បុរសវ័យក្មេងមួយក្រុមបានស្រែកបន្ទរនៅក្នុងអំឡុងពេលតវ៉ានៅតាមដងផ្លូវកាលពីថ្ងៃទី ២៨ ខែសីហាកន្លងទៅនេះនៅក្នុងទីក្រុង Basra ដែលជាទីក្រុងកំពង់ផែនៅភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ ដោយទាមទាររដ្ឋាភិបាលអ៊ីរ៉ាក់ និងលោកនាយករដ្ឋមន្ត្រី Haidar al Abadi ឲ្យបង្កើនបរិមាណទឹកស្អាតសម្រាប់ចែកចាយទៅកាន់ក្រុងរបស់ពួកគេ។
បុរសវ័យក្មេងម្នាក់ ដែលមិត្តភ័ក្ដិរបស់បុរសនោះត្រូវបានសម្លាប់នៅក្នុងអំឡុងពេលតវ៉ាកាលពីពេលថ្មីៗនេះ បានយំខ្សឹកខ្សួល ដោយសារតែអ្នកតវ៉ាមិនអាចបង្ខំមេដឹកនាំអ៊ីរ៉ាក់ឲ្យកែលំអលក្ខខណ្ឌសេវាសាធារណៈនៅក្នុងទីក្រុង Basra ឲ្យមានភាពប្រសើរឡើង ជាពិសេសបញ្ហាហេដ្ឋារចនាសម្ព័ន្ធទឹកមិនល្អ និងបរិមាណទឹកស្អាតមិនគ្រប់គ្រាន់ដែលចែកចាយដោយរដ្ឋាភិបាលអ៊ីរ៉ាក់។
មន្ត្រីសុខាភិបាលមួយចំនួននៃក្រុង Basra បានព្រមានថា ការផ្ទុះឡើងនូវជំងឺអាសន្នរោគគឺអាចកើតឡើងបាន ដោយសារតែទឹកមិនស្អាត និងប៉ារ៉ាស៊ីតដែលឆ្លងតាមទឹក ដែលបានធ្វើឲ្យមនុស្សរាប់ពាន់នាក់ឈឺកាលពីពេលថ្មីៗនេះ។ លោកវេជ្ជបណ្ឌិត Riad Abdul Amir អគ្គនាយកមន្ទីរសុខាភិបាលក្រុង Basra បានប្រាប់ទូរទស្សន៍ Al Hurra TV ថា ស្ថានការណ៍នេះកាន់តែអាក្រក់ទៅៗ។
លោកបាននិយាយថា អ្នកជំងឺជាង ១ ម៉ឺន ៧ ពាន់ ៥ រយនាក់ ដែលបានឆ្លងមេរោគដោយសារការបរិភោគទឹកមិនស្អាត បានទទួលការព្យាបាលនៅតាមមន្ទីរពេទ្យនានាក្នុងទីក្រុង Basra កាលពីពេលថ្មីៗនេះ។
លោក Abdul Amir បាននិយាយថា បញ្ហានេះគឺបណ្ដាលមកពីការផ្គត់ផ្គង់ទឹកស្អាតមិនគ្រប់គ្រាន់សម្រាប់ទីក្រុងនេះតាមរយៈព្រែក និងបំពង់ទឹកដែលភ្ជាប់មកពីតំបន់ខាងជើងនៃប្រទេសអ៊ីរ៉ាក់។
លោកបានអះអាងថា៖ «គេដឹងថា ទឹកសមុទ្រដែលបានជ្រាបចូលបណ្ដាញទឹកស្អាត អាចកាត់បន្ថយឥទ្ធិពលរបស់សារធាតុក្ល័រដែលប្រើសម្រាប់ព្យាបាល និងសម្លាប់បាក់តេរីនៅក្នុងទឹកបរិភោគបាន»។
លោកស្រីវេជ្ជបណ្ឌិត Safaa Kazem ដែលបានព្យាបាលអ្នកជំងឺដែលមានបញ្ហាពោះវៀន និងរោគរាគរូសរាប់សិបនាក់មកហើយនៅឯមន្ទីរពេទ្យ Sadr Teaching នៃក្រុង Basra ជារៀងរាល់ថ្ងៃ បាននិយាយថា ទឹកដែលផ្គត់ផ្គង់ដល់ទីក្រុង Basra គឺគ្មានសុវត្ថិភាពសម្រាប់បរិភោគនោះទេ។
លោកស្រីបានបញ្ជាក់ថា កម្រិតនៃការសម្លាប់មេរោគក្នុងទឹកគឺមានតិចតួចណាស់ ហើយទឹកនៃក្រុង Basra មានជាតិប្រៃខ្លាំង និងមានកម្រិតមីក្រុបខ្ពស់ ក៏ដូចជាមានកម្រិតបំពុលគីមីខ្ពស់ផងដែរ។
អភិបាលក្រុង Basra លោក Assad al Edani បានប្រាប់ទូរទស្សន៍ Al Hurra TV ថា ក្រុងរបស់លោកបានរងគ្រោះដោយសារបញ្ហាហេដ្ឋារចនាសម្ព័ន្ធជាច្រើនអស់រយៈពេលជាយូរមកហើយ។
លោកបាននិយាយថា គេមិនបានជួសជុលកែលំអបណ្ដាញទឹកក្នុងក្រុង Basra អស់រយៈពេលយ៉ាងតិច ៣០ ឆ្នាំមកហើយ ហើយបំពង់ទឹកចាស់ៗជារឿយៗធ្លាយដែលធ្វើឲ្យទឹកសម្រាប់បរិភោគ និងទឹកលូលាយច្របល់ចូលគ្នា។
លោក Edani និយាយថា៖ «មិនមានការផ្គត់ផ្គង់ទឹកស្អាតគ្រប់គ្រាន់ពីខេត្ត Thi Qar ទៅកាន់តំបន់ភាគខាងជើងតាមព្រែកតែមួយគត់របស់តំបន់នេះនោះទេ»។ លោកគិតថា «ចរន្តខ្លាំងនៃទឹកស្អាតអាចជម្រះចេញនូវទឹកប្រៃដែលជ្រាបពីសមុទ្រចូលទៅកាន់បណ្ដាញទឹកនេះ»។ លោកបានបន្ថែមថា ប្រជាពលរដ្ឋនៃក្រុង Basra «បានកើនឡើងពីរដង តាំងពីបណ្ដាញទឹកត្រូវបានកែលំអឡើងវិញកាលពីដើមទសវត្សរ៍ ១៩៩០ មក»។
ខេត្តនីមួយៗរបស់ប្រទេសអ៊ីរ៉ាក់បានប្រឹងប្រែងដើម្បីបានទឹកស្អាតប្រើប្រាស់ ស្របពេលដែលកំពុងមានការខ្វះខាតទឹកជាទូទៅ តាំងពីប្រទេសទួរគីបានដាក់កំហិតបរិមាណទឹកដែលចែកចាយទៅកាន់ទន្លេ Tigris និងទន្លេ Eupharates កាលពីដើមខែមិថុនាមក៕
ប្រែសម្រួលដោយ ភី សុភាដា