កងជីវពលដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់បានដកចេញពីបរិវេណស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងរដ្ឋធានីបាកដាដ ហើយស្ថានភាពនៅឯស្ថានទូតសហរដ្ឋអាមេរិកក្នុងរដ្ឋធានីនៃប្រទេសអ៊ីរ៉ាក់មានភាពស្ងប់ស្ងាត់ឡើងនៅថ្ងៃព្រហស្បត៍នេះ បន្ទាប់ពីក្រុមកងកម្លាំងដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់បានចាកចេញពីតំបន់នេះ។
ការដកនេះបានបញ្ចប់ភាពមិនចាញ់មិនឈ្នះអស់រយៈពេលជិត២ថ្ងៃ ដែលបានចាប់ផ្តើមដោយកងជីវពលនិងពួកអ្នកគាំទ្ររបស់ពួកគេបានវាយប្រហារបរិវេណស្ថានទូត បំផ្លាញតំបន់ទីកន្លែងទទួលភ្ញៀវ ដុតបញ្ឆេះជាច្រើនកន្លែង ហើយគូសវាសនៅពេលដែលពួកគេតវ៉ាប្រឆាំងនឹងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកទៅលើក្រុមកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់។
ការវាយប្រហារទាំងនេះដែលបានកើតមានឡើងនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរីប្រឆាំងនឹងក្រុម Kataeb Hezbollah ដើម្បីឆ្លើយតបទៅនឹងការសម្លាប់អ្នកធ្វើការជាប់កិច្ចសន្យាជាតិអាមេរិកាំងម្នាក់នៅក្នុងការវាយប្រហារដោយគ្រាប់រ៉ូកែត។
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានចោទប្រកាន់មេដឹកនាំក្រុម Kataeb Hezbollah និងមេដឹកនាំផ្សេងៗទៀត ដែលលោករដ្ឋមន្រ្តីការបរ ទេសបានហៅថា «ជាពួកភេរវជន» ដែលបានរៀបចំការវាយប្រហារស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងទីក្រុងបាកដាដ។
កិច្ចប្រតិបត្តិការរបស់ស្ថានកុងស៊ុលបានត្រូវផ្អាកហើយក្រសួងការបរទេសសហរដ្ឋអាមេរិកបានព្រមានពលរដ្ឋអាមេរិកឲ្យស្ថិតនៅឲ្យឆ្ងាយពីទីកន្លែងនោះ។
លោក Brian Hook តំណាងពិសេសសហរដ្ឋអាមេរិកសម្រាប់ប្រទេសអ៊ីរ៉ង់បានប្រាប់បណ្តាញទូរទស្សន៍ខ្សែកាប CNN កាលពីថ្ងៃពុធថា «អ្នកការទូតរបស់យើងមានសុវត្ថិភាពហើយស្ថានទូតរបស់យើងក៏មានសុវត្ថិភាពដែរ»។
ទោះជាយ៉ាងណាក៏ដោយ មន្ទីរបញ្ចកោណកំពុងបញ្ជូនកងទ័ពបន្ថែម ៧៥០ នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ានៅក្នុងអ្វីដែលរដ្ឋមន្រ្តីការពារប្រទេសសហរដ្ឋអាមេរិកលោក Mark Esper ហៅថា «ជាចំណាត់ការសមស្របនិងការប្រុងប្រយ័ត្ន»។
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Pompeo បានពន្យារពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេស៥នៅតំបន់អឺរ៉ុបនិងអាស៊ីកណ្តាល ដែលត្រូវចាប់ផ្តើមនៅថ្ងៃសុក្រនៅក្នុងប្រទេសអ៊ុយក្រែន៕