​ប្រធានា​ធិបតី​អ៊ីរ៉ាក់​សន្យា​ធ្វើ​ការ​បោះឆ្នោត​ថ្មី ​ខណៈ​ដែល​ពួក​បាតុករ​មិន​ពេញ​ចិត្ត

ប្រធានា​ធិបតី​​អ៊ីរ៉ាក់ Barham Saleh ចូលរួម​ក្នុង​ពិធី​បើក​ជំនួប​កំពូល​អារ៉ាប់​លើក​ទី​៣០ នៅ​ទីក្រុង​ទុយនីស ប្រទេស​ទុយនេស៊ី កាល​ពី​ខែ​មីនា ២០១៩។

លោក​ Barham Saleh​ ប្រធានា​ធិបតី​នៃប្រ​ទេស​អ៊ីរ៉ាក់​បាន​សន្យា​នឹង​ធ្វើ​ការ​បោះ​ឆ្នោត​មុន​ពេល​កំណត់​ឲ្យ​បាន​ឆាប់​រហ័ស​ដើម្បី​ជ្រើស​រើស​បេក្ខជន​មួយ​ដែល​អាច​ទទួល​យក​បាន​ ដើម្បី​ជំនួស​នាយក​រដ្ឋ​មន្រ្តី​ Adel Abdel Mahdi។

ក៏ប៉ុន្តែ​ការ​សន្យា​របស់​ប្រធានា​ធិបតី ​Saleh​ កាល​ពី​ថ្ងៃ​ព្រហស្បត៍​ ដូចជា​មាន​ន័យ​បន្តិច​បន្តួច​សម្រាប់​ពួក​បាតុករ​ដែល​ការ​តវ៉ា​ប្រឆាំង​ជា​រៀង​រាល់​ថ្ងៃ​ ហើយបាន​ក្លាយ​ជា​អំពើ​ហិង្សា។ មនុស្ស​ជាង​២៥០​នាក់​បាន​ស្លាប់ ​ហើយ​រាប់​ពាន់​នាក់​ទៀត​បាន​រង​របួស​នៅ​ក្នុង​ការ​តវ៉ា​ប្រឆាំង​២​ដាច់​ដោយ​ឡែក​ពី​គ្នា​កាល​ពី​ខែ​តុលា​ កន្លង​មក​នេះ។

ប្រធានាធិបតី ​Saleh​ និយាយ​នៅ​ក្នុង​សុន្ទរកថា​ផ្សាយ​តាម​ទូរទស្សន៍​ថា៖ «លោក​នាយករដ្ឋមន្រ្តី​បាន​សម្តែង​នូវ​ឆន្ទៈ​ដាក់​ពាក្យ​សុំ​ចុះ​ចេញ​ពី​ដំណែង ​ហើយ​បាន​សុំ​ឲ្យ​គណបក្ស​នយោបាយ​នានា​ធ្វើ​កិច្ច​ព្រម​ព្រៀង​ដែល​អាច​ទទួល​យក​បាន»។

លោក​ប្រធានា​ធិបតី​បាន​និយាយ​ទៀត​ថា ​នាយក​រដ្ឋ​មន្រ្តី​ថ្មី​អាច​ត្រូវ​បាន​ជ្រើស​រើស​នៅ​ក្រោម​ច្បាប់​បោះឆ្នោត​ថ្មី​ដែលលោក​និយាយ​ថា​ ដើម្បី​បញ្ចៀស​វិបត្តិ​រដ្ឋធម្មនុញ្ញ។លោក​និយាយថា ​ការ​គ្រប់​គ្រង​តាម​ផ្លូវច្បាប់​មិន​មែន​កើត​ចេញ​តាម​រយៈពលរដ្ឋ​តែ​ប៉ុណ្ណោះ​ទេ។

ក៏ប៉ុន្តែ​បាតុករ​ខ្លះ​និយាយ​ថា កំហឹង​របស់​ពួក​គេ​មាន​ហួស​ពី​នាយក​រដ្ឋ​មន្រ្តី​ទៀត។​ពួកគេ​និយាយ​ទៀត​ថា ​រដ្ឋាភិបាល​ទាំង​មូល​ត្រូវ​តែ​ចុះ​ចេញ​ពី​អំណាច។

លោក​ប្រធានា​ធិបតី​ Saleh ​និយាយ​ថា ​គណបក្ស​ខុស​ច្បាប់​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​និង​រង​របួស ​ហើយ​បាន​និយាយ​ថា ​អាវុធ​ទាំង​អស់​ត្រូវ​តែ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ត្រា​របស់​រដ្ឋ។

​ពួក​និស្សិត​និង​ពលរដ្ឋ​ផ្សេង​ទៀត មិន​បាន​បង្ហាញ​សញ្ញា​នៃ​ការថមថយ​នៃ​ការ​តវ៉ា​ប្រ ឆាំង​របស់​ខ្លួន​ដែល​បាន​នៅ​ពាស​ពេញ​កណ្តាល​ក្រុង​បាដាក​និង​ទីក្រុង​ផ្សេង​ៗ​ទៀត​ទេ៕