ប្រទេសអ៊ីរ៉ង់និងមហាអំណាចពិភពលោកទាំង៦បានព្រមព្រៀងគ្នាលើក្របខណ្ឌដ៏សំខាន់មួយនៃកិច្ចព្រមព្រៀងបឋមដែលមានគោលបំណងទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរបស់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ (Tehran) បន្ទាប់ពីការចរចាអស់រយៈពេល៨ថ្ងៃនៅក្នុងទីក្រុង Lausanneនៃប្រទេសស្វ៊ីស។
នៅសន្និសីទកាសែតមួយកាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Federica Mogherina ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបបានមានប្រសាសន៍ថា ការសម្រេចដ៏សំខាន់នេះនឹងបើកផ្លូវឲ្យមានកិច្ចព្រមព្រៀងចុងក្រោយមួយនៅថ្ងៃទី៣០ ខែកក្កដាដែលជាថ្ងៃកំណត់ចុងក្រោយ។
លោកស្រី Mogherina បានមានប្រសាសន៍ទៀតថា កិច្ចព្រមព្រៀងបានកម្រិតសកម្មភាពនុយក្លេអ៊ែរបស់អ៊ីរ៉ង់ ដូច្នេះទីកន្លែងនុយក្លេអ៊ែ Natanz របស់អ៊ីរ៉ង់នឹងក្លាយជារោងចក្រសម្រិតសម្រាំងតែមួយគត់នៅក្នុងប្រទេស។ លោកស្រីមានប្រសាសន៍ទៀតថា កិច្ចព្រមព្រៀងនេះក៏ទាមទារឲ្យសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកបញ្ចប់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទាំងអស់លើប្រទេសអ៊ីរ៉ង់នៅពេលដែលមានការផ្ទៀងផ្ទាត់រួច។
លោក Mohammad Javad Zarifរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់បានធ្វើសុន្ទរកថាដូចគ្នាបន្ទាប់មកនៅក្នុងទីក្រុង Farsi ហើយប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani បាននិយាយនៅក្នុងបណ្តាញ Twitter ថា ក្របខណ្ឌដ៏សំខាន់នៃកិច្ចព្រមព្រៀងនោះត្រូវបានធ្វើឡើង។
នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនវិញ ប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានមានប្រសាសន៍ថា ប្រសិនបើកិច្ចព្រមព្រៀងនោះត្រូវបានអនុវត្តឲ្យបានពេញលេញ វានឹងរារាំងគ្រប់បែបយ៉ាងដែលមិនអាចឲ្យអ៊ីរ៉ង់ស្ថាបនាអាវុធនុយក្លេអ៊ែបាន៕