ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​ប្រឆាំង​ស្ទះស្ទើរ​ក្នុង​ការ​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​បណ្តោះ​អាសន្ន

  • សុខ ខេមរា

មេដឹកនាំ​គណបក្ស​ជំទាស់​បាន​សម្តែង​ការ​សាទរ​ចំពោះ​ដំណើរការ​បោះឆ្នោត តែស្ទាក់​ស្ទើរ​ក្នុង​ការ​ការ​ស្វាគមន៍​លទ្ធផល​បោះឆ្នោត​ក្រៅផ្លូវការ​ដោយ​បាន​អះអាង​ថា វា​លឿន​ពេក​ក្នុង​ការ​និយាយ​ថា​ការ​បោះឆ្នោត​នេះ​អាច​ទទួល​យក​បាន​ពេលនេះ។ មេដឹកនាំ​គណបក្ស​ជំទាស់​ទាំងពីរ​គឺ​លោក​ សម រង្ស៉ី ​និង​លោក​កឹម សុខា​បញ្ជាក់​ពី​ជំហរ​ដូច្នេះ​ក្នុង​សន្និសីទ​ព័ត៌មាន​កាល​ពី​យប់​ថ្ងៃ​សៅរ៍។

ការ​បោះឆ្នោត​នៅ​កម្ពុជា​បាន​បញ្ចប់​កាលពី​ថ្ងៃអាទិត្យ។ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​លទ្ធផល​ក្រៅ​ផ្លូវការ​បឋមៗ​ថា ខ្លួន​ឈ្នះ​៦៨​កៅអី ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​៥៥កៅអី។ តែ​មេដឹកនាំ​ក្រុម​ជំទាស់​គឺ​លោក ​សម រង្ស៉ី ​ក្នុង​សន្និសីទ​ព័ត៌មាន​កាលពី​យប់​ថ្ងៃ​អាទិត្យ​មិន​ទាន់​បង្ហាញ​ជំហរ​ច្បាស់លាស់​ថា​ទទួល​ស្គាល់​ការ​បោះឆ្នោត​នេះនៅ​ឡើយ​ដោយលោក​រង់ចាំ​លទ្ធផល​ជា​ផ្លូវការ។

«ខ្ញុំ​គិត​ថា​វា​ជា​រឿង​ជា​រឿង​លឿន​ពេក​ក្នុង​ការ​ផ្សាយពី​លទ្ធផល​ណា​មួយ​ជា សារធារណៈ។ យើង​គ្រាន់តែ​មាន​ការ​ចង្អុលបង្ហាញ​ជា​ព័ត៌មាន​ជា​បំណែកៗ​ ប៉ុណ្ណោះ​ទេ។​ យើង​មិន​ស្ថិត​ក្នុងជំហរ​ដើម្បី​ធ្វើការ​សន្និដ្នាន​ទេ។​ យើង​បាន អំពាវនាវ​ដល់​គ្រប់​ភាគី​ឲ្យ​រង់​ចាំ​លទ្ធផល​ជា​ផ្លូវការ»។

លោក​បាន​អះអាង​ថា នៅ​មាន​ភាព​មិនប្រក្រតី​និង​បញ្ហា​បាត់​ឈ្មោះ​អ្នកបោះឆ្នោត​និង​បញ្ហា​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​រង់ចាំ​មើល​ដើម្បី​បញ្ជាក់​ថា កាបោះ​ឆ្នោត​នេះ​អាច​ទទួល​យក​បាន​ឬ​យ៉ាងណា។

លោក​បញ្ជាក់​ថា មក​ដល់​ពេលនេះ​គ្មាន​គណបក្ស​ណា​ឈ្នះ​ទេ​គឺ​ប្រជា​ពលរដ្ឋ​ខ្មែរ អ្នក​ឈ្នះ​ក្នុងថ្ងៃ​បោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​នេះ។​ លោក​សមរង្ស៉ី​ប្រធាន​និង​លោក កឹម សុខា​អនុប្រធាន​គណបក្ស​ជំទាស់​បាន​អរគុណ​ដល់​អ្នកគាំទ្រ​លោក​និង ពលរដ្ឋ​ខ្មែរ​ទាំងអស់​ហើយ​ទទូច​ឲ្យ​ពលរដ្ឋ​ជៀស​វាង​គ្រប់​អំពើ​ហឹង្សា​ហើយ រក្សា​ភាពស្ងប់​ស្ងាត់។

