ក្រោយពី​លោក​អាចារ្យ ​Muqtada el-Sadr ​ដកការគាំទ្រ​អ្នក​តវ៉ា​ ការ​ប៉ះទង្គិច​បាន​កើន​ឡើង

រូបឯកសារ៖ បាតុករធ្វើការតវ៉ានៅក្រុងបាកដាដ។

ចាប់តាំង​ពីលោក​អាចារ្យ ​Muqtada el-Sadr​ បាន​ដក​ការ​គាំទ្រ​របស់គាត់​ចំពោះ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កាលពី​សប្តាហ៍មុន ​ កម្លាំង​សន្តិសុខ​និង​ក្រុម​អ្នក​តវ៉ា​បាន​ប៉ះទង្គិច​គ្នា​ជា​រៀង​រាល់ថ្ងៃ​នៅ​ទូទាំង​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ីរ៉ាក់។ ​

នេះជា​ការ​ប៉ះទង្គិច​គ្នា​កើនឡើង​ចុង​ក្រោយ​ ​នៅ​ក្នុង​ការ​តវ៉ា​អំពី​ភាពក្រីក្រ​ ​អត់ការងារ​ធ្វើ​ ​អំពើពុក​រលួយ​និងអន្តរាគមន៍​របស់​បរទេស​ដែល​បាន​កើត​ឡើង​ចាប់​តាំង​ពីខែតុលា។ ​ការ​ប៉ះទង្គិច​នេះបាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៦០០​នាក់។ ​ចំនួន​អ្នក​ស្លាប់​ដែល​កំពុង​កើនឡើង​នេះ​បាន​ធ្វើឱ្យ​ក្រុមអ្នក​តវ៉ា​កាន់តែ​ប្តេជ្ញា​ចិត្ត​តស៊ូ។

ទោះ​បីមាន​ការខិត​ខំប្រឹងប្រែង​ជាថ្មី​ដើម្បី​បិទមិន​ឲ្យមាន​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ក៏​ដោយ ​ក៏​ភ្លើង​ដែល​បាតុករ​ដុត​ បាន​ឆាប​ឆេះ​នៅ​ទីក្រុង​បាដាដ ​និង​ទីក្រុង​នានានៅ​ភាគខាង​ត្បួង​ប្រទេស​អ៊ីរ៉ាក់។​ ភ្លើង​នេះ​សម្គាល់​ព្រំ​ប្រទល់​រវាង​កន្លែង​ដែល​គ្រប់គ្រង​ដោយ​អ្នក​តវ៉ា​និង​កន្លែង​គ្រប់គ្រង​ដោយ​កង​កម្លាំង​រដ្ឋាភិបាល។​

ចាប់​តាំង​ពីយប់​ថ្ងៃសុក្រ​មក​ គឺ​នៅ​ពេល​អាចារ្យ Muqtada el-Sadr ​ដ៏ល្បី​ល្បាញ​ បាន​ដក​ការគាំទ្រ​របស់​គាត់​ចំពោះ​ការ​តវ៉ា​នោះ​មក​ ការ​ប៉ះទង្គិច​គ្នា​បាន​កើន​ឡើង​កាន់តែខ្លាំង​ ​ហើយ​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​១២​នាក់​ទៀត​បាន​ស្លាប់។ ​នៅពេល​ការ​តវ៉ា​នៅតែ​បន្ត​ទទួល​បាន​ការគាំទ្រ​ពេញ​និយម​នោះ​ ​ក្រុម​យុវជន​និង​ក្មេង​ជំទង់​ជា​ធម្មតា​ជាអ្នក​ប្រយុទ្ធ​ឈាន​មុខ​ប្រឆាំង​នឹង​កងសន្តិសុខ​និង​កង​ជីវពល៕​