អ៊ីរ៉ា់ក់​ទាមទារ​ឲ្យ​​តួកគី​ដក​ទ័ព​ចេញ

ផែនទី​បង្ហាញ​ពី​ក្រុង Mosul នៅ​ប្រទេស​អ៊ីរ៉ាក់។ អ៊ីរ៉ា់ក់​ទាមទារ​ឲ្យ​​តួកគី​ដក​ទ័ព​ចេញពី​ក្រុង​នេះ។

ប្រទេស​អ៊ីរ៉ាក់​នៅ​ថ្ងៃ​សៅរ៍​នេះ​បាន​ទាម​ទារ​ឲ្យ​ ប្រទេស​តួកគី​ដក​កងកម្លាំង​របស់​ខ្លួន​ចេញ​ពី​តំបន់​មួយ​ក្បែរ​ទីក្រុង​ Mosul ដោយ​និយាយ​ថា​ ការ​ដាក់ពង្រាយ​ទ័ព​របស់​តួកគី​នោះ​គឺ​ជា​«ការ​រំលោភ​យ៉ាង​ធ្ងន់​ធ្ងរ​» លើ​អធិបតេយ្យភាព​របស់​អ៊ីរ៉ាក់។

សេចក្តី​ថ្លែងការណ៍​របស់​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​បាន​បញ្ជាក់​ថា កងវរសេនា​ធំ​របស់​តួកគី រួមទាំង​កងរថក្រោះ និង​កង​កាំភ្លើង​ធំជាច្រើន​ទៀត បាន​ចូល​ក្នុង​ដែនដី​របស់​អ៊ីរ៉ាក់ ដោយ​គ្មាន​ការ​យល់ព្រម​ពី​រដ្ឋាភិបាល​ក្រុង​បាកដាដ។

​មន្ត្រី​តួកគី​និយាយ​ថា កងកម្លាំង​ទាំង​នោះ​បាន​ស្ថិត​នៅក្នុង​តំបន់Mosul Bashiqa ដើម្បី​«ធ្វើ​សមយុទ្ធ​យោធា​ជា​ធម្មតា»។ កងកម្លាំង​ទាំង​នោះបាន​ចូល​ឆ្លង​ព្រំដែន​ចម្ងាយ​៣០គីឡូម៉ែត្រ​ពី​ទីក្រុងMosul ដែល​ក្រុម​រដ្ឋ​ឥស្លាម​ត្រួតត្រា។

ប្រព័ន្ធ​ផ្សព្វផ្សាយ​តួកគី​បាន​រាយការណ៍​ថា ការ​ដាក់​ពង្រាយ​ទ័ព​នោះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ផ្លាស់​វេន​គ្នា​ជា​ប្រចាំ​រវាង​កងកម្លាំង​ថ្មី​របស់​តួកគី ដែល​ទៅ​ជំនួស​កង​កម្លាំង​ពិសេស ដែល​បាន​ហ្វឹកហ្វឺន​កងកម្លាំង​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ទី​នោះ។

មន្ត្រី​អាមេរិក​ក៏​បាន​បញ្ជាក់​អំពី​ការ​ដាក់ពង្រាយ​ទ័ព​នោះ​ដែរ កាល​ពី​យប់​ថ្ងៃ​សុក្រ ដោយ​និយាយ​ថា កងវរសេនាតូច​មួយ​របស់​តួកគី​ពិត​បាន​ឈរជើង​នៅ​តាម​ព្រំដែន​ ខាង​ភាគី​អ៊ីរ៉ាក់​មែន។ អាមេរិក​និយាយ​ថា ការ​ដាក់ពង្រាយ​ទ័ព​នោះ​មិន​មែនជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​របស់​ក្រុម​ចម្រុះ ដើម្បី​ប្រឆាំង​នឹង​ក្រុម​ភេរវករ​រដ្ឋ​ឥស្លាម​នោះទេ ប៉ុន្តែ វា​ជាផ្នែក​មួយ​នៃ​ការ​ព្រមព្រៀង​រវាង​តួកគី​ និង​អ៊ីរ៉ាក់​ទៅវិញ​ទេ។

មន្ត្រី​តួកគី​និយាយ​ថា ពួកគេ​បាន​ផ្តល់​ដំណឹង​ជាមុន​អំពី​ការ​ដាក់​ពង្រាយ​ទ័ព​នេះ​ដល់​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ដទៃទៀត​នៅក្នុង​ក្រុមចម្រុះ​នោះ៕