្វហ្គានីស្ថាន ជិតបីលាននាក់ដែលរស់នៅក្នុងប្រទេសអ៊ីរ៉ង់ ដោយមានរួមបញ្ចូលទាំងជនភៀសខ្លួនបានចុះឈ្មោះប្រមាណមួយលាននាក់ផង ហើយបានបញ្ជូនពួកគេទៅកាន់ប្រទេសស៊ីរីឱ្យរួមប្រយុទ្ធជាមួយកងកម្លាំងរដ្ឋាភិបាល។
លោកប្រធានាធិបតី Ashraf Ghani នៃប្រទេសអាហ្វហ្គានីស្ថានបានថ្កោលទោសអំពើហិង្សានេះថា ជាសកម្មភាពរបស់ «ពួកភេរវជននិងពួកឱកាសនិយម»ដោយលោកបានមានប្រសាសន៍ថា រដ្ឋាភិបាលបានចាត់វិធានការដើម្បីផ្តល់សន្តិសុខដល់ពួកបាតុករ។
លោកបានមានប្រសាសន៍ថែមទៀតថា៖ «ក៏ប៉ុន្តែពួកភេរវជនបានចូលក្នុងបាតុកម្មនោះហើយបានបំផ្ទុះគ្រឿងផ្ទុះដែលបានបណ្តាលឱ្យស្លាប់ពលរដ្ឋមួយចំនួនដែលក្លាយទៅជាទុក្ករបុគ្គលហើយនាំឱ្យពលរដ្ឋខ្លះទៀតត្រូវរបួសដោយមានរួមបញ្ចូលទាំងពួកសមាជិកនៃកងកម្លាំងខាងសន្តិសុខ និងខាងការពារប្រទេសផងដែរ»។
ថ្លែងទៅកាន់ការប្រជុំមួយនៅក្នុងវិមានប្រធានាធិបតីនៅល្ងាចថ្ងៃសៅរ៍ជាមួយពួកមេដឹកនាំ Hazara លោក Ghani បានប្តេជ្ញាថានឹងយកពួកជនទទួលខុសត្រូវដែលបានវាយប្រហារនេះទៅឱ្យតុលាការកាត់ទោសហើយលោកបានប្រកាសថ្ងៃអាទិត្យនេះថាជាទិវាកាន់ទុក្ខជាតិដោយមានការសូត្រធម៌ពិសេសសម្រាប់ពួកជនរងគ្រោះនៅក្នុងព្រះវិហារឥស្លាម ផងដែរ៕