ព្យុះ​សង្ឃរា ​Irma ​បក់​បោក​ចូល​អាមេរិក​និង​បំផ្លិច​បំផ្លាញ​នៅ​តាម​ឆ្នេរ​សមុទ្រ​ការ៉ាអ៊ីប

ព្យុះ​សង្ឃរា Irma បាន​បក់​បោក​កាត់​ទីក្រុង Naples រដ្ឋ Florida សហរដ្ឋ​អាមេរិក កាល​ពីថ្ងៃទី​១០ ខែ​កញ្ញា។

ព្យុះ​សង្ឃរា ​Irma ​បាន​បោកបក់​ទៅ​តំបន់​ច្រាំង​សមុទ្រ​នៃ​ទីក្រុង ​Key West ក្នុង​រដ្ឋ Florida ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ជាមួយ​នឹង​ខ្យល់​កួច​និង​ទឹកភ្លៀង ​ហើយ​បាន​បោកបក់​ឆ្ពោះ​ទៅ​កាន់​ទិស​ខាង​ជើង​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ប៉ែក​ខាង​លិច​ដែល​សម្បូរ​ទៅ​ដោយ​មនុស្ស​រស់នៅ​ក្នុង​រដ្ឋ​នេះ។ ​

ព្យុះ Irma នេះ​បាន​បន្សល់​នូវ​ការ​បំផ្លិច​បំផ្លាញ​កោះ​នានា​នៅ​សមុទ្រ​ការ៉ាអ៊ីប ហើយ​បាន​បន្ថយ​ឥទ្ធិពលបន្តិច​មក​នៅ​ត្រឹម​កម្រិត​ទី​៣ ​ប៉ុន្តែ​ព្យុះ​នេះ​នៅ​តែ​បន្ត​បោកបក់​ក្នុង​ល្បឿន​ខ្យល់​១៩៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មជ្ឈមណ្ឌល​ព្យុះសង្ឃរា​ជាតិ។ ​

ព្យុះ​សង្ឃរា​នេះ​អាច​បង្ក​ឲ្យ​មាន​ការ​បំផ្លិចបំផ្លាញ​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ ហើយ​និង​បំផ្លិចបំផ្លាញ​ផ្នែក​មួយ​ចំនួន​នៃ​រដ្ឋ Florida នេះ ដែល​មិន​ធ្លាប់​ជួប​ប្រទះ​គ្រោះ​មហន្តរាយ​ព្យុះសង្ឃរា​ធំ​របៀប​នេះ​អស់​រយៈពេល​មួយ​សតវត្សរ៍​មក​ហើយ។

អ្នក​ព្យាករណ៍​កំពុង​តែ​ទស្សន៍ទាយ​អំពី​ព្យុះ​ដ៏​គ្រោះថ្នាក់​នេះ ដែល​បាន​កើន​ឡើង៣​ទៅ​៤​ម៉ែត្រ​ នៅ​តាម​បណ្តោយ​ឈូង​សមុទ្រ​ម៉ិកស៊ិក​នៃ​រដ្ឋ ​Florida ខណៈ​ដែល​ព្យុះ​នេះ​បាន​បោកបក់​ទៅ​ដល់​ទីក្រុង ​Naples ​និង​តំបន់ ​Fort Myers ​និង​កំពុង​តែ​បោក​បក់​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង ទៅ​រក​ទីក្រុង ​Tampa ដែល​ជា​ទីក្រុង​ដ៏​ធំ​មួយ។ លំនៅដ្ឋាន​និង​អាជីវកម្ម​ជាង​មួយ​លាន​ខ្នង​បាន​បាត់​បង់​អគ្គិសនី​ប្រើប្រាស់៕