ក្រុម​ឃើដ​នៅ​អ៊ីរ៉ាក់​អះអាង​ថា​មាន​ការ​វាយប្រហារ​ដោយ​អាវុធ​គី​ផ្សេង​ទៀត​ដោយ​ពួក​រដ្ឋ​អ៊ីស្លាម

យោធា​ Kurd ធ្វើ​ការ​ស្ទាបស្ទង់​មតិ​ពី​អ្វី​ដែល​ក្រុម​ Kurd និយាយ​ថា​ជា​កន្លែង​បំផ្ទុះ​គ្រាប់​បែក​គីមី​នៅ​ចន្លោះ​ក្រុង Mosul ប្រទេស​អ៊ីរ៉ាក់ និង​ព្រំ​ប្រទល់​ស៊ីរី​នៅ​ភាគ​ខាង​ជើង​អ៊ីរ៉ាក់។

កង​កម្លាំង​របស់​ក្រុម​ឃើដ​ (Kurde) ​នៅ​ក្នុង​ប្រទេសអ៊ីរ៉ាក់​ កំពុង​ស៊ើប​អង្កេត​អំពី​ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​ពីរ​លើក​ដោយ​ពួករដ្ឋ​អ៊ីស្លាម។

ការ​ចោទ​ប្រកាន់​អំពី​ការ​វាយ​ប្រហា​ដោយ​អាវុធ​គីមី​ទាំង​នេះ​ កើតទ្បើង​ក្រោយ​មាន​ការអះអាង​ស្រដៀង​គ្នា​ដោយ​ក្រុម​មន្ត្រី​ឃើដ ​(Kurde)​ ដែល​បាន​និយាយ​ថា ​ពួក​ជន​សកម្ម​ប្រយុទ្ធ​ទាំង​នេះ​បាន​ប្រើ​ប្រាស់​ឧស្ម័ន​ក្លូរីន ​(chlorine)​ ប្រឆាំង​នឹង​កង​កម្លាំង​ Peshmerga។

លោកឧត្តមសេនីយ៍​ Aziz Wesi ​មេ​ដឹកនាំ​ពួក​ជីវពល​ឃើដ (Kurde) ​បាននិយាយ​ប្រាប់​ក្រុម​អ្នកកាសែត​ថា ​ការ​វាយ​ប្រហារ​មួយ​ក្នុង​បណ្តា​ការ​វាយ​ប្រហារ​ទាំង​នេះ​បាន​កើត​មាន​ទ្បើង​កាល​ពី​ចុង​ខែ​ធ្នូ​ នៅ​ជិត​តំបន់ Sinjar​ ហើយ​ការ​វាយ​ប្រហារ​ពីរ​ទៀត​បាន​កើត​មានទ្បើង​នៅ​ខាង​លិច​ក្រុង​ Mosul ​កាល​ពីចុង​ខែ​មករា។

ក្រុម​ប្រឹក្សា​សន្តិសុខ​តំបន់​ Kurdistan បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពីថ្ងៃ​សៅរ៍​ថា​ ការ​ធ្វើ​វិភាគ​ក្នុង​មន្ទីរ​ពិសោធន៍​មួយ​បាន​រក​ឃើញ​សារធាតុ​ក្លូរីន (chlorine)​ នៅ​ក្នុង​សំណាក​មក​ពី​កន្លែង​នៃ​ការ​បំផ្ទុះ​គ្រាប់​បែក​មួយនៅ​ចន្លោះ​ក្រុង​ Mosul ​កាន់​កាប់​ដោយ​ពួក​រដ្ឋ​អ៊ីស្លាម ​និង​នៅ​ព្រំដែន​នៃ​ប្រទេស​ស៊ីរី។​

ពួក​ឃើដ (Kurde) បាន​និយាយ​ថា ​មន្ទីរ​ពិសោធន៍​នេះ​ឋិត​នៅ​ក្នុង​ប្រទេសជាតិ​មួយ​ដែល​ជា​ដៃ​គូ​នៅ​ក្នុង​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ស.រ.អា.​ដែលប្រយុទ្ធ​ប្រឆាំង​នឹងពួក​រដ្ឋ​អ៊ីស្លាម។ ក៏​ប៉ុន្តែ​ គេមិន​បាន​និយាយ​ប្រាប់​ឈ្មោះ​ប្រទេស​នោះ​ឬ​ឈ្មោះ​មន្ទីរ​ពិសោធន៍​នោះ​ទេ៕