គ្រាប់បែកបានធ្លាក់ពីយន្តហោះអ៊ីរ៉ាក់លើតំបន់មនុស្សរស់នៅ នៅភាគខាងកើតទីក្រុង Baghdad នៅថ្ងៃច័ន្ទនេះ ដោយបានសម្លាប់មនុស្សយ៉ាងតិច៧នាក់ តែកងទ័ពពណ៌នាថា នេះជាគ្រោះថ្នាក់បណ្តាលមកពីបញ្ហាបច្ចេកទេស។
អ្នកនាំពាក្យនិយាយថាយន្តហោះ Sukhoi ធ្វើនៅប្រទេសរុស្ស៊ីនោះ មានបញ្ហាបច្ចេកទេសដែលបណ្តាលឲ្យគ្រាប់បែកនោះធ្លាក់ នៅពេលយន្តហោះនោះវិលត្រឡប់ទៅមូលដ្ឋានវិញ។
ការផ្ទុះគ្រាប់បែកនោះបានបំផ្លាញផ្ទះជាច្រើនខ្នង ហើយក៏បានធ្វើឲ្យមនុស្សយ៉ាងតិច១១នាក់ផ្សេងទៀតរងរបួស។
យន្តហោះនោះបានចូលរួមក្នុងការវាយប្រហារតាមអាកាសលើមូលដ្ឋានរបស់ក្រុមរដ្ឋឥស្លាម ISIS ដែលបានចូលកាន់កាប់តំបន់ជាច្រើននៅភាគខាងជើង និងភាគខាងលិចប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំមុន។
កងទ័ពអ៊ីរ៉ាក់បានធ្វើការវាយប្រហារតាមអាកាសជាមួយកងកម្លាំងចម្រុះដឹកនាំដោយស.រ.អា.ហើយក្នុងពេលជាមួយគ្នានោះអ៊ីរ៉ាក់ក៏បានបញ្ជូនទាហានរបស់ខ្លួន គាំទ្រដោយកងជីវពលក្នុងស្រុក និងកងជីវពលមកពីអ៊ីរ៉ង់ វាយដណ្តើមកាន់កាប់ទឹកដីពីពួកសកម្មប្រយុទ្ធរដ្ឋឥស្លាមមកវិញ ដែលរួមមានទីក្រុងធំៗមួយចំនួន៕