កង​ទ័ព​អ៊ីរ៉ាក់​បាន​ឈាន​ចូល​ពាក់​កណ្តាល​នៃ​ទី​ក្រុង​ Ramadi ខណៈ​ប្រយុទ្ធ​នឹង​ក្រុម​រដ្ឋ​ឥស្លាម

អាវុធ​និង​គ្រឿង​ផ្ទុះ​ដែល​រឹប​អូសពី​ក្រុម​រដ្ឋ​ឥស្លាម​ពី​ភាគ​ខាង​ជើង​នៃ​ទីក្រុង​ Ramadi ​ដោយ​កងកម្លាំង​​សន្តិសុខ​អ៊ីរ៉ាក់។​

កាល​ពី​ថ្ងៃ​អង្គារ​ ក្រុម​ទាហាន​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​ឈាន​ទៅ​កាន់​ផ្នែក​កណ្តាល​នៃ​ទី​ក្រុង​ Ramadi នៅ​ក្នុង​ការ​ជម្រុល​ខ្លាំង​មួយ ​ដើម្បី​វាយ​យក​ក្រុង​នេះ​មក​វិញ​ក្រោយ​បា​ត់ប​ង់​ទៅ​ក្នុង​កណ្តាប់​ដៃ​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​កាល​ពី​៧​ខែ​កន្លង​ទៅ​នេះ។​

លោក Sabah al-Numani អ្នក​នាំ​ពាក្យ​នៃ​សេវាកម្ម​ប្រឆាំង​នឹង​ភេរវកម្ម​នៃ​ប្រទេស​អ៊ីរ៉ាក់​បាន​និយាយ​ថា​ ការ​ប្រយុទ្ធ​គ្នា​បាន​កើត​មាន​ឡើង​នៅ​ក្នុង​សង្កាត់​នៅ​ជុំវិញ​អគារ​មួយ​របស់​រដ្ឋាភិបាល​មាន​កំផែង​ព័ទ្ធ​ជុំវិញ​ដោយ​មាន​ការ​គាំទ្រ​ពី​កងទ័ពអាកាស។

​ក្រុម​ទាហាន​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​សម្អាត​គ្រាប់​មីន​នៅ​តាម​ដង​ផ្លូវ​នៅ​ពេល​ពួក​គេ​ខិតខំ​ព្យាយាម​ជម្រុល​ទៅ​មុខ។​

លោក Numani បាន​និយាយ​ប្រាប់​ទីភ្នាក់ងាររ​សារព័ត៌មាន​បារាំង​ថា​ កងទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់​នឹង​វាយ​យក​បាន​ទីក្រុង​នេះ​ក្នុង​រយៈពេល​៧២​ម៉ោង​ទៀត។​

កង​យន្តហោះ​ចម្បាំង​នៃ​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ស.រ.អា.បាន​ធ្វើការ​វាយ​ប្រហារ​លើ​គោលដៅ​ក្រុម​រដ្ឋឥស្លាម​នៅ​ជាយ​ក្រុងនេះ។​

លោក​វរសេនីយ៍ឯក​ Steve Warren នៃ​កងទ័ព​ជើង​គោក​ស.រ.អា.និង​ជា​អ្នកនាំ​ពាក្យ​នៃ​ក្រុម​យោធា​ស.រ.អា.បាន​និយាយ​ថា​ ការ​វាយ​ប្រហារ​ទាំង​នោះ​នៅ​តែ​បង្ហាញ​ដល់​ក្រុម​រដ្ឋ​ឥស្លាម​ថា​ ពួក​វា​គ្មាន​កន្លែង​លាក់​ខ្លួនទេ។​

ការ​បាត់បង់​ទីក្រុង​ Ramadi កាល​ពី​ខែ​ឧសភា​ជា​ដំណើរ​ថយ​ក្រោយ​ធំ​មួយ​សម្រាប់​រដ្ឋាភិបាល​និង​កងទ័ព​អ៊ីរ៉ាក់​។ ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​វាយ​យក​ក្រុង​នេះ​មកវិញ​ ដែល​ស្ថិត​នៅ​ចម្ងាយ​១០០គ.ម.​ ភាគ​ខាង​លិច​រដ្ឋធានី Baghdad បាន​ធ្វើ​ឡើង​ច្រើន​ខែ​មក​ហើយ​ដោយ​មាន​ការ​ប្រយុទ្ធគ្នា​នៅ​ជាយ​ក្រុង​និង​ការ​កាត់​ផ្តាច់ផ្លូវ​ផ្គត់ផ្គង់​របស់​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​ចូល​ទៅ​ក្នុង​ក្រុង​នេះ​ផងដែរ៕​