ពលរដ្ឋ​នាំ​គ្នា​ចេញ​ទៅ​បោះឆ្នោត ខណៈ​ដែល​មាន​ការ​អះអាង​ពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន

មន្ត្រី​បោះឆ្នោត​បង្ហាញ​សន្លឹក​ឆ្នោត​ដល់​អ្នក​សង្កេតការណ៍ ពេល​​ដំណើរការ​រាប់​​សន្លឹក​ឆ្នោត​​ថ្ងៃ២៨ ​កក្កដា​ ២០១៣។

ដូច​ប្រជា​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ដែរ ពលរដ្ន​នៅក្នុង​ខេត្ត​កណ្តាល​បាន​នាំ​គ្នា​ចេញ​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​ជ្រើសរើស​តំណាង​របស់​ពួក​គេ​នៅ​ក្នុង​រដ្ឋ​សភា​ជាតិ​អាណត្តិ​ទី​៥។

ខណៈ​ដែល​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​ខ្លះ​នោះ​ ការ​អះអាង​អំពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ក៏​ត្រូវ​បាន​រាយ​ការណ៍​នៅ​តាម​ការិយាល័យ​ខ្លះ​ទៀត​ដែរ។​

អ្នក​បោះឆ្នោត​ជា​ច្រើន​នាក់​នៅ​ក្នុង​ក្រុង​តាខ្មៅ​ ​ខេត្ត​កណ្តាល​នេះ​បាន​នាំ​គ្នា​មក​ការិយាល័យ​បោះឆ្នោត​មួយក្នុង​សាលា​គរុកោសល្យ​ និង​វិក្រិតការខេត្ត​នេះ​ដើម្បី​បាន​ចូ​ល​បោះឆ្នោត​មុន​គេ​ បើ​ទោះបីការិយាល័យ​បោះឆ្នោត​មិន​ទាន់​បើក​ទ្វារ​ជា​ផ្លូវការ​ផង​ក៏​ដោយ។

អ្នក​ស្រី​ប៉ុត សារឿន ជា​អាជីវករ​ម្នាក់​នៅ​ផ្សារ​តាខ្មៅ និយាយ​ថា នេះ​គឺ​ជា​ការ​បោះ​ឆ្នោត​លើក​ទី​៥​របស់​អ្នក​ស្រី​ហើយ ដើម្បី​ជ្រើស​រើស​អ្នក​ដឹកនាំប្រទេសដែល​អ្នក​ស្រី​ពេញ​ចិត្ត។​

អ្នកស្រី​និយាយថា៖​ «ខ្ញុំ​ចង់​បាន​ប្រជា​ធិបតេយ្យ​ឲ្យ​ប្រទេស​ជាតិ​រុងរឿង ​ចម្រុង​ចម្រើន​ដល់​កូន​ចៅ​យើង​តទៅ​មុខ​ទៀត»។​

ដូច​អ្នក​ស្រីប៉ុត សារឿនដែរ អ្នក​បោះ​ឆ្នោត​ផ្សេង​ទៀត​ក៏​បាន​ម្នីម្នារ​នាំ​គ្នា​ចូល​រួម​បំពេញ​កាតព្វ​កិច្ច​សម្រេច​លើ​ជោគ​វាសនា​អនាគត​ប្រទេស​ជាតិរបស់​ខ្លួន​ដែរ។​

លោក​គ្រៅ ឈុន​គឺ​ជា​មន្ត្រី​រាជការ​ចូល​និវត្ត​ន៍។ លោក​និយាយថា៖ ​«ខ្ញុំ​ក៏​ជឿ​ជាក់​ថា សន្លឹក​ឆ្នោត​របស់​ខ្ញុំ​ក៏​ជា​ចំណែក​មួយ​ចូល​រួម​ជ្រើស​រើស​តំណាង​របស់​ខ្ញុំ​ដែល​ល្អ​ត្រឹម​ត្រូវ​ពិត​ប្រាកដ»។​

មណ្ឌល​ខេត្ត​កណ្តាលមាន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ចំនួន​ជាង៨សែន​៤​ម៉ឺន​នាក់។ គណបក្ស​នយោបាយ​ទាំង​៨បាន​ដាក់​បេក្ខ​ជន​ប្រកួត​ប្រជែង​ដើម្បី​ដណ្តើម​អាសនៈ​ចំនួន​១១​នៅ​ក្នុង​ខេត្ត​នេះ ក្នុង​ចំណោម​អាសនៈ​សភា​ទាំង​អស់​១២៣។​

