កង​កម្លាំង​អ៊ីរ៉ាក់​បាញ់​ផ្តក់​ទៅ​លើ​តំបន់​ភាគ​ខាង​កើត​ក្រុង​ Mosul

កង​កម្លាំង​អ៊ីរ៉ាក់លើក​ដៃធ្វើ​សញ្ញា V ខណៈ​ពួក​គេ​បើក​កាត់​តំបន់ ​Al-Shur ភាគ​ខាង​ត្បូង​ក្រុង​ Mosul កាល​ពី​ថ្ងៃទី​២៤ ខែ​តុលា។

កង​កម្លាំង​រដ្ឋាភិបាលអ៊ីរ៉ាក់​ កាល​ពី​ថ្ងៃចន្ទ​បាន​បាញ់​ផ្តក់​លើ​តំបន់​នានា​នៅ​ខាង​ក្រៅ​ក្រុង​ Mosul ​នៅ​ពេល​ដែល​ការ​វាយ​លុក​របស់​ពួក​គេ​ដើម្បី​វាយ​យក​មក​វិញ​នូវ​ក្រុង​ធំ​ទី​ពីរ​របស់​ប្រទេស​អ៊ីរ៉ាក់ពី​ពួករដ្ឋ​ឥស្លាម​ បាន​ចូល​ក្នុង​សប្តាហ៍​ទី​ពីរ។​

ការ​វាយ​ប្រហារ​បាន​ផ្តោត​សំដៅ​ទៅ​លើ​តំបន់​ជិត​ក្រុង ​Bartella ​ឋិត​នៅ​ចម្ងាយ​ប្រមាណ​១៥​គ.ម.​ខាង​កើត​ក្រុង​ Mosul។​ កង​កម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់​និង​ពួក​យុទ្ធជន​ឃើដ (kurds)​ បាន​ធ្វើ​ចលនា​កាត់​ក្រុង​តូចៗ​ទៅ​កាន់​ផ្នែក​ខាង​កើត​និង​ខាង​ត្បូង​ក្រុង ​Mosul ​នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ការ​វាយ​លុក​ទៅ​ជិត​ក្រុង​នេះ។

លោក​ Brett McGurk​ អ្នក​តំណាង​ពិសេស​សម្រាប់​ក្រុម​ចម្រុះ​ដឹក​នាំ​ដោយ​ស.រ.អា.​ដែល​បាន​ធ្វើការ​វាយ​ប្រហារ​តាម​អាកាស​ប្រឆាំង​នឹង​ទី​ដៅ​របស់​ពួក​រដ្ឋ​ឥស្លាម​ពីរ​ឆ្នាំ​មក​ហើយ បាន​ផ្សាយ​តាម ​Twitter ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​នៅ​ក្រោយ​សប្តាហ៍​ទី​មួយ​ រហូត​មក​ដល់​ពេល​នេះ​គោល​ដៅ​ទាំង​អស់​បាន​សម្រេច​ហើយ។

កាល​ពី​ថ្ងៃ​ចន្ទ​ដែរ ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស ​Human Rights Watch ​បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​មួយ​អំពីការ​វាយ​ប្រហារ​តាម​អាកាស​មួយ​កាល​ពី​សប្តាហ៍​មុន​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​១៣​នាក់​ស្លាប់​នៅ​ក្នុង​ព្រះវិហារ​ឥស្លាម​មួយ​នៅ​ជិត​ក្រុង​ kirkuk។​ ការ​វាយ​ប្រហារ​នោះ​បាន​កើត​មាន​ឡើង​នៅ​ពេល​មាន​ការ​វាយ​លុក​មួយ​ដោយ​ពួក​យុទ្ធ​ជន​រដ្ឋ​ឥស្លាម​ ដែល​គេ​មាន​ជំនឿ​ថា​ មាន​គោល​ដៅ​បង្វែរ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ពួក​ទាហាន​រដ្ឋាភិបាល​អ៊ីរ៉ាក់​ពី​ការ​ប្រយុទ្ធ​នៅ​ជុំវិញ​ក្រុង​ Mosul៕