កាលពីថ្ងៃសៅរ៍ ក្រុមទាហានរដ្ឋាភិបាលស៊ីរីគាំទ្រដោយក្រុមយុទ្ធជននៃកងជីវពល Hezbollah នៃប្រទេសលីបង់បានចាប់ផ្តើមធ្វើការវាយលុកធំមួយនៅក្រោមកិច្ចការពារនៃការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លាដើម្បីវាយយកមកវិញនូវកន្លែងសម្រាកលំហែកាយក្នុងតំបន់ភ្នំមួយកាន់កាប់ដោយក្រុមឧទ្ទាមនៅពេលដែលក្រុមយុទ្ធជននៃក្រុមប្រឆាំងបានធ្វើការសងសឹកដោយបានបាញ់ផ្តក់លើរដ្ឋធានីដាម៉ាស (Damascus)។
វីដេអូមួយដែលត្រូវបានផ្សព្វផ្សាយដោយស្ថានីយ៍ទូរទស្សន៍ al-Manar របស់ក្រុម Hezbollah បានបង្ហាញឱ្យឃើញផ្សែងនៃអគ្គីភ័យហុយចេញពីតំបន់ Zabadani ដែលឋិតនៅទិសពាយ័ព្យរដ្ឋធានីនៃប្រទេសស៊ីរីនៅជិតព្រំដែនជាមួយប្រទេសលីបង់។
ទូរទស្សន៍ Al-Manar បានរាយការណ៍ថា ក្រុមយុទ្ធជន Hezbollah និងក្រុមទាហានរដ្ឋាភិបាលស៊ីរីបានវាយប្រហារពីទិសមួយចំនួនផ្សេងៗគ្នា ហើយថា ក្រុមឧទ្ទាមនៅដាច់ពីគេនៅខាងក្នុង Zabadani។
ក្រុងនេះនៅជិតមហាវិថីរវាងក្រុង Beirut និងក្រុងដាម៉ាសដែលភ្ជាប់ប្រទេសទាំងពីរហើយការវាយយកក្រុងនេះបានអាចជាការចំណេញខាងយុទ្ធសាស្ត្រមួយសម្រាប់រដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរី al-Assad។
ក្រុង Zabadani ត្រូវបានកាន់កាប់ដោយក្រុមឧទ្ទាមក្នុងរយៈពេលខ្លី ក្រោយវិបត្តិនៃប្រទេសស៊ីរីបានចាប់ផ្តើម កាលពីខែមីនា ឆ្នាំ២០១១មក។ អ.ស.ប.និយាយថា សង្គ្រាមនេះបានបណ្តាលឱ្យមនុស្សជាង២សែន២ម៉ឺននាក់ស្លាប់ ហើយបានធ្វើឱ្យមនុស្សយ៉ាងតិចណាស់មួយលាននាក់ទៀតត្រូវរបួស៕