បេក្ខជន​ឈរ​លេខរៀង​ទី១​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មណ្ឌល​ខេត្ត​កណ្តាល​នេះ​គឺ​លោក​ហ៊ុន សែន​ ក៏​បាន​ចូល​រួម​បោះ​ឆ្នោត​នៅ​ព្រឹក​នេះ​ដែរ។​ ប៉ុន្តែ​បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​គណបក្ស​នេះ​សម្រាប់​អាណត្តិ​ទី​៥​ខាង​មុខ នេះ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ណា​មួយ​ដល់​ក្រុម​អ្នក​កាសែត​ទេ។​

ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រុម​អ្នក​បោះឆ្នោត​វ័យ​ក្មេង​មួយ​ចំនួន​ និយាយ​ថា ពួកគេ​រំពឹង​ថា​សន្លឹក​ឆ្នោត​របស់​គេ​លើក​នេះ​នឹង​ជួយ​ធ្វើ​ឲ្យ​ស្ថានភាព​នៃ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​កាន់តែ​ល្អ​ប្រសើ​រឡើង។​

លោក ភឹម ភីរ៉ា គឺ​សាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យ​មួយ។ លោក​និយាយ​ថា៖ ​«ការ​អភិវឌ្ឍ ការ​ពង្រីក​ធនធាន​មនុស្ស សេដ្ឋកិច្ច​កាន់​តែ​ប្រសើរ​ឡើង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​កាន់តែ​ប្រសើរ​ឡើង ហើយ​ប្រជា​ពលរដ្ឋ​មាន​ជីវិត​រស់​នៅ​កាន់​តែ​ប្រសើរ​ជាង​មុន»។​

Your browser doesn’t support HTML5

ពលរដ្ឋ​នាំ​គ្នា​ចេញ​ទៅ​បោះឆ្នោត ខណៈ​ដែល​មាន​ការ​អះអាង​ពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន


តែ​ទោះ​ជាយ៉ាង​នេះ​ក្តី នៅក្នុង​ការិយាល័យ​បោះឆ្នោត​មួយ​ទៀត​ក្នុង​វត្ត​តាខ្មៅ​នេះ​មាន​ការ​អះអាង​ពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន។​

អ្នក​ស្រីតែ ច័ន្ត​មនី​គឺ​ជា​បេក្ខជន​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​មណ្ឌល​ខេត្ត​កណ្តាល។​

អ្នកស្រី​និយាយថា៖​ «ខ្ញុំបាន​មក​បោះ​ឆ្នោត​នៅ​វត្ត​នេះ ហើយ​ឃើញ​ភាព​មិន​ប្រក្រតី​មួយ​ដោយ​ឃើញ​បុរស​ម្នាក់​ដែល​ប្រជា​ជន​នៅ​ទី​នេះ​ស្គាល់​ថា​ ជា​មន្ត្រី​សាលា​សង្កាត់ ចេញ​ចូល​ការិយាល័យ​ពីរ​បី​បង​ដោយ​គ្មាន​នរណា​សួរ​គាត់»។​

ប៉ុន្តែ​ការ​លើក​ឡើង​នេះ​ត្រូវ​បាន​ច្រាន​ចោល​ដោយ​ក្រុម​អ្នក​សង្កេត​ការ​បោះ​ឆ្នោត​និង​មន្ត្រី​គ្រប់គ្រង​ការិយាល័យ​បោះ​ឆ្នោត​នេះ។​

លោក​ជឹម សុធី​គឺ​ជា​ប្រធាន​ការិយាល័យ​បោះ​ឆ្នោត​លេខ​១០៧៤​នៅ​មណ្ឌល​វត្ត​តាខ្មៅ​នេះ។​

លោក​និយាយ​ថា៖​ «ការ​បោះ​ឆ្នោត​នេះ​ដំណើរ​ការ​ទៅ​ដោយ​រលូន មិន​មាន​បញ្ហា​អ្វី​ធំ​ដុំ​ទេ។ មាន​តែ​ករណី​អ្នក​បោះ​ឆ្នោត​ដែល​មាន​បញ្ហា​ប័ណ្ណ​សម្គាល់អត្ត​សញ្ញាណ ដោយ​មាន​រូប​ថត​មិន​ច្បាស់។ តែ​មាន​តែ​មួយ​ពីរ​ប៉ុណ្ណោះ។​

យ៉ាង​ណាក៏ដោយ អ្នក​បោះ​ឆ្នោតនិយាយ​ថា ​តំណាង​របស់​ខ្លួន​ដែល​ទទួល​បាន​សន្លឹក​ឆ្នោត​របស់​ពួក​គេ​នឹង​ធ្វើ​ឲ្យ​ក្តី​រំពឹង​របស់​ពួក​គេ​អាចក្លាយ​ជា​ការ​ពិត ក្រោយ​ពី​ការ​បោះឆ្នោត​នេះ​ទៅ៕​