«គណបក្ស​សង្គ្រោះ​ជាតិ​សូម​អំពាវនាវ​ឲ្យ​បង​ប្អូន​ជន​រួមជាតិ​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ គ្រប់​ខេត្ត​ក្រុង​ទាំងអស់​សូម​មេត្តា​រក្សាភាព​ស្ងប់ស្ងាត់ ស្ងប់ស្ងៀម​ រង់ចាំ​លទ្ធផល ផ្លូវការ​នៃ​ការ​បោះឆ្នោត​នេះ។ សូម​ជៀសវាង​រាល់អំពើ​ហឹង្សា​ឬ​អាច​បង្ករ​ចលាចល ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សារធារណៈ»។

គណបក្ស​សង្គ្រោះជាតិ​បាន​ប្រកាស​ជ័យជម្នះ​លើ​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​កាន់​អំណាច​៣០​ឆ្នាំ​តែ​ប៉ុន្មាន​នាទី បាន​ដក​ចេញ​វិញ​ដោយ​ចាត់​ទុក​ថា​ជាការ​ភ័ន្រឡំ។

ទោះជា​មានការ​ប្រកាស​ពី​តួលេខ​ខុសគ្នា​រវាង​គណបក្ស​ជំទាស់​របស់​លោក សម រង្ស៉ី​និង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក្តី​តែ​គេ​ពុំ​ទាន់​ឃើញ​មាន​ការ​បញ្ជាក់​ពី​ក្រុម​អង្កការ​សង្គម​ស៊ីវិល​នៅ​ឡើយ​ទេ។

លោក​បណ្ឌិត ពុទ្ធា ហង្ស ​នាយក​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​មួយ​ឈ្មោះ និចហ្វិក​បាន​អះអាង​ថា៖

«អង្គការ​សង្គម​ស៊ីវិល​បាន​ទទួល​របាយការណ៍​មក​ថា មាន​ការិយាល័យ​មួយចំនួន ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​បាន​ទទួល​សំឡេង​គាំទ្រ​ខ្ពស់​ជាង​មែន។ យ៉ាង​ណា​ក៏​ដោយ​សង្គម​ស៊ីវិល​មិន​បាន​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​គ្រប់​ការិយាល័យ​ទាំង​អស់​នោះ​ទេ​បាទ»។

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គជប)​មិនទាន់​បង្ហាញ​លទ្ធផល​បឋមៗ​សរុប​ទេ​មក​ដល់​ថ្ងៃអាទិត្យ​នេះ តែ​មាន​ការចាក់​ផ្សាយ​លទ្ធផល​តាមឃុំ​សង្កាត់​តែ​ប៉ុណ្ណោះ។

លោក ទេព នីថា ​អគ្គលេខាធិការ​គជប​បាន​អះអាង​កាលពី​ថ្ងៃអាទិត្យ​ថា​តួលេខ មិន​ទាន់​បាន​ប្រមូល​អស់​ទេ​ពី​តាម​ការិយាល័យ​បោះឆ្នោត។ ​លោកថា​សូម្បី​តែ ការិយាល័យ​ខ្លះ​ត្រូវ​រាប់​នៅ​ថ្ងៃ​នេះ​បន្ត។ លោក ​ទេព នីថា​ បង្ហើប​ថា មាន​តួលេខ​ប្រហាក់​ប្រហែល​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ៖

«តាម​ព័ត៌មាន​ដែល​បញ្ជូន​មក​ហ្នឹង​អត់ទាន់​ច្បាស់លាស់​ទេ​បាទ​ព្រោះ​ថា​យើង បាន​តាម​ឃុំៗ។​ ឧបមា​ថា​យើង​បាន​ប្រមូល​តាម​ខេត្តៗ​ទាំងអស់​ហ្នឹង​យើង អាច​ដឹង​ខ្លះ។​ ឥឡូវ​គ្រាន់​តែ​ឃើញ​លេខ​ប្រដំ​ប្រសង​គ្នា​ជាច្រើន»។

លោក ​ពុទ្ធា ​ហង្ស​បាន​អះអាង​ថា​មាន​ភាព​មិន​ប្រក្រតី​និង​បញ្ហា​មួយ​ចំនួន ដែល​ គណបក្ស​នយោបាយ​ត្រូវ​ជជែក​ដោះស្រាយ​ដើម្បី​បញ្ជៀស​បញ្ហា​ជាយថាហេតុ​ដែល​អាច​កើត​ចេញ​ពី​ការ​បោះឆ្នោត​នេះ។

ក៏​ប៉ុន្តែ​មេដឹកនាំ​គណបក្ស​ជំទាស់​ម្នាក់ទៀត​គឺលោក ​កឹម សុខា ​ដែល​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​អះអាង​ក្នុង​សន្និសីទព័ត៌មាន​កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖

«គណបក្ស​សង្គ្រោះជាតិ​ប្រកាន់​គោលការណ៍​ អហិង្សា ​អត់យក​ខ្មែរ​ណាជា សត្រូវ ​អត់​គុំ​គួន​ សង​សឹក​ខ្មែរ។ គោលនយោបាយ​យើង​ផ្សះផ្សារ​ជាតិ​នឹង​ឈាន ទៅ​រក​ឯកភាព​ជាតិ​គឺ​នយោបាយ​ខ្មែរ​ទាំងអស់គ្នា។ នេះ​ហើយ​ជា​ជំហរ​ច្បាស់ លាស់​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ឲ្យ​រក្សាភាព​ស្ងប់ ស្ងាត់​ទាំង​អស់គ្នា​ហើយ​រង់​ចាំ​លទ្ធផល​ឆាប់ៗ»។

ក្រុមអ្នក​សង្កេត​ការណ៍​និង​អ្នក​នយោបាយ​បាន​អះអាង​ថា​អ្នក​នយោបាយ​កម្ពុជា មាន​រឿង​ត្រូវ​និយាយ​ច្រើន​អំពី​អនាគត​របស់​កម្ពុជា។ គណបក្ស​គ្រប់គ្រង ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​កាន់​កាប់​នគរបាល​ទាហ៊ាន​និង​ស្ថាប័ន​សំខាន់​របស់​រដ្ឋនោះ​បានធ្លាក់​សំឡេង​ខ្លះ​នៅ​ក្នុង​មណ្ឌល​សំខាន់ៗ​ ពី​ចំនួន​៩០​អាសនៈ​កាល​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០០៨​មក​ត្រឹម​៦៨​នៅ​អណត្តិ​នេះ។ ​គណបក្ស​ប្រជាជន​មាន​សំឡេង​គ្រប់គ្រាន់​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ដោយ​ខ្លួន​ឯង​តែ​ខ្វះ​កូរ៉ុម​ប្រជុំ​សភា​ ដើម្បី​ដំណើរការ ដែល​នេះ​អាច​ត្រូវ​បាន​ចោទ​ជា​សំណួរ​ថា​តើ​គណបក្ស​ជំទាស់​សុខចិត្ត​ចូល​រដ្ឋាភិបាល​ឬ​នៅ​ជា​គណបក្ស​ជំទាស់​ ហើយ​គណបក្ស​ប្រជាជន​សុខចិត្ត​ហៅ​គណបក្ស​ជំទាស់​ដើម្បី​ធ្វើ​សម្ព័នភាព​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ឬ​យ៉ាងណា។

តែ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុន្មាន​ម៉ោង​មុន​នេះ​បាន​បញ្ជាក់​ថា លទ្ធផល​បឋម​នៃការ​បោះឆ្នោត​ទូទាំង​ប្រទេស​បង្ហាញ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​ដោយ​ទទួល​បាន​អាសនៈ​ភាគ​ច្រើន​ដាច់​ខាត​ក្នុង​រដ្ឋសភា​នីតិកាល​ថ្មី​ដែល​មាន​បរិមាណ​គ្រប់គ្រាន់​ក្នុងការ​រៀបចំ​រដ្ឋាភិបាល​សម្រាប់​និតិកាល​ថ្មីនេះ។ ​គណបក្ស​នេះ​បាន​ថ្លែង​អំណរ​គុណ​ដល់​ជនរួមជាតិ​និង​អ្នកគាំទ្រ​ផង​ដែរ ​ក្រៅពី​អំពាវនាវ​ឲ្យ​មាន​ភាពស្ងប់​ស្ងៀម​ដើម្បី​ទុក​ឱកាស​ដល់​គជប​ដំណើរការ​នីតិវិធី​បញ្ចប់​ការងារ​បោះឆ្នោត៕
XS
SM
MD
LG